en     km
en     km

ជនសង្ស័យចូលខ្លួនសារភាព ខណៈរកឃើញសពជនរងគ្រោះករណីឆក់ខ្សែភ្លើងបង្កប់ជាប់រ៉ឺម៉ក

Share

ក្រោមការអន្តរាគមន៍និងបើកសំណុំរឿងស៊ើបអង្កេតពីសំណាក់កម្លាំងមន្រ្តីជំនាញ ពេលនេះសពក្មេងប្រុសអាយុ១៤ឆ្នាំទាក់ទិនករណីឆក់ខ្សែភ្លើងដែលត្រូវបានរាយបង្កប់ជាប់រ៉ឺម៉កត្រូវបានរកឃើញហើយ ដោយជនសង្ស័យបានយកសាកសពជនរងគ្រោះទៅផ្លុងចោលនៅផ្លូវជាតិលេខ៥ ឃុំអន្លង់វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោកមេប៉ុស្តិ៍សំរោងក្រោម បន្ថែមថាជនសង្ស័យបានចូលខ្លួនសារភាពពីទោសកំហុសនៅប៉ុស្តិ៍ខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយកងកម្លាំងនគរបាលកំពុងខ្នះខ្នែងវែកមុខអត្តសញ្ញាណរបស់ជនសង្ស័យ។ ជនសង្ស័យមានឈ្មោះហៅក្រៅ តាយក្ស ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅក្នុងភូមិជាមួយនឹងជនរងគ្រោះស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះភេទប្រុសអាយុ១៤ឆ្នាំ មានឈ្មោះថា សន សុវណ្ណា។

រូបភាពជនសង្ស័យមកធ្វើត្រាប់ជាមួយកងកម្លាំងនគរបាល

 

តាមសម្តីជនសង្ស័យបានឱ្យដឹងថា ការដែលខ្លួនបន្លាយខ្សែភ្លើងដាក់លើរ៉ឺម៉កនេះគឺក្នុងគោលបំណងបង្ការមិនឱ្យសត្វកណ្តុរឡើងមកស៊ីបន្លែនៅលើរ៉ឺម៉កប៉ុណ្ណោះ ដ្បិតសព្វថ្ងៃជនសង្ស័យប្រកបរបរជាអ្នកលក់បន្លែដែលពេលខ្លះមានបន្លែនៅសល់នៅលើរ៉ឺម៉កដែលអាចយកទុកលក់បន្តបាននៅថ្ងៃបន្ទាប់។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យអះអាងថា ការធ្វើបែបនេះគឺគ្មានបំណងសម្លាប់មនុស្សនោះទេ។ ជនសង្ស័យបញ្ជាក់ពីមូលហេតុដែលខ្លួនយកសាកសពជនរងគ្រោះទៅផ្លុងចោលថា នៅគ្រានោះ ខ្លួនមានការភ័យខ្លាចនិងមិនដឹងដោះស្រាយបែបណា ទើបគេចខ្លួនពីកន្លែងស្នាក់នៅជាមួយក្រុមគ្រួសារ និងយកសពជនរងគ្រោះទៅជាមួយ។

ជុំវិញករណីនេះ អ្នកស្រី នុត សាមាន ត្រូវជាម្តាយជនរងគ្រោះ ធ្លាប់បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា ក្រុមគ្រួសាររបស់អ្នកស្រីនិងជនសង្ស័យពុំដែលមានទំនាស់នឹងគ្នាពីមុនមកនោះទេ ពោលគឺរាប់អានគ្នាជាធម្មតា។អ្នកស្រីបញ្ជាក់ដែរថា ទោះគ្រួសារអ្នកស្រីមិនមានជីវភាពខ្វះខាតមិនធូរធារដូចគេ តែសពរបស់កូនក៏ត្រូវតែយកមកធ្វើបុណ្យតាមប្រពៃណី។

រូបភាពម្តាយជនរងគ្រោះអំពាវនាវឱ្យកងកម្លាំងនគរបាលស្វែងរកកូនខ្លួនកាលពីថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០២៤។ រូបភាព៖ TVFB

 

សូមរំលឹកថា ហេតុការណ៍នេះកើតឡើងនៅអធ្រាត្រយប់ម៉ោង១២ឆ្លងចូលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមម្តាយជនរងគ្រោះបានប្រាប់មកកាន់វិទ្យុស្រ្តី។ អ្នកស្រី នុត សាមាន អះអាងថា អ្នកស្រី និងអ្នកភូមិឯទៀតមិនបានដឹងថារ៉ឺម៉ករបស់ជនបង្កមានដាក់ខ្សែភ្លើងដើម្បីការពារចោរលួចនៅពេលយប់ព្រលប់នោះឡើយ។ យ៉ាងណា ករណីនេះកំពុងស្ថិតក្រោមការអន្តរាគមន៍បន្តទៅទៀត ខណៈមេប៉ុស្តិ៍ខណ្ឌពោធិ៍សែនជ័យបញ្ជាក់ថាកងកម្លាំងនគរបាលកំពុងរៀបចំកសាងនិតិវិធីតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង