ប៉េកាំង ៖ មន្ត្រីចិនពីររូបដែលជាជំនិតរបស់ប្រធានាធិបតីចិនបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ប្រទេសចិន គឺចិនកំពុងពិចារណាអនុញ្ញាតឲ្យប្រជានេសាទហ្វីលីពីន ធ្វើការនេសាទត្រីនៅក្នុងតំបន់ជម្លោះនៃដែនសមុទ្រចិនខាងត្បូងបាន។

កាលពីថ្ងៃព្រហស្បត្តិ៍កន្លង មន្ត្រីហ្វីលីពីនបានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte គ្រោងនឹងបង្កើនស្ថានភាពថ្មីដែលល្អប្រសើរសម្រាប់អ្នកនេសាទហ្វីលីពីន នៅពេលដែលលោកបានជួបជាមួយសមភាគីចិនរបស់លោកគឺលោក ស៊ី ជីនពីង។
លទ្ធផលដែលជិតសម្រេច កើតឡើងបន្ទាប់ពីគម្រោងជួបគ្នាដំបូងរវាង លោក ឌូធើតេ ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង ជិតនឹងមកដល់ដោយបុរសខ្លាំងហ្វីលីពីនរូបនេះ បានអះអាងថា លោកនឹងលើកឡើងពីទុក្ខលំបាកជាច្រើនរបស់អ្នកនេសាទហ្វីលីពីន ដែលរកផលនេសាទពីសមុទ្របានកាន់តែតិចទៅៗ ខណៈដែននេសាទរបស់ខ្លួនត្រូវបានគេកំណត់។
ខណៈស្នាក់នៅក្នុងសណ្ឋាគារមួយនៅទីក្រុងប៉េកាំង លោក Duterte បានប្រាប់អ្នកកាសែតថា លោករំពឹងថា ៖ «លោកនឹងសម្រេចបាននូវសុភ មង្គលដ៏សម្បូរបែបសម្រាប់ប្រទេសហ្វីលីពីន» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។

នៅពេលអ្នកសារព័ត៌មានសួរអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង លោក Duterte បាននិយាយថា៖«គ្មានរបៀបវារៈលើបញ្ហាសមុទ្រចិនខាងត្បូងក្នុងជំនួបនេះទេ តែលោកថា មនុស្សម្នាអាចចូលទៅកោះនោះដើរកំសាន្តបាន ពោលគឺគ្មានការហាមឃាតនោះទេ»។
មួយរយៈចុងក្រោយនេះ លោកប្រធានាធិបតីថ្មីហ្វីលីពីនបានបញ្ចេញសម្តីប្រមាថលើថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិកគឺប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដោយលោក Duterte បានប្រមាថលោក អូបាម៉ា ថា ជាកូនស្រីពេយ្យា និងមួយលើកទៀតគឺលោកបានព្រលយសម្តីឱ្យលោក អូប៉ាម៉ា ទៅចុះនរក។ ជាងនេះទៅទៀតនោះលោក Duterte ក៏បានវាយប្រហារឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការសហប្រជា ជាតិ ថា ល្ងីល្ងើ ដែលបានរិះគន់យុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក។
លោក Duterte ក៏ធ្លាប់បោះសម្តីថា លោកចង់ងាកទៅរកចិនជាខ្នងបង្អែកវិញ ព្រោះចិនអាចបំពេញមហិច្ឆតារបស់ ពោលគឺសម្រេចឱ្យបានជោគ ជ័យនូវយុទ្ធនាការបោសសំអាចគ្រឿងញៀន។

ជំហរបស់ហ្វីលីពីនក្រោមការដឹកនាំរបស់លោក Duterte នាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញ ទំនងអាចជាក្បួនយុទ្ធសាស្ត្ររបស់ចិនក្នុងការបំបែកអាស៊ានឱ្យបែកខ្ញែកគ្នា ព្រោះប្រសិនបើចិនអាចទិញមេដឹកនាំហ្វីលីពីនបាន ពេលនោះចិន និងហ្វីលីពីន នឹងចែកផលប្រយោជន៍គ្នានៅប្រជុំកោះជម្លោះសមុទ្រចិនខាងត្បូង ដែលរួមមានធនធានរ៉ែប្រេងកាត់ ត្រីសមុទ្រ ពិសេលគឺចំណូលបានពីច្រកពាណិជ្ជកម្មអន្តរជាតិនៅទីនោះ។
នៅពេលដែលហ្វីលីពីន និងចិន ចែកផលប្រយោជន៍មែននោះ ច្បាស់ណាស់សមាជិកអាស៊ាន នឹងច្រណែនគ្នា ឈ្លោះប្រកែកគ្នាជាក់ជាមិនខាន ដែលអនុញ្ញាតឱ្យទីក្រុងប៉េកាំងអាចដណ្តើមយកសមាជិកអាស៊ានមួយចំនួនមកធ្វើកូនអុករបស់ខ្លួន ដូចកាលសម័យសង្គ្រាមត្រជាក់។
ប្រទេសចិនកាលពីឆ្នាំ២០១២ បានក្រសោបយកតំបន់ ថ្មប៉ប្រះទឹកមកគ្រប់គ្រងដោយចិនដាក់ឈ្មោះថាប្រជុំកោះ Huangyan ហើយដែលហ្វីលីពីនឲ្យឈ្មោះថា Panatag នៅក្នុងដែនសមុទ្រចិនខាងត្បូង។ ចាប់ពីពេលនោះមក អាជ្ញាធរចិនមិនអនុញ្ញាតឲ្យប្រជានេសាទហ្វីលីពីនណាមួយចូលទៅនេសាទនៅតំបន់ហាមឃាត់នោះឡើយ។

ការក្រសោបយកតំបន់ថ្មប៉ប្រះទឹកមកគ្រប់គ្រងដោយចិន ត្រូវបានហ្វីលីពីនប្តឹងទៅកាន់តុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ដែលកាលណ្ណោះគឺក្រោមការដឹកនាំរបស់លោក បេននីណូ អាគីណូ ជាប្រធានាធិបតី។ តុលាការក្រុងឡាអេ កាលពីខែកក្កដា បានច្រានចោលការទាមទារដែនទឹករបស់ចិននៅលើសមុទ្រចិនខាងត្បូង ហើយក៏ច្រានចោលការទាមទារតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅជុំវិញប្រជុំកោះ ស្ពាបលី(Spratly) ដែលមានទំហប្រហែល ៣២០ គីឡូម៉ែត្រ។
យ៉ាងណាមិញ ចិនបានប្រកាសបដិសេធសេចក្តីសម្រេចនេះទុកជាមោឃៈ ប៉ុន្តែចិនព្យាយាមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រទេសដែលមានជម្លោះដែនទឹកនេះ ដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធី៕ប្រភព៖CNA