ក្រុងប៉េកាំង៖ ក្រសួងការពារជាតិចិនបានឱ្យដឹងថា ប្រទេសចិន និងរុស្ស៊ី កំពុងចាប់ផ្តើមល្បែងសង្គ្រាមនៅសមុទ្រចិនខាងត្បូងនៅថ្ងៃចន្ទទី ១២ កញ្ញា នេះ ដែលជាការបង្ហាញកម្លាំងសាច់ដុំមួយ បន្ទាប់ពីតុលា ការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ បានបដិសេធការទាមទាររបស់ចិនដែលចង់ក្តោបយកដែនទឹកជំលោះក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក លៀង យ៉ាង(Liang Yang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធារួមគ្នារវាងចិន និងរុស្ស៊ី នេះ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីថ្ងៃ ដែលនឹងផ្តោតលើ "ការវាយឆ្មក់ និងការត្រួតពិនិត្យ" លើដែនកោះនិងតំបន់ថ្មប៉ប្រះទឹក។
អ្នកនាំពាក្យកងទ័ពជើងទឹករូបនេះបន្តថា ប្រទេសទាំងពីរនឹងអនុវត្តសមយុទ្ធយោធានេះ ដោយរួមបញ្ចូលសពា្វវុធទំនើបៗដូចជា នាវាចម្បាំងលើផ្ទៃទឹក នាវាមុជទឹក យន្តហោះប្រដេញ ឧទ្ធម្ភាគចក្រ និងរថពាសដែក ព្រមទាំងកងទ័ពម៉ារីនផងដែរជាដើម។
កន្លងមកប្រទេសចិន ធ្លាប់បានអះអាងថា ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងគឺជារបស់ខ្លួន និងធ្លាប់ស្វែងរកការគាំទ្រដល់ខ្លួនក្នុងការសាង សង់កោះសិប្បនិម្មិត ដែលមានសមត្ថភាពគាំទ្រដល់គ្រឿងបរិក្ខារយោធារបស់ចិន។
ប៉ុន្តែ តុលាការអន្តរជាតិដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ បានសម្រេចនៅខែកក្កដាថា ការទាមទារផ្នែកទាំងអស់នៅសមុទ្រចិនខាងត្បូងរបស់ចិន គឺមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ ហើយថា ការសាងសង់កោះសិប្បនិម្មិតនៅក្នុងដែនទឹកជម្លោះរបស់ប្រទេសចិនគឺខុសច្បាប់។
ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មតប តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក លូ កាំង (Lu Kang) ដោយបានគំរាមកំហែងថា៖«ប្រសិនបើនរណាម្នាក់ហ៊ានយកដែនទឹកសមុទ្រចិនខាងត្បូងនេះ នោះគឺប្រៀបដូចជាបានបញ្ចេញសកម្មភាពបង្កហេតុប្រឆាំងនឹងប្រយោជន៍ និងសន្តិសុខរបស់ប្រទេសចិនអញ្ចឹងដែល»។

ការរុករានលើដែនដីជំលោះពីសំណាក់ក្រុងប៉េកាំង បានជំរុញឱ្យមានការរិះគន់ពីបណ្តាប្រទេសផ្សេងក្នុងតំបន់ និងសហរដ្ឋអាមេរិកផងដែរ។ហើយក្រុងវ៉ាស៊ីនតោន ក៏បានទាមទារសិទ្ធិបញ្ជូននាវាចម្បាំងជាទៀងទាត់ ចូលទៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗដើម្បីការពារសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ដោយមិនឱ្យប្រទេសណាមួយ មកក្រាញ់យកច្រកសមុទ្រដ៏សំខាន់នោះតែម្នាក់ឯងនោះទេ ពិសេសគឺចិនតែម្តង។
សមយុទ្ធយោធាក្នុងសប្តាហ៍នេះ នឹងត្រូវបានអនុវត្តនៅឆ្នេរសមុទ្រនៃទីក្រុង Zhanjiang។
ទីតាំងធ្វើសមយុទ្ធជាក់លាក់របស់ប្រទេសទាំងពីរ គឺមិនត្រូវបានប្រកាសនោះទេ ប៉ុន្តែពួកគេមិនបង្ហាញវត្តមាននៅក្នុងផ្នែកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះទេ។
អ្នកនាំពាក្យកងទ័ពជើងទឹកលោក លៀង (Liang) និយាយថា គោលបំណងសមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពនៃកងទ័ពជើងទឹករបស់ចិន និងរុស្ស៊ី ក្នុងការដោះស្រាយបញ្ហារួមគ្នាពីការគំរាមកំហែងសន្តិសុខលើផ្ទៃសមុទ្រ ។

ប្រទេសចិន និងរុស្ស៊ី មានទំនាក់ទំនងការទូត និងយោធាយ៉ាងជិតស្និទ្ធ ពោលគឺមេដឹកនាំលោក ស៊ី ជីងពីន(Xi Jinping) និងលោក វ្ល៉ាឌីមៀរ ពូទីន មានចំណងមិត្ដភាពយ៉ាងល្អប្រសើរជាមួយគ្នា។ ជាញឹកញាប់ប្រទេសទាំងពីរតែងតែប្រឆាំងទៅនឹងប្រទេសលោកខាងលិច ពិសេសគឺសហរដ្ឋ អាមេរិក។
កាលពីខែសីហា ប្រទេសមហាអំណាចទាំងពីរ បានប្រារព្ធធ្វើសមយុទ្ធយោធាលើដែនអាកាស និងផ្ទៃសមុទ្រភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីភិច ក្បែរទីក្រុង វ្ល៉ាឌីកវ៉ូស្ទុក (Vladivostok) ប្រទេសរុស្ស៊ី ។ ក្នុងសកម្មភាពសមយុទ្ធនោះ មានការចូលរួមពីនាវាចម្បាំង ២២ គ្រឿង យន្តហោះចម្បាំងជាង ២០ គ្រឿង និងក្រុមទាហានម៉ារីនជាង ៥០០នាក់ផងដែរ។
ហើយកាលពីខែឧសភាឆ្នាំមុន ប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធរួមគ្នាលើនាវាជាលើកដំបូងផងដែរ នៅភាគខាងលិចអ៊ឺរ៉ុប គឺនៅសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ៕ប្រភព៖CNA