
ក្រុមគ្រួសារស្ដ្រីដែលជាកម្មករអូសរទេះ ដែលត្រូវជាប់បណ្ដឹងពីមន្ត្រីគយកន្លងមក កំពុងស្ថិតក្នុងស្ថានភាពជីវភាពលំបាកខ្លាំង ក្រោយរបរអូសរទេះទំនិញត្រូវមន្ត្រីគយហាមឃាត។ ប្រឈមបញ្ហាជីវភាពជារឿងមួយទៅហើយ តែក្រុមគ្រួសារស្ដ្រីជាកម្មករអូសរទេះថែមទាំងត្រូវរងបន្ទុកស្ថិតក្រោមការឃ្លាំមើលពីតុលាការបន្ថែមទៀតដែលប្រការមិនអាចឱ្យពួកគេផ្លាស់ទីលំនៅដើម្បីស្វែងរកមុខរបរថ្មីបាន។ កញ្ញា សុនី ជូនសេចក្តីរាយការណ៍
ក្នុងបន្ទប់ជួលដ៏តូចចង្អៀតក្រោមដំបូលប្រក់ស័ង្ហសីមួយកន្លែង ទីនេះហើយជាកន្លែងស្នាក់នៅរបស់អ្នកស្រី តូយ ម៉េត ជាកម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានកូន ៧នាក់ និងចៅ ៤នាក់នៅក្នុងបន្ទប់ជួលមួយនេះ។ អ្នកស្រី តូយ ម៉េត រៀបរាប់ថា អ្នកស្រីត្រូវអាជ្ញាធរចោទប្រកាន់ថាជាមេបាតុកម្ម ដឹកនាំកម្មករឱ្យមានការតវ៉ាជាមួយមន្ត្រីគយដែលមិនអនុញ្ញាតឱ្យកម្មករអូសទំនិញនាំចូលពីប្រទេសថៃ។ ការតវ៉ាកន្លងមកនេះអ្នកស្រីថា មន្ត្រីគយបានចោទអ្នកស្រី និងកម្មករអូសរទេះផ្សេងទៀតជាអ្នកប្រើអំពើហិង្សាបង្ករបួសលើក្រុមអាជ្ញាធរ ហើយត្រូវសមត្ថកិច្ចចុះមកចាប់ក្រោមបណ្ដឹងរបស់មន្ត្រីគយ និងបានបញ្ជូនអ្នកស្រីទៅតុលាការសួរនាំអស់រយៈពេល ៣ថ្ងៃ។
អ្នកស្រីអះអាងថា អំឡុងពេលតវ៉ាប្រទូសរ៉ាយគ្នានោះ ក្រុមអាជ្ញាធរបានចាប់ទំនិញ និងប្រើហិង្សាមកលើកូនស្រីរបស់អ្នកស្រីដូច្នេះទើបឈានដល់ការទាញនិងរុញច្រានអាជ្ញាធរចេញ ដើម្បីការពារកូនតែប៉ុណ្ណោះ ដោយមិនមានបង្ករបួសស្នាមធ្ងន់ធ្ងរដល់អាជ្ញាធរឡើយ។ ប៉ុន្តែករណីនេះបែរជាមន្ត្រីគយប្ដឹងអ្នកស្រី និងត្រូវជាប់បម្រាមឱ្យស្ថិតក្រោមការឃ្លាំមើលពីតុលាការ ពិសេសមិនអនុញ្ញាតឱ្យអ្នកស្រីផ្លាស់ប្ដូរទីលំនៅឡើយ។ ប្រឈមមុខក្នុងស្ថានភាពលំបាកនេះ អ្នកស្រីថាសព្វថ្ងៃនេះ ស្ថានភាពគ្រួសាររបស់អ្នកស្រី អាស្រ័យលើមុខរបរអូសរទេះនេះ ដើម្បីផ្គត់ផ្គង់អាហារហូបចុកប្រចាំថ្ងៃ ថ្លៃបន្ទប់ជួល ថ្លៃទឹក-ភ្លើងជាដើម។

អ្នកស្រី តូយ ម៉េត ៖ «ចង់ធ្វើមុខរបរផ្សេងដល់តែយើងមានដើម យើងអត់ដើមចង់ទៅលក់ដូរអីក៏ត្រូវការដើមដែរអូន យើងអត់ដើម។ ហើយទៅនៅស្រែអត់មានស្រែធ្វើ យើងបានអី»។
ក្រុមគ្រួសាររបស់ស្ដ្រីកម្មករអូសរទេះរូបនេះ ប្រកបតែមុខរបរអូសរទេះ គឺមិនទាន់មានមុខរបរណាមួយដែលច្បាស់លាស់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះទេ ស្របពេលអ្នកស្រី តូយ ម៉េត ក៏ស្ថិតក្រោមការឃ្លាំមើលពីតុលាការ និងមិនអាចផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅកន្លែងណាផ្សេងឡើយ ហើយប្រសិនជាល្មើសបម្រាមទាំងនោះ អ្នកស្រីនឹងត្រូវជាប់ឃុំខ្លួនជាថ្មី។
អ្នកស្រី តូយ ម៉េត ៖ «ពីមុននៅអូសរទេះបានហូបគ្រប់តែបើថាឱ្យខ្ញុំសល់អីអត់មានអីសល់ទេ អត់រលីងម៉ង មួយថ្ងៃរួចបង់មួយថ្ងៃ ដល់ពេលក្រោយអូសរទេះនេះ ចប់ហើយណាដែលជំពាក់លុយគេ គេទាររាល់ថ្ងៃផងមានលុយឯណា គេជេរគេស្ដីគេថា អាយើងជំពាក់ហ្នឹង កាលគេចាប់អ៊ីវ៉ាន់យូរហើយចាប់អ៊ីវ៉ាន់យកទៅបង់គេ យើងអត់បង់អត់បានអូសដល់តែយើងទៅចងការគេយកទៅបង់លួសអ៊ីវ៉ាន់ឱ្យគេ ហើយវាកើតទៅជាជំពាក់គេតមកដល់ឥលូវហ្នឹង។ មានអីអត់ ឥលូវដាច់ហើយរកតែមួយបាតគ្មាននៅក្នុងហោប៉ៅផង»។
ក្រោយពីមន្ត្រីគយ មិនអនុញ្ញាតឱ្យគ្រួសារអ្នកស្រីអូសទំនិញនាំចូលមកពីប្រទេសថៃអស់រយៈពេលជិតមួយខែនេះ គឺគ្រួសារអ្នកស្រីបានទៅរកការងារផ្សេងធ្វើដើម្បីបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក្នុងនោះស្វាមី និងកូនប្រុសរបស់អ្នកស្រី បានទៅអូសអ៊ីវ៉ាន់នៅក្នុងប្រទេសថៃ។ ចំណែកឯកូនស្រីរបស់អ្នកស្រី បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុនល្បែងអនឡាញ ប៉ុន្តែក្រុមហ៊ុន បានទាមទារលុយជាថ្នូរនឹងការជាប់ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុននោះ។
អ្នកស្រី តូយ ម៉េត ៖ «ស្នើសុំទៅថ្នាក់លើ បើនេះទេអាណិតដល់ខ្ញុំកូនច្រើន ចៅច្រើន តូចៗផង ឱ្យខ្ញុំរកបានដូចមុនវិញខ្លះ ជីវភាពគ្រួសារខ្ញុំអត់ ខ្វះខាតណាស់»។
ងាកមកកូនស្រីរបស់អ្នកស្រី តូយ ម៉េត ឯណ្ណោះវិញ គឺកញ្ញា អេន រដ្ឋា និយាយថា នៅពេលកើតរឿងតវ៉ានោះក្រុមអាជ្ញាធរបានមកព័ន្ធចាប់យកប្រហិតពីរថង់ដែលមានទម្ងន់ស្មើនឹង ២គីឡូ ពីកញ្ញាដែលបានអូសចេញពីប្រទេសថៃ ហើយនៅពេលកញ្ញាមិនព្រមឱ្យទំនិញទាំងនោះ ក្រុមអាជ្ញាធរក៏បាននាំគ្នាប្រើដៃជើងមកលើរូបរាងកញ្ញា ដោយមិនបានមកនិយាយសម្របសម្រួលគ្នានោះទេ។
កញ្ញា អេន រដ្ឋា ៖ «គាត់ដណ្ដើមទៅក៏ដណ្ដើមទៅវិញទៅមកអញ្ចឹងដល់ពេលហើយក្រុមគេមកច្រើនអីអញ្ចឹងមកចាប់យើង វ៉ៃខ្ញុំគ្នាវាច្រើនដែរ វ៉ៃខ្ញុំពីរនាក់បងថ្លៃខ្ញុំហ្នឹងនៅក្រោមឡាន។ វ៉ៃជ្រុងជ្រំនៅលើថ្នល់ហ្នឹង គ្មានឱ្យឃើញស្លាកស្នាមឯណា»។
ចាប់តាំងពីអាជ្ញាធរ បានប្រើអំពើហិង្សាបែបនេះមកលើកញ្ញាមក គឺកញ្ញាមិនដែលទៅសុំអាជ្ញាធរអូសអ៊ីវ៉ាន់ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៀតឡើយ ពីព្រោះកញ្ញាភ័យខ្លាចរូបភាពដែលមានកម្លាំងមនុស្សប្រុសជាច្រើនបានមកប្រើដៃ ប្រើជើងមកលើខ្លួនដែលជាមនុស្សស្រី។ ប៉ុន្តែទោះបីជាយ៉ាងមុខរបរអូសរទេះនេះ គឺគ្រួសារកញ្ញា រស់នៅពឹងលើមុខរបរមួយនេះ ហើយប្រសិនជាមិនមានមុខរបរមួយនេះទេ ជីវភាពក្នុងគ្រួសាររបស់កញ្ញាមានការលំបាកណាស់។
កញ្ញា អេន រដ្ឋា ៖ «ចង់ឱ្យបន្ធូរអីឱ្យម៉ាក់ខ្ញុំគាត់ញ៉ឹងបានពីរបីថង់មួយរយពីររយគ្រាន់ឱ្យប្អូនទៅរៀន ទិញអង្ករទិញអីហូប ឱ្យតែញ៉ឹងបន្ធូរបន្ថយកុំឱ្យចាប់ឱ្យតែបានមួយថង់ពីរថង់គ្រាន់បានមួយរយពីររយអញ្ចឹង»។

ទោះបីយ៉ាងណា អ្នកស្រី តូយ ម៉េត ថា ករណីកូនរបស់ខ្លួន ត្រូវបានកម្លាំងអាជ្ញាធរប្រើអំពើហិង្សានេះ គឺអ្នកស្រីពិតជាចង់ដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកយុត្តិធម៌ជូនកូនរបស់ខ្លួនណាស់ ប៉ុន្តែដោយសារស្ថានភាពគ្រួសារអត់ ហើយថែមទាំងមិនចេះអក្សរទៀត ដូច្នេះអ្នកស្រីមិនដឹងទៅស្វែងរកភាពយុត្តិធម៌តាមច្រកណានោះទេ។
អ្នកស្រី តូយ ម៉េត ៖ «ខ្ញុំគិតថាខ្ញុំពិបាកហើយអត់មានយុត្តិធម៌ យើងចង់ប្ដឹងចង់ផ្ដល់មិនដឹងថាទៅប្ដឹងខាងណាអញ្ចឹងណា បានខ្ញុំរកកន្លែងមិនឃើញបានតាមដំណើរមកដល់រាល់ថ្ងៃ គឺរកធ្វើអីវាមិនអត់កើត នឹកឃើញយើងជាកម្មករ វាអត់។ ហើយគេគេមានលុយ ដល់តែយើងរកកន្លែងប្ដឹងដែរ តែប្ដឹងមិនកើត មិនដឹងតែប្ដឹងច្រកណាឱ្យមានយុត្តិធម៌សម្រាប់កូនខ្ញុំ អត់មានអត់នឹកឃើញថាទៅខាងណា»។
អ្នកស្រី តូយ ម៉េត និងស្ដ្រីដែលជាកម្មករអូសរទេះចំនួន ២នាក់ទៀត ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ចាប់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាជាមួយសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយរារាំងមន្ត្រីគយ ចុះមកត្រួតពិនិត្យ និងចាប់ទំនិញគេចពន្ធនៅតាមច្រកព្រំដែន ដែលកម្មករអូសរទេះ បានដឹកជញ្ជូនទំនិញឱ្យឈ្មួញ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងមកនេះ៕