en     km
en     km

គុណតម្លៃ៥ចំណុច នៃការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យា

Share

រូបភាព៖លោកបណ្ឌិតយង់ពៅ

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត​ យង់ ពៅ ​បានលើកឡើងអំពីគុណតម្លៃ៥ចំណុច នៃការសិក្សាស្រាវជ្រាវ បុរាណវត្ថុវិទ្យា គឺទី១ ជួយបំពេញចន្លោះប្រហោងប្រវត្តិសាស្រ្ត ទី២ ជួយកសាងសា្មរតីជាតិ ទី៣ សម្រាប់អប់រំវិទ្យាសាស្រ្ត ទី៤ តម្លៃនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ និងទី៥ការកាសាងមោទនភាពជាតិតាមរយៈបុរាណវត្ថុវិទ្យា ។ ដើម្បីរក្សានូវ គុណតម្លៃទាំងនេះ៥ ឱ្យបានគង់វង្ស លោកបណ្ឌិត យង់ ពៅ ថា ទាមទារ ឱ្យមានការឈ្វេងយល់ទាំងអស់គ្នានិងបង្កើនការសិក្សាស្រាវជា្រវឱ្យច្បាស់លាស់ថែមទៀតជាពិសេស ពីសំណាក់យុវជន ដើម្បីជាមោទនភាពជាតិពិតប្រាកដ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍

«ខ្ញុំយល់ថា​ល្អដោយសារគាត់បង្ហាញអំពីប្រវត្តិសាស្រ្តជាច្រើនដែលប្អូនៗជំនាន់ក្រោយខ្លះអត់ស្គាល់ទេដូចជា ខ្ញុំអត់យល់ដឹងច្រើនទេ ពេលមកចូលរួមសិក្ខាសាលានៅកន្លែងនេះ មានការយល់ដឹងច្រើន និងស្គាល់ពីវត្ថុបុរាណនានាជាច្រើន។ ខ្ញុំយល់ថាកម្មវិធីហ្នឹងល្អមួយវិញទៀតខ្ញុំទទួលបានចំណេះដឹងថ្មីស្តីពីប្រវត្តិសាស្រ្ត ច្រើនសម្រាប់ថ្ងៃហ្នឹង។ សម្រាប់ខ្ញុំៗគិតតថាវាមានតម្លៃណាស់ពីព្រោះវាជារបស់ខ្មែរយើងតាំងពីយូរដែលបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយគាត់យកមកមើល មកសិក្សាពីព្រោះវាជារបស់តំណាងឱ្យប្រទេសជាតិយើង។ចូលរួមនេះដើម្បីទទួលបានចំណេះដឹងក្នុងនាមខ្ញុំជាអ្នកសិក្សាមួយរូប ខ្ញុំចូលចិត្តស្តាប់ ការធ្វើបទបង្ហាញ ឬក៏សិក្សាស្រាវជា្រវផ្សេងៗនូវអ្វីដែលគេរកឃើញថ្មី និងអ្វីដែលយើងមិនធ្លាប់ជួប អ៊ីចឹងការចូលរួមថ្ងៃនេះពិតជាមានសារៈប្រយោជន៍ សម្រាប់ខ្ញុំ ហើយខ្ញុំទទួលបានចំណេះដឹង មួយផ្នែកទៀតដែលយើងមិនធ្លាប់ដឹង។»

នេះជាការលើកឡើងរបស់និស្សិតមួយចំនួនដែលបានមកចូលរួមក្នុងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា របកគំហើញនៅក្រៅរាជធានីអង្គរ ដូចជានៅរាជធានីលង្វែក ឧត្តុង្គ ស្រីសន្ធរ ចតុមុខ ដែលជាអតីតរាជធានីនាសម័យក្រោយអង្គរ ដែលជាការរួមចំណែកក្នុងយុទ្ធនាការអភិរក្ស ស្ថានីយបុរាណក្នុងប្រទេសកម្ពុជា  ដែលរៀបចំដោយវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម និងអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា គុណតម្លៃនៃការស្រាវជ្រាវបុរាណវត្ថុវិទ្យា ពិសេសនៅប្រទេសកម្ពុជា ក៏បានជួយបំពេញចន្លោះ ភាពខ្វះខាតទិន្នន័យនៃប្រវត្តិសាស្ត្រ។ ជាក់ស្ដែង ប្រវត្តិសាស្ត្រសម័យក្រោយអង្គរ ចាប់ពីសតវត្សរ៍ទី១៧ រហូតមុនសម័យអាណានិគមបារាំង ប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាខ្វះឯកសារឹងមាំខាងវិទ្យាសាស្ត្រ។ កន្លងមក យើងមានឯកសារ ដូចជា មហាបុរសខ្មែរ ព្រះរាជពង្សាវតារខ្មែរ សាស្ត្រាស្លឹករឹត ដែលមិនគ្រប់គ្រាន់ក្នុងការសន្និដ្ឋានឱ្យបានគត់មត់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងសម័យនោះ។

ដូច្នេះហើយ ការស្រាវជ្រាវបុរាណវត្ថុវិទ្យាពិតជាមានសារប្រយោជន៍ខ្លាំង ដើម្បីស្វែងរកភស្ដុតាងនានា តាមរយៈវត្ថុបុរាណ ទេសភាពវប្បធម៌ អចលនបុរាណវត្ថុ មានដូចជាផ្លូវបុរាណ ប្រព័ន្ធធារាសាស្ត្រ សំណង់ ក្រុង ព្រមទាំងសំណង់បុរាណផ្សេងៗទៀត យកមកបកស្រាយអំពីព្រឹត្តិការណ៍ក្នុងសម័យដែលបុព្វបុរសខ្មែរកសាងភស្ដុតាងខាងលើ។

លោកបណ្ឌិត​យង់ ពៅ៖« បុរាណវត្ថុវិទ្យានេះគឺបានបំពេញចន្លោះប្រហោង នៃឯកសារប្រវត្តិសាស្រ្តជាសំណេរ  ជាសិលាចារិក ជាហេដ្ឋារចនាសម្ព័ន្ធក្តី សំអាងទៅលើអ្នកបុរាណវត្ថុវិទ្យានេះឯង គេអាចបកប្រែ ខ្លឹមសារ បកប្រែអត្ថន័យ នៃអ្វីដែលកើតមានកន្លងទៅក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត ដែលអ្នកឯទៀតមិនអាចបកស្រាយបាន»

តើរដ្ឋាភិបាលគួរមានយុទ្ធនាការអ្វីដើម្បីបំផុសសា្មរតីដើម្បី យុវជន ថែរក្សាសម្បត្តិវប្បធម៌បុរាណវត្ថុទាំងអស់នេះ​?

ជុំវិញការបង្ហាញលទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា របកគំហើញថ្មីនៅក្រៅរាជធានីអង្គរ លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានឱ្យដឹងថា « កិច្ចការស្រាវជ្រាវដែលរាជរដ្ឋាភិបាលបានកំណត់ទិសដៅឱ្យរាជបណ្ឌិត្យសភាកម្ពុជាធ្វើនេះគឺជាយន្តការមួយហើយដើម្បីបង្ហាញអំពីលទ្ធផលឱ្យឃើញថា ថា​តើបុរាណវត្ថុវិទ្យាមានអ្វីដែលសំខាន់ អ៊ីចឹងបើកកាលណានិស្សិត បើកាលណាសាធារណជនបានយល់ដឹងអំពីលទ្ធផលដែលយើងមានគឺស្មារតីនៃការស្រលាញ់ ស្មារតីនៃការយល់ដឹងដែលធ្វើឱ្យមនុស្សចាប់ផ្តើមស្រលាញ់ ប្រសិនបើយើងមិនដឹងថា​នៅជើងឯកមានអ្វីផង តើយើងស្រលាញ់យ៉ាងម៉េច? អ៊ីចឹងការស្រាវជ្រាវគឺជាចំណុចមួយជួយឱ្យមនុស្សយើងស្វែងយល់ ហើយបំផុសគំនិតស្រលាញ់ ស្នេហាជាតិ ស្រលាញ់វប្បធម៌ហ្នឹង។ អ៊ីចឹងខ្ញុំសំណើថាដើម្បីឱ្យដំណើរការស្រាវជ្រាវបំផុសស្មារតីកាន់តែស្រលាញ់ រាជរដ្ឋាភិបាលផ្តល់ថវិកាដើម្បីស្រាវជ្រាវទៅលើវិស័យវប្បធម៌ហ្នឹងទៅ អ៊ីចឹងនៅក្នុងដំណើរការនៃការស្រាវជ្រាវមានច្រើន ស្រាវជ្រាវបានលទ្ធផលយកមកផ្សព្វផ្សាយ យកមកបោះពុម្ព យកមកធ្វើដំណើរការផ្សេងៗតទៅទៀតនេះហើយ គឺជាការស្រាវជ្រាវ»។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា បុរាណវត្ថុវិទ្យាក៏រួមចំណែកលើកកម្ពស់វិស័យសេដ្ឋកិច្ចដែរ តាមរយៈទេសចរមកទស្សនារមណីយដ្ឋានបុរាណល្បីៗ ដូចជាតំបន់អង្គរ តំបន់សម្បូណ៌ ព្រៃគុក ក៏ដូចជាចូលទស្សនាសារមន្ទីរ ជាដើម៕

រូបភាព៖វត្តី

 

Share

ព័ត៌មានទាក់ទង