រាជធានីភ្នំពេញ៖ គម្រោងកសាងសាលារៀនទឹកភ្លៀងចំនួន១០០០កន្លែងនៅប្រទេសកម្ពុជា ត្រូវបានចុះអនុស្សារណៈ រួមគ្នាចំនួន៣ភាគី ក្នុងនោះមានក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល។ គម្រោងនេះនឹងផ្តល់ប្រយោជន៍ជាទឹកស្អាត ដែលបានមកពីទឹកភ្លៀង ឱ្យសិស្សានុសិស្សប្រើប្រាស់នៅក្នុងសាលារៀននៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) បានចុះអនុស្សារណៈ យោគយល់គ្នាស្តីពី”ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០ នៅប្រទេសកម្ពុជា”។ នេះបើតាមការបញ្ជាក់ពី លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីបន្ថែមថា ភាគីទាំងបីបានសហការគ្នាក្នុងការបង្កើត”គម្រោងសាលាទឹកភ្លៀងក្នុងប្រទេសកម្ពុជា”នេះឡើង ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ លើកកម្ពស់អនុវត្តទឹកស្អាត និងអនាម័យ នៅតាមសាលារៀន ជាពិសេសគាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ។ លោកស្រី ជឿជាក់ថា គម្រោងនេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់សិស្ស និងសហគមន៍សាលារៀនក្នុងប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលមានគុណភាពខ្ពស់ តាមរយៈការអនុវត្តប្រព័ន្ធទឹកសម្រាប់ផឹក និងសម្រាប់សហគមន៍ ដោះស្រាយបញ្ហាបរិស្ថាន និងសុខភាពសំខាន់ៗ លើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់សម្រាប់ការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ជុំវិញរឿងនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាបានអនុវត្តន៍សាកល្បងគម្រោងទឹកភ្លៀងនេះក្នុងឆ្នាំ ២០១៨ ដោយទទួលជោគជ័យនៅក្នុងវិទ្យាល័យកំបូល រាជធានីភ្នំពេញ។ លោកបណ្ឌិតបន្តទៀតថា សាលាទឹកភ្លៀងនេះធ្វើឡើងក្នុងបំណងចំនួន ៥ គឺទី១ ចង់ឱ្យក្មេងៗកាត់បន្ថយការទិញទឹកបរិសុទ្ធ ទី២ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទី៣ អាចយកទឹកទៅប្រើប្រាស់នៅផ្ទះ ឬនៅតាមសហគមន៍ ទី៤ ប្រទេសកម្ពុជាជាឋានសួគ៌នៃទឹកភ្លៀង ដែលគេអាចយកមកប្រើប្រាស់បាន ទាំងពិសារ និងស្រោចស្រពដំណាំដែលមិនមានជាតិគីមីខ្ពស់ និងទី៥ គឺ ឱ្យក្មេងៗចេះស្រលាញ់ធម្មជាតិ(ទឹកភ្លៀង)នេះឯង។
លោកបណ្ឌិត សុខ ទូច៖« ទី១យើងចង់ឱ្យក្មេងៗកាត់បន្ថយការទិញទឹកបរិសុទ្ធ ទី២គាត់ប្រើប្រាស់បានហើយ គាត់កាត់ការប្រើប្រាស់ប្លាស្ទិក អ៊ីចឹងគាត់មានកំប៉ុងដាក់ទឹកគាត់ទៅត្រងទឹកពីហ្នឹងមកជាការងារល្អ ទី៣គាត់ហូបហើយ គាត់យកទៅផ្ទះរបស់គាត់ទៀត បានជួយទៅក្នុងសហគមន៍ និងគ្រួសាររបស់គាត់ទៀត ទី៤ ប្រទេសយើងជាឋានសួគ៌នៃទឹកភ្លៀង ព្រោះទឹកភ្លៀងយើងច្រើន ភ្លៀង៥ដល់៥ខែឯណោះ ទឹកភ្លៀងសម្បូរ តែយើងអត់ចេះប្រើវា ទៅថ្ងៃអនាគតយើងអាចយកទៅប្រើប្រាស់ស្រោចស្រពដំណាំដែលមានលក្ខណៈមិនមានជាតិគីមីខ្ពស់ ចំណុចមួយទៀតគឺឱ្យក្មេងៗចេះស្រលាញ់ ធម្មជាតិ យល់អ្វីទៅសារៈសំខាន់ដែលជាកាដូឬអំណោយដ៏អស្ចារ្យមួយរបស់ទេវតា ឬពីធម្មជាតិមក អាហ្នឹងគឺទឹកភ្លៀងហ្នឹង»។
លោកបណ្ឌិតសុខទូច បញ្ជាក់បន្ថែមថា គម្រោងសាលាទឹកភ្លៀង នេះនឹងត្រូវដាក់បញ្ជូនទៅអង្គការសហប្រជាជាតិដើម្បីស្នើសុំឱ្យបាន១០០០សាលារៀននៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត សុខ ទូច៖« ក្រសួងអប់រំ គាត់បានផ្តល់ឱ្យបឋមសិក្សា កន្លែងនេះសារៈសំខាន់ណាស់កាលណានិយាយអំពីបឋមសិក្សា គឺវាធ្វើឱ្យក្មេងៗយល់អំពីតម្លៃសារៈសំខាន់នៃទឹកភ្លៀង ហើយគាត់នឹងផ្សព្វផ្សាយតទៅមុខទៀត យើងមិនចង់បង្រៀនមនុស្សចាស់ទេ យើងចង់បង្រៀនក្មេងៗហ្នឹង។ សាលាកំបូលបានជោគជ័យហើយ យើងបញ្ជូនក្មេងៗទៅកូរ៉េ ដើម្បីឱ្យទៅមើលស្រុកគេក្រទឹកភ្លៀងយ៉ាងម៉េច ហើយយើងសម្បូរ វាយ៉ាងម៉េច»។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ទៀតថា ដោយមើលឃើញពីភាពជោគជ័យនៅវិទ្យាល័យកំាបូល គម្រោងទឹកស្អាតដែលបានមកពីទឹកភ្លៀងនេះ ឱ្យសិស្សានុសិស្សបានបរិភោគ ក៏ដូចជាប្រើប្រាស់នេះទើបរាជបណ្ឌិត្យសភាកម្ពុជា ខិតខំបន្តដើម្បីឱ្យបានទៅដល់សាលាដទៃទៀតទទួលបានការកសាងសាលាទឹកភ្លៀងគ្របដណ្តប់ទូទាំងប្រទេស។
លោកបណ្ឌិត សុខ ទូច ៖« រាជបណ្ឌិត្យសភាកម្ពុជាធ្វើកិច្ចការងារនេះតំាងពីឆ្នាំ២០១៨ ហើយយើងបានធ្វើពិសោធន៍មួយនៅសាលាកំបូល នៅជិតព្រលានយន្តហោះ យើងធ្វើបានជោគជ័យ អ៊ីចឹងគេបានសប្បាយចិត្តណាស់ គេបានទទួលទានទឹក គេដួសទឹកទៅឱ្យម្តាយគេហូប គេដួសទឹកឱ្យមិត្តភក្ត្រគេៗចែករំលែកទឹកហ្នឹង អ៊ីចឹងបានជាយើងបន្តខំឱ្យសាលាដទៃទៀត ហើយក៏អរគុណដល់ក្រសួងអប់រំដែលលោកបានធ្វើអនុស្សារណៈយោគយល់គ្នាដើម្បីឱ្យ រាជបណ្ឌិត្យសភា និងទីក្រុងសេអ៊ូលយកគម្រោងហ្នឹងទៅដាក់នៅអង្គការសហប្រជាជាតិដើម្បីទម្លាក់ថវិកាមកយើងនឹងសាងសាង់ ប្រព័ន្ធទឹកស្អាតនៅតាមសាលារៀន១០០០សាលា»។
ទាក់ទងរឿងនេះ លោកសាស្ត្រាចារ្យ Han Mooyoung តំណាងពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) បានសម្ដែងនូវសេចក្ដីសោមនស្សជាខ្លាំងចំពោះការពិភាក្សានិងពិធីចុះអនុស្សរណៈនេះ។ លោកថា គម្រោងនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រង ប្រមូលទឹកភ្លៀង និងការជួយកាត់បន្ថយទឹកជំនន់ ខណៈដែលទឹកភ្លៀងធម្មជាតិមានសារធាតុកខ្វក់តិចតួច។ ជាងនេះ ការអប់រំដែលផ្ដោតទៅលើការប្រែប្រួលអាកាសធាតុ ការរៀបចំកម្មវិធីសិក្សាឱ្យសិស្សយល់ដឹងអំពីការគ្រប់គ្រងទឹកភ្លៀង និងជំរុញឱ្យសិស្សចូលរួមចំណែកជាមួយសហគមន៍របស់ខ្លួនឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ន៕
ប្រភពរូបភាព៖រាជបណ្ឌិត្យសភាកម្ពុជា