គណៈមេធាវីអន្តរជាតិ បានបញ្ចេញរបាយការណ៍ ឲ្យដឹងពីវិសាលភាពឥទ្ធិពលនៃអំពើពុករលួយ ទាំងផ្នែកនយោបាយ ទាំងផ្នែកហិរញ្ញវត្ថុលើប្រព័ន្ធតុលាការនៅកម្ពុជា។ របាយការណ៍នោះថា ស្ថាប័នតុលាការកម្ពុជា មានអំពើពុករលួយ និងស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាល ហើយការសម្រេចក្តីក្រោមសម្ពាធនយោបាយ ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ថា ការថ្លែងបែបនេះ គ្មានអ្វីចម្លែកឡើយ ។
របាយការណ៍នេះថា ឥទ្ធិពលនៃអំពើពុករលួយទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ ហាក់បានលេចឡើងដោយឆន្ទៈលើសកម្មភាពទាំងអស់របស់តុលាការ ។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារឡឺរ៉ូរ៉ាល់ នៅថ្ងៃព្រហស្បតិ៍នេះ ចៅក្រមនៃប្រទេសកាណា អ្នកស្រីប្រេនដា អ៊ែតវើត (Brenda Edwards) បានឱ្យដឹងថា របាយការណ៍នេះ គឺជាលទ្ធផលនៃដំណើរទស្សនៈរបស់ក្រុមគណៈមេធាវីអន្តរជាតិ ដែលបានមកប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំ២០១៥ ដោយធ្វើការសម្ភាសពីឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។

អ្នកស្រីមានប្រសាសន៍ថា ចុងបញ្ចប់នៃដំណើរទស្សនៈកិច្ចនេះ ក្រុមគណៈមេធាវីអន្តរៈជាតិបានសន្និដ្ឋានថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ត្រូវបានទទួលតួនាទីដ៏មានអំណាចបំផុតទាំងផ្លូវច្បាប់ ទាំងការអនុវត្តជាក់ស្តែង ក្នុងប្រព័ន្ធយុត្តិធម៌ និងមានឆន្ទានុសិទ្ធិ និងឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់របស់ចៅក្រម។
អ្នកស្រីបន្តថា នេះគឺក្តីកង្វល់ដ៏ធំមួយរបស់អ្នកស្រី នៅពេលដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាមន្ត្រីរបស់រដ្ឋាភិបាល មានអំណាចក្នុងការសម្រេចការងារទាំងអស់ នៅក្នុងប្រព័ន្ធយុត្តិធម៌ ទាំងបញ្ហាចាត់ចែងថវិកា ធនធានមនុស្ស រាប់បញ្ចូលទាំងទីតាំងរបស់តុលាការត្រូវធ្វើនៅកន្លែងណា ត្រូវសាងសង់តុលាការប៉ុន្មាន ព្រមទាំងមានអំណាចទៅលើការបណ្តុះបណ្តាលចៅក្រម ។ អ្នកស្រីថា អ្វីដែលអ្នកស្រីមានការភ្ញាក់ផ្អើលទៀតនោះ គឺថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានអំណាចក្នុងការសម្រេចតែងតាំងចៅក្រម និងដំឡើងឋានៈរបស់ចៅក្រម។
អ្នកស្រីបានសង្កត់ធ្ងន់ថា ឯករាជ្យភាពរបស់តុលាការ មិនមែនសម្រាប់ការពារចៅក្រមនោះទេ គឺសម្រាប់អត្ថប្រយោជន៍ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ្នកស្រីថា ប្រជាពលរកម្ពុជាមានសិទ្ធិទទួលបានការជម្រះក្តីសម្រេចដោយតុលាការ ដែលមានឯករាជ្យភាព អាព្យាក្រឹត្យ មិនស្ថិតក្រោមឥទ្ធពលរបស់រដ្ឋាភិបាល ឬភាគីណាមួយ និងគ្មានភាពម្អៀង។ អ្នកស្រីបានថ្លែងតាមរយៈអ្នកបកប្រែថា ប្រធានតុលាការគឺជាអ្នកទទួលខុសត្រូវ ក្នុងការចាត់ចែងការងារតុលាការគ្រប់យ៉ាងដែលមាន មិនមែនរដ្ឋាភិបាលជាអ្នកចាត់ចែងនោះទេ។ លោកស្រីថា “ដូចខ្ញុំបាននិយាយថា កម្ពុជាបាននិយាយគេបានប្តេជ្ញាចិត្តគោរពតាមស្តង់ដារអន្តរជាតិ។ ស្ដង់ដាអន្តរជាតិទាំងនេះតម្រូវថា ត្រូវមានការបែងចែងអំណាចច្បាស់លាស់ និងដោយឡែករវាងផ្នែកតុលាការឬក៏និតិបញ្ញត្តិ និងនិតិប្រតិបត្តិ ប៉ុន្តែធ្វើយ៉ាងម៉េចកុំឱ្យមានការត្រួតគ្នា ចៅក្រមមិនគ្រប់គ្រងប្រទេសទេ ហើយរដ្ឋាភិបាលមិនគួរជ្រៀតជ្រែកការងាររបស់តុលាការទេ ទាំងពីរនេះត្រូវតែដោយឡែកពីគ្នា ទាំងនៅក្នុងច្បាប់និងនៅក្នុងការអនុវត្តប្រចាំថ្ងៃ។»
របាយការណ៍ដែលបានធ្វើការស្រាវជ្រាវពីប្រព័ន្ធឯកភាព នៃប្រព័ន្ធតុលាការកម្ពុជា របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិ បានបង្ហាញថា ក្នុងប្រព័ន្ធតុលាការកម្ពុជាមានបញ្ហាប្រឈមជាច្រើន ជាពិសេសការស៊ីសំណូក និងអំពើពុករលួយ ។
របាយណ៍នេះបញ្ជាក់ថា ចៅក្រម ដែលកំពុងបណ្តុះបណ្តាល ត្រូវបានស្នើឱ្យបង់ប្រាក់សំណូក ដើម្បីអាចចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយចៅក្រមដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពច្រើនក្នុងការទទួលបានការតែងតាំង និងដំឡើងតំណែង ។ របាយការណ៍នេះថា សេចក្តីសម្រេចរបស់តុលាការបានរងសម្ពាធដោយហិរញ្ញវត្ថុ និងនយោបាយ ក្នុងករណីដែលអាជ្ញាធរទទួលបានផលប្រយោជន៍ ត្រូវបានដោះស្រាយដោយស៊ីសង្វាក់គ្នា ទៅតាមការអនុគ្រោះរបស់ពួកគេ ហើយក្នុងករណីផ្សេងទៀត ភាគីដែលអាចផ្តល់សំណូកកាន់តែច្រើនដល់ចៅក្រម ឬក្រឡាបញ្ជី នឹងឈ្នះក្តី ដោយមិនគិតពីអង្គសេចក្តី ។
របាយការណ៍ដដែលនេះ ក៏បង្ហាញផងដែរថា ក្រៅពីអំពើពុករលួយ ប្រព័ន្ធតុលាការក៏ប្រឈមនឹងបញ្ហាខ្វះតំណាងស្ត្រីក្នុងសមាសភាពចៅក្រម ហើយក្រឡាបញ្ជី និងអាជ្ញាសាលា បានដណ្តើមតួនាទីរបស់ចៅក្រម ដោយធ្វើជាប្រធានកាត់ក្តី ដែលលទ្ធផលនៃសកម្មភាពទាំងនេះ តុលាការកម្ពុជាត្រូវបានគេមើលឃើញថា ជាការពង្រីកអំណាចរបស់រដ្ឋាភិបាល ហើយប្រជាជនសាមញ្ញមានការភ័យខ្លាច និងស្អប់ខ្ពើម មិនចង់ពាក់ព័ន្ធជាមួយតុលាការឡើយ ក្នុងករណីដែលពួកគេអាចធ្វើបាន ។
ឆ្លើយតបនឹងរបាយការណ៍ខាងលើ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា នេះមិនមែនជារឿងចម្លែកទេ ដែលរបាយការណ៍បែបនេះទាំងជាតិ និងអន្តរជាតិ តែងតែចេញមក ដោយមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ដោយសារតែការស្រាវជ្រាវ ដោយមិនមានការចូលរួមពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ។
បន្ទាប់ពីបានអានរបាយការណ៍នេះ លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា បញ្ហាដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ គឺបានឆ្លុះបញ្ចាំងពីតថភាពដែលបានកើតឡើងជាក់ស្តែង ជាពិសេសអនុសាសន៍ដែលបានលើកឡើងចំៗ ដាក់ទៅដល់តួអង្គដែលពាក់ព័ន្ធ។ លោកស្រីយល់ថា អនុសាសន៍នេះគឺជាអនុសាសន៍ដែលមានអត្ថន័យស្ថាបនា ហើយស្ថាប័នពាក់ព័ន្ធ គួរតែយកអនុសាសន៍នេះទៅពិចារណា ដើម្បីពង្រឹងប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា “យើងមិនចម្លែកអីទេក្នុងលទ្ធផលនៃរបាយការណ៍ ក៏ប៉ុន្តែមិនឆ្លុះបញ្ចាំងនូវការពិតទាំងស្រុងទេ យើងទទួលនូវបញ្ហាដែលកើតឡើងនៅក្នុងវិស័យយុត្តិធម៌ អញ្ចឹងហើយបានយើងដាក់ចេញនូវ គោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ហើយតាមរយៈគោលនយោបាយហ្នឹង យើងក៏ឃើញមានការរីកចម្រើន មួយចំនួនគួឱ្យកត់សម្គាល់ដែរ មិនមែនខ្មៅងងឹតដូចរបាយការណ៍ដែលគេលើកឡើងនោះទេ អ្វីដែលយើងរកឃើញហេតុអ្វីក៏របាយការណ៍វាចេញមកខ្មៅងងឹងបែបនេះ គឺថាវាទាក់ទងនឹង Methodlogy របៀបដែលគេធ្វើរបាយការហ្នឹងគឺមិនឆ្លុះបញ្ចាំងកាពិតជាក់ស្តែង ដោយមិនមានការចូលរួមបីអ្នកដែលពាក់ព័ន្ធ និងអ្នកអនុវត្តជាក់ស្តែង”។
លោកស្រីចក់ សុភាព បន្តថា បើប្រទេសកម្ពុជាចង់ក្លាយជាប្រទេសនីតិរដ្ឋពិតប្រាកដ កម្ពុជាគួរតែចាប់ផ្តើមសិក្សាទៅលើរបាយការណ៍ ឬការលើកឡើងនានារបស់មជ្ឈដ្ឋាននៅជុំវិញខ្លួន ។
ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើង និងដើម្បីបង្កើនការការពារ ឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា របាយការណ៍របស់វិទ្យាស្ថានសិទ្ធិមនុស្ស នៃគណៈមេធាវីអន្តរជាតិបានផ្តល់អនុសាសន៍មួយចំនួនដូចជា រដ្ឋាភិបាលគួរតែប្តេជ្ញាធានា និងការពារការបែងចែកអំណាចនៅក្នុងប្រទេសកម្ពុជា និងគោរពឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងគណៈមេធាវី។រដ្ឋាភិបាលផ្តល់ការគាំទ្រដល់សង្គមស៊ីវិល និងបុគ្គលផ្សេងទៀត ក្នុងការឃ្លាំមើល និងផ្សព្វផ្សាយពីចំណុចខ្លះរបស់ស្ថាប័នរដ្ឋទាំងអស់ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវចាត់វិធានការសកម្ម ក្នុងការដោះស្រាយអំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា ។ គណមេធាវីនៃកម្ពុជា ធានាថា ត្រូវអនុវត្តប្រកបដោយឯករាជ្យភាពទាំងស្រុងពីរដ្ឋាភិបាល ៕