ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់សមាជិក សមាជិកា និងថ្នាក់ដឹងនាំក្រុមគាំទ្រគណបក្សនៅក្រៅប្រទេសទាំងអស់ថា គណបក្សនឹងរៀបចំប្រារព្ធសន្និបាតក្រុមប្រឹក្សាជាតិ ដែលជាស្ថាប័នជាន់ខ្ពស់របស់គណបក្ស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះនៅថ្ងៃទី១១ ខែមីនា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សន្និបាតនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សសសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ប្រមាណ ១.៥០០ នាក់ មកពីបណ្តារាជធានី – ខេត្តទូទាំងប្រទេសកម្ពុជា និងតំណាងគណបក្សមកពីក្រៅប្រទេស ដែលនឹងត្រូវចំណាយថវិកាមួយចំនួនសម្រាប់ការស្នាក់នៅ មធ្យោបាយធ្វើដំណើរ គ្រឿងឧបភោគបរិភោគ វេទិកា ជួលរោង និងការចំណាយផ្សេងៗទៀត។
លើសពីនេះទៀត គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវទៅដល់សមាជិក សមាជិកា និងថ្នាក់ដឹងនាំក្រុមគាំទ្រទាំងអស់ឱ្យជួយឧបត្ថម្ភថវិកា សម្រាប់ការចំណាយលើដំណើរការរៀបចំសន្និបាតក្រុមប្រឹក្សាជាតិនេះផងដែរ៕