en     km
en     km

គណបក្សប្រជាជនកម្ពុជាច្រានចោល ការចុះផ្សាយថាបក្សនេះតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាលបង់លុយ

Share

នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជាបានបដិសេធ និងច្រានចោលការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ The Cambodia Daily ដោយអះអាងថាជាការចោទប្រកាន់។ បើតាមគណបក្សប្រជាជនកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយនេះ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយអះអាងថា គណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ទឹកលុយ ដើម្បីបានតំណែងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

តាមខ្លឹមសារនៃការបង្ហោះរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយ The Cambodia Daily មានចេតនាបំភ្លៃការពិត ញុះញ៉ុង បំពុលសង្គម និងធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សមាជិកគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជានោះឡើយ។

គួរបញ្ជាក់ថា សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត….»។

ដោយឡែក គណបក្សនេះបញ្ជាក់ទៀតថា ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា គឺផ្អែកលើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍិ និងចរិយាធម៌ ដែលសុទ្ធសឹងជាគុណតម្លៃសម្រាប់ចូលជាសមាជិកបក្ស៕

Share

ព័ត៌មានទាក់ទង