ភ្នំពេញ៖ភ្លៀងកក់ខែលាយឡំនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ១៣៣ខ្នងនិងស្ត្រីពីរនាក់រងរបួសស្ថិតនៅក្នុងខេត្តប៉ៃលិន ឧត្តមានជ័យ និងខេត្តបាតដំបង់នៅដើមខែមីនា ឆ្នាំ២០១៨នេះ។

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថាភ្លៀងកក់ខែមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦ដល់៩ ខែមីនា ឆ្នាំ២០១៨។ភ្លៀងកក់ខែនេះនឹងនាំឲ្យមានឥទ្ធិពលសម្ពាធទាបគ្របដណ្តប់នៅខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យនិងខេត្តសៀមរាប។
ភ្លៀងកក់ខែឡាយឡំខ្យល់កន្ត្រាក់បក់បោកខ្លាំងកាលពីថ្ងៃចន្ទ ទី៥ ខែ មីនា ឆ្នាំ២០១៨ បានបង្ករឲ្យខូចខាតប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋសរុបចំនួន១២៥ខ្នងក្នុងខេត្តប៉ៃលិននិងខេត្តឧត្តមានជ័យ។
ក្នុងនោះខេត្តប៉ៃលិនរងផលប៉ះពាល់ប៉ើងដំបូលផ្ទះ៨ខ្នង។ខេត្តឧត្តមានជ័យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ១១៧ខ្នង។ក្នុងនោះរលំផ្ទះ៥០ខ្នងនិងរបើកដំបូល៦៧ខ្នង។នេះបើតាមការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី ៖«ក្នុងក្រុងប៉ៃលិនវាប៉ះពាល់តែ៨ខ្នងទេរបើកដំបូលតិចតួច។ឧត្តមានជ័យប៉ះពាល់នៅក្រុងសំរោងក្នុងសង្កាត់កូនក្រៀលវាមានរលំ៥០ហើយប៉ះពាល់ខូចដំបូល៦៧ខ្នងទំាងអស់១១៧ខ្នង។»
លោក កែវ វី បន្ថែមថា កាលពីថ្ងៃទី៣ មីនានេះ ក៏មានភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ខ្លាំងមួយករណីនៅខេត្តបាត់ដំបងស្ថិតក្នុងស្រុកភ្នំព្រឹកបណ្តាលឲ្យរលំផ្ទះ២ខ្នងនិងរបើកដំបូល៦ខ្នង។លោកថាករណីភ្លៀងកក់ខែឡាយឡំខ្យល់កន្ត្រាក់នេះបណ្តាលឲ្យស្ត្រីជនជាតិខ្មែរឥស្លាមពីរនាក់រងបួសធ្ងន់ស្រាល។
កាលពីឆ្នាំមុនគ្រោះធម្មជាតិខ្យល់ព្រុះឬខ្យល់កន្រ្តាក់កើតមាននៅរាជធានីខេត្តចំនួន២៣បានបណ្តាលឲ្យផ្ទះរលំចំនួន៥៧៨ខ្នងនិងរបើកតំបូល៤០២៧ខ្នង។សាលារៀនខូចខាត៤០អគារនិងអគារផ្សេងៗ២៨ខ្នង។ករណីគ្រោះធម្មជាតិនាំឲ្យមនុស្សស្លាប់៦និងរងរបួស៥៥នាក់៕