ខេត្តស្វាយរៀង៖អ្នកជំនាញគ្រាប់បែកគីមីបានឲ្យដឹងនៅថ្ងៃសុក្រទី៦ ខែតុលានេះថា អ្នកភូមិចំនួន៨នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីពុលគ្រាប់បែកគីមីសាយភាយធ្វើឲ្យរលាកស្បែក ក្អួតចង្អោរនិងហើមភ្នែក។

ក្រុមជំនាញ់គ្រាប់បែកគីមីរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានឲ្យដឹងថាគ្រាប់បែកគីមីមួយគ្រាប់ផ្សេងទៀតបានរកឃើញនៅក្នុងចំការដំឡូងមី បន្ទាប់ពីអ្នកភូមិមួយចំនួនពុលសារធាតុគិមីនេះកាលពីរសៀលម្សិលមិញ។
លោក សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុចា បានឲ្យដឹងថា ប្រជាពលចំនួន៨នាក់កំពុង សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យខេត្តស្វាយរៀងដោយសារការសាយភាពសារធាតុគីមីពីគ្រាប់បែកគីមីនៅពេល ក្រុមប្រជាពលរដ្ឋទំាងនោះហែកមើលថងបំណែកនៃគ្រាប់បែកគីមីនោះ។
លោក សេរី កុសល អះអាងថា ក្រុមជំនាញ់អាជ្ញាធរមីនកម្ពុជាកំពុងស្វែងរកទីតំាងជាក់លាក់គ្រាប់បែកគីមីនោះ។ លោកថា គ្រាប់បែកគីមីទើបរកឃើញថ្មីនេះ នៅចំងាយបីគីឡូម៉ែត្រពីទីតំាងគ្រាប់គីមីទី១ក្នុងវត្តគគីរស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងចំណោមជនរងគ្រោះ៨នាក់នោះ មានកុមារប្រំានាក់ ស្រ្តីពីរនាក់ និងបុរសម្នាក់។
យុវជន ម៉ិញ ធឿន ជនរងម្នាក់ក្នុងចំណោម៨នាក់ កំពុងដេកសម្រាកនៅមន្ទីពេទ្យបានឲ្យដឹងថាលោកបានធូស្រាលបន្តិចហើយនៅរសៀលថ្ងៃសុក្រនេះ។ ប៉ុន្តែម៉ិន ធឿន មិនទាន់ដឹងថា លោកគ្រូពេទ្យឲ្យចេញពីទៅផ្ទះនៅពេលណានោះទេ។
ទោះបីយ៉ាងណា យុវជនអាយុ១៦ឆ្នំា ម៉ិញ ធឿន បញ្ជាក់ថា ជនរងគ្រោះម្នាក់ស្ថិតនៅក្នុងបន្ទប់សម្រាកព្យាបាលជាមួយប្អូនមានស្ថានភាពធ្ងន់ធ្ងរដោយរលាកស្បែក និងឈឺបំពងក។
គណនីហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា សារធាតុគីមីអាចនឹងជះចំហាយតាមខ្យល់ នៅពេលណាកាយដីប៉ះចំគ្រាប់គីមីនោះ។ លោក ហេង រតនា បញ្ជាក់ថា ប្រតិកម្មគីមីនឹងអាចធ្វើឲ្យពុលបណ្តាលឲ្យថបដង្ហើម ឈឺក្បាល ក្អួតចង្អោរជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាប្រមាណ១លានគ្រាប់ ក្នុងសម័យសង្រ្គាមជាមួយវៀតណាម៕