ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ២៩ មករា នេះ គឺមានរយៈពេល ៦ ថ្ងៃហើយ ដែលក្រុមគ្រួសារមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប នៅមិនទាន់បានទទួលការឆ្លើយតបពីព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីនៅឡើយ ជុំវិញញត្តិសុំអន្តគមន៍ឱ្យមានការដោះលែង ស្វាមី និងម្តាយឪពុករបស់ខ្លួន។
អ្នកស្រី ធន់ បូនីតា ភរិយាលោក យី សុខសាន្ត មន្ត្រីសមាគមន៍អាដហុក ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៩ មករានេះថា អ្នកស្រីនៅមិនទាន់ទទួលបានការឆ្លើយពីព្រះបរមរាជវាំង ឬនាយករដ្ឋមន្ត្រីឡើយ ជុំវិញញត្តិដែលបានដាក់នោះ។ អ្នកស្រីរំពឹងថា អង្គព្រះមហាក្សត្រនឹងយាងទតញត្តិនេះ នឹងឆាប់ធ្វើព្រះរាជសកម្មភាពឱ្យមានការដោះលែងស្វាមី មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ដដៃទៀតឱ្យមានសេរីភាពឡើងវិញ។ អ្នកស្រី ធន់ បូនីតា៖«សង្ឃឹមនិងជឿជាក់ថា គាត់[ព្រះមហាក្សត្រ]នឹងទត ហើយគាត់នឹងធ្វើអន្តរាគមន៍ឱ្យពួកយើងខ្ញុំ ព្រោះពួកគាត់[មន្ត្រីអាដហុក មន្ត្រីគ.ជ.ប]មិនបានធ្វើអ្វីខុស»។
នៅថ្ងៃទី ៣១ មករា ខាងមុខនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គលើកការស្នើរបស់នាយករដ្ឋមន្ត្រីដែលចង់លុបចោលក្រុមអ្នកតំណាងរាស្ត្រសំឡេងភាគច្រើន ភាគតិចក្នុងរដ្ឋសភា។ អ្នកវិភាគយល់ថា ប្រសិនបើរដ្ឋសភាទាត់ចោលសំឡេងភាគច្រើន និងភាគតិចក្នុងរដ្ឋសភាមែន នោះផ្លូវចរចាឈានទៅរកការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប ព្រមទាំងសកម្មជនបក្សប្រឆាំង នឹងដើរដល់ផ្លូវទ័ល។
យ៉ាងណាភរិយាលោក យី សុខសាន្ត គឺអ្នកស្រី ធន់ បូនីតា ថា អង្គព្រះមហាក្សត្រនឹងមិនមានអ្វីជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ ដោយអ្នកស្រីរំពឹងថា ទ្រង់នឹងឆាប់ព្រះតម្រិះអន្តរាគមន៍ដោះលែងប្តីរបស់អ្នកស្រី និងអ្នកដដៃទៀត។
គួរកត់សម្គាល់ថា ការចេញមុខស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីនេះ គឺបន្ទាប់មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំង ៥ រូបនេះ នៅតែបន្តឃុំខ្លួនអស់រយៈពេលជាង ៩ ខែមក។ អ្នកទាំងប្រាំរូប ត្រូវបានតុលាការរាជធានីភ្នំពេញ ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រុមមេធាវីអ្នកទាំងប្រាំរូបស្នើសុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំចំនួន ៦ដងមកហើយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
កាលពីពេលថ្មីនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិ ការរង គ.ជ.ប ជាបន្ទាន់។ ការអំពាវនាវរបស់អង្គការសហប្រជាជាតិ នៅពេលនេះ ស្របពេលនៃការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំង ៥ រូប បានអូសបន្លាយជិត ១ ឆ្នាំមកហើយ៕