ភ្នំពេញ៖ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ២០លានដុល្លារត្រូវបានក្រុមហ៊ុនមួយរបស់ចិន ឈ្មោះថា Green Leader Holding Group Limited បោះទុនវិនិយោគបង្កើតរោងចក្រច្នៃដំឡូងមីលើផ្ទៃដីទំហំ ៤៣ ហិចតាស្ថិតក្នុងស្រុកស្នួល ខេត្តក្រចះ ដែលបានបើកការដ្ឋានសាង់សង់កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។

តាមក្រសួងកសិកម្ម ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader) បានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុន ហុងកុង និងបានដាក់ទុនវិនិយោគប្រមាណ ២០លានដុល្លារ បង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ធនៈអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោក។ រោងចក្រច្នៃដំឡូងមីនេះ មានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ ៥០០ពាន់តោនដើម្បីផលិតម្សៅឲ្យបាន ១៣០ពាន់តោនក្នុង ១ឆ្នាំ និង ២លានតោនក្នុងរយៈពេល ៥ឆ្នាំ។
លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលរោងចក្រឲ្យដឹងថា រយៈពេល ៥ ឆ្នាំខាងមុខទៀត ក្រុមហ៊ុននឹងសាងសងរោងចក្រឲ្យបាន ២០ ក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមី ដើម្បីព្យាយាមកាត់បន្ថយការនាំចេញវត្ថុធាតុដើមនេះទៅប្រទេសជិតខាង។ លោកបន្តថា ក្រុមហ៊ុននឹងធ្វើការដាំដុះដំឡូងមីលើផ្ទៃដី ០១ ម៉ឺនហិចតាបន្ថែមទៀត សម្រាប់បំពេញបង្គប់តម្រូវការរោងចក្រ ។ក្រៅពីនេះក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា(Contract farming) ជាមួយដៃគូផលិត ដោយផ្តល់ជាទុន ពូជ ជី និងបច្ចេកទេសដាំដុះ។
បើតាម Zhan Sanhuo រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុតដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិត ស្តង់ដារអន្តរជាតិ។ តាមរយៈការបង្កើតរោងចក្រច្នៃដំឡូងមីនេះលោក Zhan Sanhuo មានសុទិដ្ឋនិយមថា បញ្ហាផលិតផលដំឡូងមីគ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ចាមនិងក្រចេះ នឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ។
តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (International Center for Tropical Agriculture, CIAT) បានឲ្យដឹងថា បច្ចប្បន្នកម្ពុជា ជាប្រទេសផលិតដំឡូងមីលំដាប់ទី ៨លើពិភពលោក និងលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្ពុជាមានសក្តានុពលផលិតកម្មដំឡូងមី ដែលមានផ្ទៃដីដាំដុះរហូតដល់ទៅ ៦៧៥ ពាន់ហិកតា ប្រមូលបានទិន្នផលជាង ១៤,៨ លានតោនក្នុងឆ្នាំ២០១៧៕