ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទ្បើងថា វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងមុន មានន័យថវិស័យនេះបានដើរទៅរកផ្លូវវិជ្ជមានច្រើនជាងអវិជ្ជមាន ។ ចំណែកអង្គការអ្នករាយការណ៍គ្មានព្រំដែន ក៏បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរជាងបណ្តាប្រទេសដែលជាសមាជិកអាស៊ានផងដែរ ប៉ុន្តែសេរីភាពនេះនៅមានបញ្ហាប្រឈមនៅទ្បើយ ។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានលើកទ្បើងថាវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្នគឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនឹងមានភាពល្អប្រសើរនេះលោកថា អ្នកសារព័ត៌មានត្រូវតែប្រកាន់ភ្ជាប់ឱ្យបាននូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ខ្លួនភ្ជាប់ជាមួយនិងការទទួលខុសត្រូវផងដែរ ។ ទោះជាយ៉ាងណា លោក អ៊ុក គឹមសេង ទទួលស្គាល់ថាអ្នកសារព័ត៌មានពិតជាមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែស្ថិតនៅកម្រិតតិចតួចបំផុតដោយលោកអះអាងថា អ្នកសារព័ត៌មានទទួលបានសេរីភាពវិជ្ជមានច្រើនជាងអវិជ្ជមាន ។
ប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា លោក សេក បរិសុទ្ធ ទទួលស្គាល់ដែរថា រយៈពេលមួយឆ្នាំនេះវិស័យសារព័ត៌មាននៅកម្ពុជាពិតជាមានភាពល្អប្រសើរជាងមុន ។ ល្អប្រសើរព្រោះថា អ្នកសារព័ត៌មានអាចធ្វើការផ្សព្វផ្សាយព័ត៌មានបានយ៉ាងទូលំទូលាយ ។ បើទោះបីជាវិស័យមួយនេះមានភាពប្រសើរជាងមុនក៏ដោយ លោក សេក បរិសុទ្ធ បញ្ជាក់ថាអ្នកសារព័ត៌មានមួយចំនួនបានជួបបញ្ហាប្រឈមផងដែរ ។ លោក សេក បរិសុទ្ធស្នើឱ្យរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានត្រូវយល់ពីតួនាទីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់តួនាទីគ្នាទៅវិញទៅមក ។
អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានបង្ហាញរបាយការណ៍ថាសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរជាងគេក្នុងចំណោមបណ្តាប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀតប៉ុន្តែក្នុងរបាយការណ៍នេះ បានបញ្ជក់ថាសេរីភាពសារព័ត៌មានកម្ពុជាក៏នៅមានកម្រិតផងដែរ ។
អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចេញរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ ដោយបានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មានផ្អែកលើសេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាព បំពេញតួនាទីរបស់អ្នកសារព័ត៌មាន ។ បើតាមសន្ទស្សន៍នោះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ គឺមានភាពល្អប្រសើរជាងឆ្នាំ២០១៤ ។ អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចាត់កម្រិតនៃស្ថានភាពសារព័ត៌មានជា៥កម្រិតគឺស្ថានភាពល្អ ស្ថានភាពដែលអាចទទួលយកបាន កម្រិតមានបញ្ហាគួរឲ្យកត់សម្គាល់ ស្ថានភាពអាក្រក់ និងស្ថានភាពអាក្រក់ខ្លាំង ។
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ព្រុយនេ និងវៀតណាមជាដើម ។ រីឯប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេមានដូចជា ប្រទេសហ្វាំងឡង់ ហូឡង់ និង ន័រវ៉េ ៕