en     km
en     km

ក្រសួងសុខាភិបាល​ បារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

Share

​ភ្នំពេញ​ ៖​ នាយកដ្ឋាន​ប្រយុទ្ធ​ នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។​ សេចក្ដីជូនដំណឹង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ នឹង​ជំងឺឆ្លង​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ នេះ​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នឹង​ជួប​បញ្ហា​សុខភាព​ ដែល​មាន​ជា​អាទិ៍​ ការ​ពុល​ចំណីអាហារ​ ឬ​ក៏​ចម្លង​មេរោគ​ផ្សេងៗ​ ប្រសិនបើ​ពលរដ្ឋ​ ធ្វេស​ប្រ​ហេ​ស​ក្នុង​ការ​បរិភោគ​ចំណីអាហារ​ខ្វះ​អនាម័យ​ ការ​ចម្អិន​អាហារ​ និង​ការ​ទុកដាក់​ចំណីអាហារ​ មិន​បាន​ត្រឹមត្រូវ​។​

​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ព្រោះតែ​ការ​បិ​រ​ភោគ​ចំណីអាហារ​ខ្វះ​អនាម័យ​ នាយកដ្ឋាន​ប្រយុទ្ធ​ នឹង​ជំងឺឆ្លង​បាន​ចេញ​សេចក្ដីណែនាំ​ចំណុច​មួយ​ចំនួន​ ដើម្បី​បង្ការ​បញ្ហា​នេះ​។​ ចំណុច​ទាំង​អស់នោះ​រួម​មាន​ ប្រើប្រាស់​ទឹក​ស្អាត​ និង​ម្ហូបអាហារ​ដែល​ស្អាត​ជា​និច្ច​ ត្រូវ​លាងដៃ​នឹង​សាប៊ូ​ ទាំង​មុន​ និង​ក្នុងអំឡុងពេល​រៀបចំ​ម្ហូបអាហារ​ ហើយ​ជា​ពិសេស​គឺ​បន្ទាប់​ពី​បន្ទោ​របង់​រួច​។​ បន្ថែម​ពី​នេះ​ ចុងភៅ​ត្រូវ​លាង​បន្លែ​ ផ្លែ​ឈើ​ឲ្យ​បាន​ស្អាត​មុន​ពេល​ដាក់​ឲ្យ​សមាជិកគ្រួសារ​បរិភោគ​ ។​ ត្រូវ​សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ ជា​ពិសេស​សាច់សត្វ​ស្លាប​ ស៊ុត​ និង​អាហារ​សមុទ្រ​។​ លើស​ពី​នេះ​ ត្រូវ​ទុក​អាហារ​ឆ្អិន​ និង​អហារ​ឆៅ​ដាច់​ដោយឡែក​ពី​គ្នា​។​

​ក្រៅពី​នេះ​ ប្រជាពលរដ្ឋ​គ្រប់​រូប​ មិន​ត្រូវ​រក្សា​ទុក​ចំណីអាហារ​ជា​ច្រើន​ថ្ងៃ​ពេក​នោះ​ទេ​ បើ​ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិ​ក៏​ដោយ​ ហើយ​មិន​ត្រូវ​ប្រើប្រាស់​ចំណីអាហារ​ដែល​ហួស​កាលកំណត់​ឡើយ​៕

Share

ព័ត៌មានទាក់ទង