en     km
en     km

ពលរដ្ឋក្នុងស្រុកចំនួន៤ ទទួលបានការអប់រំលើកកម្ពស់សមត្ថភាព បញ្ចៀសការរំលោភបំពាន

Share

 

ប្រជាពលរដ្ឋជាង ១២៤ ០០០នាក់នៅក្នុងតំបន់ចំនួន៤ នៃស្រុកគិរីវង់ គូលែន សូត្រនិគម និងស្រុកប្រាសាទបល្ល័ង្ក ទទួលបានការបណ្តុះបណ្តាលទៅលើផ្នែកអប់រំ និងការផ្តល់ជូននូវសេវាសាធារណៈ។ ក្នុងនោះ កុមារក្នុងមូលដ្ឋានអាចចូលរៀននៅក្នុងសាលាដែលមានបរិយាកាសសប្បាយរីករាយគួបផ្សំនឹងការផ្តល់ជូននូវអាហារូបត្ថម្ភជាដើម។ ជាងនេះ យុវជនមានឱកាសពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។ នេះបើយោងតាមអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាជូនដំណឹងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

រក្សា ជាកុមារទំនុកបម្រុងនៅស្រុកគូលែន បានលើកឡើងថា កាលពីមុន គ្រួសារ និងសហគមន៍មិនឱ្យតម្លៃខ្លួននៅក្នុងការចូលរួមសកម្មភាពអភិវឌ្ឍន៍នៅក្នុងសហគមន៍នោះទេ។ ក្នុងនោះ រក្សា ភ្ជាប់ថាកាលពីពេលនោះខ្លួនត្រឹមជាក្មេងស្រីម្នាក់ដែលខ្វះភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង។ តែកុមារីរូបនេះមិនបានបោះបង់ឆន្ទៈតស៊ូចោលនោះឡើយ ដោយ រក្សា បានចូលរួមកម្មវិធីតំបន់ចំនួន៤ ក្នុងស្រុកចំនួន៤ ដែលបានបណ្តុះបណ្តាលស្មារតីកុមារីខាងលើនេះឱ្យមានក្តីសង្ឃឹម និងក្លាយជាធនធានមនុស្សដ៏គំរូសម្រាប់គ្រួសារនិងសហគមន៍ តាមរយៈសេវាស្ម័គ្រចិត្តសហគមន៍ និងការកសាងសមត្ថភាពពីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា។

រូបកុមារីពីរនាក់សើចសប្បាយក្អាកក្អាយ។ រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា

ចំណែកយុវជន ស៊ីថា ប្រធានក្លឹបយុវជននៅស្រុកគីរីវង់ បានរៀបរាប់ស្រដៀងគ្នានឹងកុមារី រក្សា ដែរថា ពីមុនខ្លួនជាមនុស្សខ្មាស់អៀនមិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានទេ ក៏ប៉ុន្តែបន្ទាប់ពីចូលរួមកម្មវិធីតំបន់របស់អង្គការទស្សនៈពិភពលោក​មក ស៊ីថាបានប្រែក្លាយជាអ្នកដឹកនាំក្លឹបយុវជនដែលមានទំនុកចិត្ត ជាមួយសមត្ថភាពទំនាក់ទំនងដ៏រឹងមាំ និងអាចធ្វើការងារជាក្រុមបានយ៉ាងល្អប្រសើរ។ ឥឡូវនេះ ស៊ីថា ក៏បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅក្នុងសហគមន៍ ដែលអាចចែករំលែកចំណេះដឹងទៅដល់ក្មេងៗដោយសេចក្តីជឿជាក់។

បើតាមសេចក្ដីប្រកាសអង្គការទស្សនៈពិភពលោកដែលវិទ្យុស្រ្តីទទួលបានកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រយៈពេលជាង១៥ឆ្នាំកន្លងមកនេះ កម្មវិធីតំបន់៤ក្នុងស្រុកចំនួន៤បានពង្រឹងសិទ្ធិអំណាចដល់ប្រជាជនក្នុងភូមិចំនួន១០៣ ក្នុងឃុំចំនួន១៥ នៃស្រុកចំនួន៤ តាមរយៈការលើកកម្ពស់ភាពជាម្ចាស់មូលដ្ឋាន និងនិរន្តរភាព។ អំឡុងពេលនោះ កុមារងាយរងគ្រោះបំផុតចំនួន ២៤ ០៧៣ នាក់ និងគ្រួសាររបស់ពួកគេបានទទួលការគាំទ្រដើម្បីជំនះភាពក្រីក្រ តាមរយៈគម្រោងដោះស្រាយកង្វះអាហារូបត្ថម្ភ ការទទួលបានសុខភាព និងអនាម័យ ការកែលម្អការអប់រំ ការពង្រឹងសិទ្ធិអំណាចយុវជន និងការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា

 

អ្នកស្រី រស់ ពិសី គ្រូបង្រៀនបឋមសិក្សាដែលបានក្លាយជាគ្រូឧទ្ទេសស្រុក បានលើកឡើងថា ខ្លួនបានទទួលការបណ្តុះបណ្តាលលើផ្នែកដូចជា អំពីវិធីសាស្រ្ត លើកកម្ពស់ការអានរបស់សិស្ស ការអប់រំបែបវិជ្ជមាន ការគ្រប់គ្រងបណ្ណាល័យ និងប្រឹក្សាគរុកោសល្យ។ ជាងនេះអ្នកស្រីបានសង្កត់ធ្ងន់ថា សិស្សមានការរីកចម្រើន ហើយក្នុងនាមជាគ្រូបង្រៀនបានប្តេជ្ញាចិត្តសហការជាមួយសហគមន៍ និងអាជ្ញាធរដើម្បីបន្តលើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សក្នុងសហគមន៍។

រូបសកម្មភាពយុវតីនិងក្មេងៗថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា

 

លោកជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ  នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះចាប់ផ្តើមពីកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គម ហើយកម្មវិធីនេះទៀតសោតបានកើតចេញពីភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងចក្ខុវិស័យរួមគ្នាសម្រាប់សុខុមាលភាពកុមារ។ លោកជឿជាក់ថា ការផ្លាស់ប្តូរនេះនឹងមានភាពយូរអង្វែង ខណៈសហគមន៍ទាំងនេះអាចត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តភាពរីកចម្រើននៅក្នុងមូលដ្ឋាន។

រូបភាព៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា

 

អាជ្ញាធរមូលដ្ឋាន សហគមន៍ កុមារ និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានប្រារព្ធពិធីបញ្ចប់កម្មវិធីតំបន់ចំនួន៤នៅក្នុងស្រុកគិរីវង់ គូលែន សូត្រនិគម និងប្រាសាទបល្ល័ង្ក ដោយជោគជ័យក្នុងខែសីហា ឆ្នាំ ២០២៤។ ការប្រារព្ធពិធីអបអរសាទរនេះ ជាការចាប់ផ្តើមដំណាក់កាលថ្មីមួយនៃដំណើរការការផ្លាស់ប្រែដែលគាំទ្រដោយអង្គការទស្សនៈពិភពលោក នៅក្នុងស្រុកចំនួនបួន ដែលផ្តល់ផលដល់ប្រជាពលរដ្ឋជាង ១២៤ ០០០ នាក់ រួមទាំងកុមារចំនួនជាង ៤៥ ០០០ នាក់៕

 

Share

ព័ត៌មានទាក់ទង