ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់អាចកំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីណាត់ជួបគណបក្សសង្គ្រោះជាតិបាននៅទ្បើយទេ ។
សម្តេច ស ខេង បានបញ្ជាក់ដូចនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចេញពីកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ ព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៧ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។
គោលបំណងជំនួបនេះ គឺដើម្បីដោះលែង មន្ត្រីសិទិ្ធមនុស្ស និងមន្ត្រី គ.ជ. ប ពីពន្ធនាគារ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានចោទសួរថាតើ សំណុំរឿងមន្ត្រីសិទ្ធិមនុស្សដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារថាតើនឹងមានចំណាត់ការយ៉ាងណានោះ សម្តេច ស ខេង មានប្រសាសន៍ថា មិនទាន់អាចដោះស្រាយយ៉ាងណានោះទេ ព្រោះសំណុំរឿងនេះស្ថិតក្នុងដៃតុលា ការនៅទ្បើយ ដែលតុលាការកំពុងតែបន្តនីតិវិធីរបស់ខ្លួន។សម្តេច ស ខេង ៖«សូមទោសប៉ុន្មានថ្ងៃនេះខ្ញុំជាប់រវល់ច្រើនពេកមិនទាន់កំណត់ពេលជួបនៅទ្បើយទេ ពាក់ព័ន្ធមន្ត្រីអាដហុកបញ្ហានេះគួរសួរទៅតុលាការព្រោះថាកាលណាតុលាការមិនទាន់មានចំណាត់ការយ៉ាងណាផង»។
មន្ត្រីអាដហុកចំនួន ៤ រូប រួមមាន លោកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន លោក ណៃ វង់ដា ត្រូវបានសាលាដំបូងរាជធានីភ្នំ ពេញសម្រេចឃុំ នៅពន្ធនាគារព្រៃស រងការចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី»។ ចំណែក លោក នី ចរិយា ត្រូវបានជាប់ឃុំជាបណ្ដោះអាសន្ននៅស្នងរដ្ឋាននគរបាលរាជធានី ក្នុងសំណុំរឿងខាងលើនេះផងដែរ ដោយចោទពីបទ «សមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងស្រីមុំដូចគ្នា។
អនុប្រធានចរចាជាមួយគណបក្សប្រជាជនកម្ពុជាលោក យឹម សុវណ្ណ បានផ្តល់បទសម្ភាសន៏ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា គណបក្សសង្គ្រោះជាតិនឹងបន្តជំរុញឱ្យមានការជួបគ្នាឱ្យកាន់តែឆាប់ជាមួយបក្សកាន់អំណាច ដែលអាចធ្វើទៅបានទោះបីជា មិនទាន់កំណត់ពេលវេលាជួបជាមួយគណបក្សសង្គ្រោះជាតិក៏ដោយ។
ចំណែកករណីមន្ត្រីសិទ្ធិមនុស្សដែលឃុំខ្លូននៅពន្ធនាគារ លោក យឹម សុវណ្ណ យល់ឃើញថា វាជារឿងនយោបាយដែលត្រូវតែមានការដោះ ស្រាយដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគេវិញ។លោក យឹម សុវណ្ណ ៖«យើងចង់បានជួបឱ្យបានឆាប់បំផុត ហើយយើងអំពាវនាវឱ្យគណបក្សកាន់ អំណាចហ្នឹងអញ្ចើញមកជួបគ្នាដើម្បីដោះស្រាយបញ្ហាជាពិសេសបញ្ហាដែលមានសារៈសំខាន់ដែលជាឧបសគ្គទៅដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅពេលខាងមុខ យើងចង់ជួបចចារដោះស្រាយបញ្ហានយោបាយ បើគាត់យល់ឃើញការធ្វើហ្នឹងជារឿងត្រឹមត្រូវសម្រាប់សង្គមជាតិគណបក្សសង្គ្រោះជាតិមិនដឹងធ្វើម៉េចទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិយល់ថានេះជារឿងនយោបាយ»។
ករណីនេះ អ្នកសង្កេតការណ៍យល់ថា អាចមកពីបក្សទាំង ២ មិនចុះសម្រុងគ្នា រឿងសម្ងាត់អ្វីមួយ៕