ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែមិថុនា រដ្ឋមន្ដ្រីក្រសួងការងារ លោក អ៊ិត សំហេង បានជួបសំណេះសំណាលជាមួយលោកស្រី ម៉ារៀ សាគ្រីន (Maria Sagren) ឯកអគ្គរាជទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជា នៅទីស្ដីការក្រសួងការងារក្នុងរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោករដ្ឋមន្ដ្រីក្រសួងការងារ មានប្រសាសន៍ថា ប្រទេសស៊ុយអែត នៅតែជាដៃគូពាណិជ្ជកម្ម ដ៏មានសារៈសំខាន់មួយរបស់ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនបញ្ជាទិញ និងកិច្ចសហប្រតិបត្ដិការទ្វេភាគីជាមួយកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករបស់លោករដ្ឋមន្ត្រីការងារដែលផ្សព្វផ្សាយកាលពីព្រហស្បតិ៍ ទី៧មិថុនា។

បន្ថែមពីនេះលោករដ្ឋមន្ដ្រីក្រសួងការងារ ក៏បានបង្ហាញពីការអរគុណចំពោះរដ្ឋាភិបាលស៊ុយអែត ដែលបានគាំទ្រដល់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ ហៅកាត់ថា N.E.A និងការរៀបចំទម្រង់សិក្សាស្រាវជ្រាវលើទីផ្សារកាងារកម្ពុជា ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈផ្សេងៗ។ លោក អ៊ិត សំហេង បញ្ជាក់ថា ចំណុចទាំងអស់នេះ គឺជាផ្នែកមួយ ក្នុងការជំរុញនូវវឌ្ឍនភាព នៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។ លើសពីនេះវាបានផ្ដល់អត្ថប្រយោជន៍ យ៉ាងធំសម្រាប់ការរៀបចំខ្លួនរបស់យុវជន ក៏ដូចជាការរៀបចំគោលនយោបាយនានា។
ក្នុងជំនួបនេះដែរ ឯកអគ្គរាជទូត ស៊ុយអែត មានប្រសាសន៍ថា គឺជាការសហការដ៏ល្អ ចំពោះការទទួលបានការអនុញ្ញាតពីក្រសួងការងារ និងកិច្ចសហប្រតិបត្ដិការជាមួយស្ថានទូតនាពេលកន្លងមក គឺវាបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាល ស៊ុយអែត និងរដ្ឋាភិបាលកម្ពុជា កាន់តែស៊ីជម្រៅ និងរឹងមាំ ពិសេសកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ ហៅកាត់ថា N.E.A លើគម្រោងផ្ដល់កិច្ចសិក្សាស្រាវជ្រាវ លើវិស័យការងារ ក៏ដូចជាកិច្ចសហការទៅលើគម្រោងមួយចំនួនទៀតផងដែរ។ ឯកអគ្គរាជទូត ស៊ុយអែត បានអះអាងថា ខ្លួននឹងនៅតែបន្ដគាំទ្រ និងចូលរួមគ្រប់សកម្មភាព របស់ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ ហៅកាត់ថា N.E.A។
ប្រទេស ស៊ុយអែត ជាដៃគូកិច្ចសហប្រតិបត្ដិការទ្វេភាគីដ៏យូរអង្វែងណាស់មកហើយ ជាមួយព្រះរាជាណាចក្រកម្ពុជា ប្រទេសមួយនេះ បានធ្វើការងារក្នុងវិស័យសំខាន់ៗចំនួន ០៣ គឺលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពយេនឌ័រ ហើយក៏មានវិស័យអប់រំ និងបម្រែបម្រួលអាកាសធាតុផងដែរ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉ូយទ័រ បានឲ្យដឹងថា ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយនេះ ប្រទេសស៊ុយអែត បានផ្ដល់ជំនួយមកកម្ពុជាប្រហែល ១០០លានដុល្លារ៕