en     km
en     km

យុវជនរម្លឹកខួប៨ឆ្នាំដែលខ្មាន់កាំភ្លើងសម្លាប់លោកបណ្ឌិតកែម ឡី ក្នុងនាមសិទ្ធិជាម្ចាស់ប្រទេស

Share

 

យុវជន ក្នុងឱកាសប្រារព្ធខួប៨ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិតកែម ឡី នៅស្ដាម៉ាតស្ដុបបូកគោ។  WMC/KimChanchav

យុវជនដែលបានចូលរួមរម្លឹកខួប៨ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតកែម ឡី  នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងស្រដៀងគ្នាថា ក្នុងនាមប្រជាពលរដ្ឋ ជាយុវជន ដែលបានមើលឃើញពី វីរភាព របស់លោកបណ្ឌិត កែម ឡី មកចូលរួមពិធីរម្លឹកខួបនេះ ក្នុងនាមសិទ្ធិជាម្ចាស់នៃប្រទេស។ លោក គីម ចាន់ចាវ រាយការណ៍

 

យុវតី តឿប ទេវរេវ  មានអាយុ២១ឆ្នាំ ជានិស្សិតជំនាញអក្សរសាស្រ្តខ្មែរ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យរម្លឹកខួប៨ឆ្នាំរបស់លោកបណ្ឌិត កែម ឡី នៅស្ដាម៉ាត ក្នុងទីក្រុងភ្នំពេញ មុននឹងទៅប្រារព្ធបន្តនៅស្រុកកំណើតរបស់លោកបណ្ឌិតនៅខេត្តតាកែវបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនឱ្យដឹងថា កាលពីមុន ទេវរេវ មិនបានស្គាល់លោកបណ្ឌិត កែម ឡី មិនបានរៀនផ្ទាល់ជាមួយលោកទេ គឺបានស្គាល់លោកបន្ទាប់ពីលោកបានស្លាប់រួចមកហើយ។ មូលហេតុដែលចូលរួមពេលនេះគឺដោយសារបានឃើញអំពីវីរភាព ភាពពិប្រាកដរបស់លោកបណ្ឌិត ដោយសារតម្លៃ ក្នុងការនិយាយការពិត តម្លៃគុណធម៌ សីលធម៌ អ្វីដែលលោកបណ្ឌិតបានលើកឡើងកន្លងមក មនសិកាក្នុងការចូលរួមក្នុងនាមជា ពលរដ្ឋ ក្នុងនាម បញ្ញវន្ត និងបញ្ញាជន​ជាដើម។ ទេវរេវបន្តថា លោកបណ្ឌិតកែម ឡី តែងតែបណ្ដុះផ្នត់គំនិត ស្មារតី មនសិកា ស្នេហាជាតិ ទៅដល់យុវជន ជំនាន់ក្រោយៗថា ត្រូវឱ្យហ៊ាន និយាយការពិត ត្រូវហ៊ាននិយាយនូវអ្វី ដែលយើងបានគិត ហើយមិនបោះបង់នូវអ្វីដែលជាការពិត ព្រមលើកឡើងអំពីបញ្ហា ដែលយើងបានជួបប្រទះ។

 

ទេវរេវ មានអារម្មណ៍ថា​ បន្ទាប់ពីបានយល់ បានមើលពីវីដេអូ ពីការវិភាគរបស់លោកបណ្ឌិតរួចមក ធ្វើឱ្យដក់ជាប់ក្នុងចិត្ត ជាពិសេសវីរភាពរបស់លោកគឺជាអ្វីដែល មនុស្សគ្រប់គ្នាត្រូវតែគិត ត្រូវតែធ្វើបន្តពីគាត់ ក្នុងនាមជាកូនខ្មែរ យើងគួរតែទទួលស្គាល់ថា គាត់គឺជាគំរូ ដ៏អស្ចារ្យ។

«ដោយសារប្រជាជនពលរដ្ឋ មានការស្រលាញ់ការគោរព ចំពោះគាត់បានជា អ្វីដែលគាត់បាននិយាយគឺជាពិត ប្រជាពលរដ្ឋភាគច្រើនយល់ជ្រាប ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកបណ្ឌិតកែម ឡីជាអ្នកវិភាគឯករាជ្យ ជាអ្នកនិយាយការពិត មិននិយាយការពារ លោកតែងតែនិយាយដដែលៗឱ្យប្រជាពលរដ្ឋ ឱ្យធ្វើបែបណាទើបសង្គមនឹងរីកចម្រើនទៅមុខបាន មួយវិញទៀតចំពោះការរម្លឹកនឹង ជាការដាស់តឿននូវស្មារតី របស់ទេវរេវផ្ទាល់ផងដែរ ចំពោះការរស់នៅ ការប្រើប្រាស់ទំនាក់ទំនងអ្វីផ្សេងៗ ចំពោះការចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ខ្លួនជាដើម គឺការដាស់ស្មារតីរបស់ខ្លួនឯង ឱ្យភ្ញាក់ កុំធ្វើជាមនុស្សដែលរស់ក្នុងសង្គមគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន យើងត្រូវចងចាំពីវីរភាព អ្នកដែលលះបង់ជីវិត លះបង់កម្លាំងកាយចិត្ត ក្នុងការធ្វើឱ្យយើងដឹងខ្លួន ថាយើងឈរត្រង់ចំណុចណា យើងកំពុងដើរទៅដល់ណាហើយ ។»

សហគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការសង្គមស៊ីវិលជាច្រើនទៀតដែលបានជួបជុំគ្នាដើម្បីរម្លឹកខួប ៨ឆ្នាំនៃឃាតកម្មលោកបណ្ឌិតកែមឡី បង្រៀនឱ្យយុវជនខ្មែរចេះគិត កុំឱ្យបាក់ស្បាត យុវជន​បន្តសកម្មភាព​លោកបណ្ឌិត កែម ឡី អនុវត្តន៍សកម្មភាពជាវិជ្ជមាន។ ទាមទារឱ្យមានការដោះលែងលោកកើត សារ៉ាយ និងសកម្មជនបរិស្ថានអ្នកទោសមនសិការ ដោយធ្វើធម្មយាត្រាផ្ដើមពីស្ថានទូតចិនទៅកាន់​ស្ដុបបូកគោ ជាទីកន្លែងដែលលោកបណ្ឌិត កែម ឡីត្រូវបានគេបាញ់សម្លាប់។ ក្នុងនេះដែរក៏មាន អប់រំសីល៥ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡីក្រោមគោលបំណង៖ (១)ដើម្បីផ្សព្វផ្សាយសីល ៥ និង លើកកម្ពស់សីលធម៌សង្គម ។ (២) បណ្តុះស្មារតី ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ឱ្យចូលរួមកិច្ចការងារសង្គម ។(៣) ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់លោកបណ្ឌិត កែម ឡី និង វីរជនស្នេហាជាតិគ្រប់រូប។

យុវតី រៀម ស្រីពេជ្ររតនា អាយុ២០ឆ្នាំ មកពីខេត្តកំពង់ធំ បច្ចុប្បន្នជាអគ្គលេខាធិការនៃសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ ដែលបានចូលយ៉ាងសកម្មក្នុងកម្មវិធីនេះ បានបង្ហាញអំពីការរំពឹងទុកថា យ៉ាងហោចណាស់ កម្មវិធីនេះផ្ដល់ឱ្យប្រជាពលរដ្ឋផ្សេងៗ បានដឹង បានស្គាល់ជាពិសេសយុវជនជំនាន់ក្រោយ ដែលមាន ឆន្ទះមនសិកា ការចងចាំនៃវីរភាពរបស់លោកបណ្ឌិតកែម ឡី ដើម្បីបន្ដកិច្ចការងារសង្គម។ រតនាសង្ឃឹមថា យុតិ្តធម៌ត្រូវតែមានសម្រាប់លោកបណ្ឌិតកែម ឡី និងអ្នកនិយាយការពិតទាំងអស់។

 

យុវតី រៀម ស្រីពេជ្ររតនា អំពាវនាវដល់ពលរដ្ឋទាំងអស់ គួរតែឈឺឆ្អាល ជាជាងឈឺចាប់ ទើបអាចព្យាបាលជំងឺសង្គមមួយនេះបាន ហើយអ្វីដែល នៅតែបន្តសកម្មភាពគឺរតនាចង់ឱ្យ រដ្ឋាភិបាលរកយុត្តិធម៌ជូន មនុស្សទាំងអស់គ្នា ហើយត្រូវតែផ្តល់យុតិធម៌ដល់អ្នកនិយាយការពិត និងឱ្យតុលាការទម្លាក់បទចោទ ចំពោះលោកកើត សារ៉ាយ សកម្មជនបរិស្ថាន អ្នកទោសមនសិកា និងដោះលែងដោយឥតលក្ខខណ្ឌ។ ហើយរដ្ឋាភិបាលត្រូវតែគោរពសិទ្ធិមនុស្ស ធ្វើឱ្យប្រព័ន្ធតុលាការរបស់សង្គម មានភាពឯករាជ្យមួយយ៉ាងពេញលេញជូនប្រជាពលរដ្ឋ។ យុវតី រៀម ស្រីពេជ្ររតនា បានប្ដេជ្ញាថា នឹងនៅតែបន្តសកម្មភាពនេះទៀត។

« ទោះបីរងការគាបសង្កត់ គេធ្វើបាប តែបើគេគាបសង្កត់ហើយ គេធ្វើបាបហើយ មិនដោះស្រាយនោះ ជាពិសេសបើយើងមិនព្រមក្រោកឈរឡើងទៀតនោះ ចឹងរឿងអយុរិធម៌នៅតែកើតមានឡើង ហើយយើងក៏ក្លាយជាមនុស្សម្នាក់ក្នុងរឿងអយុតិធម៌ដែលកើតមាន។  ដូច្នេះរាល់បញ្ហាសង្គមជាតិបើយើងមិនចូលរួមដោះស្រាយ យើងហ្នឹងហើយជាចំណែកមួយក្នុងបញ្ហាមួយហ្នឹងផងដែរ។»

 ចំពោះការចូលរួមនេះ យុវតី ទេវរេវ យល់ថា ការចូលរួមរបស់ប្រជាពលរដ្ឋពិតជាសារសំខាន់ មែនទែន ។ ចំពោះការចូលរបស់ទេវរេវ គ្រាន់តែមួយផ្នែកតូច ប៉ុន្តែទេវរេវគិតថា វាអាចជាផ្នែកដាស់តឿន ក្នុងការផ្សព្វផ្សាយជាសំឡេង ទៅដល់ធារណជន៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង