ភ្នំពេញ៖ នៅទីបំផុតនៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែឧសភា នេះ កម្មករកម្មការិនីរោងចក្រ WP SPORTS ស្ថិតនៅខេត្តស្វាយរៀងយល់ព្រមចូលធ្វើការងារវិញ បន្ទាប់ពីការតវ៉ាទាមទាររបស់កម្មករត្រូវបានដោះស្រាយចប់តាមនីតិវិធីនៃកិច្ចសម្របសម្រួល។ នេះបើតាមការឱ្យដឹងរបស់កម្មកររោងចក្រ WP SPORTS ប្រាប់វិទ្យុស្រ្តីក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ។
កម្មកររូបនោះប្រាប់ថា ក្រុមកម្មករដែលចេញធ្វើកូដកម្មប្រមាណជិត១ពាន់នាក់បានបញ្ចប់ការតវ៉ានិងត្រឡប់ចូលធ្វើការដូចធម្មតាវិញ ដោយលក្ខខណ្ឌដែលកម្មករទាមទារភាគច្រើនត្រូវបានភាគីរោងចក្រយល់ព្រមទទួលយក។
សកម្មភាពតវ៉ារបស់កម្មករកាលពីថ្ងៃទី២៦ខែឧសភា។រូបភាពពីគេហទំព័រសម្ព័ន្ធសហជីពចលនាកម្មករ។
សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៦ ខែឧសភា ម្សិលមិញកម្មករកម្មាការិនីដែលបម្រើការងារនៅក្នុងរោងចក្រ WP SPORTS (CAMBODIA) CO,.LTD ស្ថិតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង បានបដិសេធមិនចូលធ្វើការ ដោយទាមទារឲ្យម្ចាស់ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍មួយចំនួន ដូចជាទឹកដោះគោសម្រាប់កូន កែប្រែលក្ខខណ្ឌម៉ោងចេញធ្វើការងារសម្រាប់អ្នកមានផ្ទៃពោះ រួមទាំងការផ្គត់ផ្តង់ទឹកសុទ្ធឲ្យបានគ្រប់គ្រាន់។
បើតាមព័ត៌មានរបស់សម្ព័ន្ធសហជីពចលនាកម្មករ លក្ខខណ្ឌដែលកម្មករទាមទារមួយចំនួនទៀតរួមមាន សូមឲ្យថៅកែ ទទួលយកកម្មករកម្មការនី ចំនួន៣០នាក់ដែលថៅកែរោងចក្របញ្ឈប់ឲ្យចូលបម្រើការងារវិញ។ សម្រាប់កម្មករកម្មការនីចូលបម្រើការងារថ្មី ក្រុមហ៊ុនត្រូវបង្រៀនជំនាញដល់កម្មករ។ ករណីថ្ងៃសម្រាកបុណ្យជាតិ បើឲ្យកម្មករកម្មការនីធ្វើការបន្ថែមម៉ោងត្រូវបើកប្រាក់ជូនដោយកំណត់ថ្ងៃបើកប្រាក់ឲ្យបានជាក់លាក់ផងដែរ។ជាងនេះកម្មករ ស្នើសុំប្រាក់ថែទាំសុខភាព ១ខែ ៥ដុល្លារ។ ហើយកម្មករស្នើសុំកុំចាំបាច់ស្គែនមុខពេលចេញទៅហូបបាយថ្ងៃត្រង់៕