រូបភាព៖ឯកសារ
ភ្នំពេញ៖ មន្រ្តី ប.ស.ស ពន្យល់ថា សម្រាប់កម្មការិនីដែលមានប័ណ្ណ ប.ស.ស នៅមានសុពលភាពហើយបានទៅពិនិត្យផ្ទៃពោះទៀងទាត់ គឺអាចទទួលបានសាច់ប្រាក់ឧបត្ថម្ភដដែលរហូតដល់កូនអាយុ២ឆ្នាំ ទោះបីជាកម្មការិនីរូបនោះលាឈប់ពីការងារក៏ដោយចុះ។ ការពន្យល់នេះតបទៅនឹងចង្ងល់របស់អតីតកម្មាការិនីម្នាក់ដែលឆ្ងល់ថា តើខ្លួនអាចទទួលបានសាច់ប្រាក់ឧបត្ថម្ភដូចមុនបានទៀតទេ ដ្បិតទើបទិញ ប.ស.ស ប្រើជាបុគ្គលស្វ័យនិយោជន៍ ខណៈអ្នកស្រីលាឈប់ពីការងារជាង ៥ ឆ្នាំមកហើយនោះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកស្រី ពេជ្រ សុខន ធ្លាប់ធ្វើការងារជាកម្មការិនីរោងចក្រកាត់ដេរហើយបានលាឈប់ការងាររយៈជាង ៥ ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នអ្នកស្រីជាស្រ្តីមេផ្ទះដោយមិនទាន់ចាប់ផ្តើមប្រកបការងារអ្វីនោះទេ ខណៈនៅគ្រប់គ្រងផ្ទះនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រូបភាព៖ អ្នកស្រី ពេជ្រ សុខនកំពុងផ្តល់សម្ភាសន៍
ថ្មីៗនេះអ្នកស្រី ពេជ្រ សុខន បានសម្រេចចិត្តបង់ភាគទានជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីប្រើប្រាស់សេវាបណ្ណ ប.ស.ស ផ្នែកថែទាំសុខភាពខណៈពេលអ្នកស្រីកំពុងមានផ្ទៃពោះ៣ខែ។ មូលហេតុដែលអ្នកស្រីសម្រេចទិញ ប.ស.ស ប្រើវិញបែបនេះ ព្រោះកាលពីអ្នកនៅធ្វើការងារជាកម្មករកាត់ដេរអ្នកស្រីទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប័ណ្ណ ប.ស.ស ពិសេសទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភពេលទៅពិនិត្យផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។
អ្នកស្រី ពេជ្រ សុខន ចុះបញ្ជីនៅប.ស.ស នាមជាបុគ្គលស្វ័យនិយោជន៍ជិតបាន ២ខែគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ដាក់ជាចង្ងល់ថា តើអ្នកស្រីអាចទទួលបានសាច់ប្រាក់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះចំនួន៨ម៉ឺនរៀល និងពេលសម្រាលចំនួន ៨០ម៉ឺនរៀលបានដូចកម្មការិនីដែរឬទេ ខណៈអ្នកស្រីក៏កំពុងពពោះកូនបានបីខែ។
អ្នកស្រី ពេជ្រ សុខន៖«ព័ត៌មានហ្នឹងខ្ញុំអត់សូវដឹងច្បាស់ដែរ តែបើអ្នករោងចក្រដឹងតែបាន ពេលទៅអេកូ តែបើអ្នកនៅផ្ទះដូចខ្ញុំ ៗអត់ទាន់ដឹងទេ»។
អតីតកម្មការិនីរោងចក្រកាត់ដេរអ្នកស្រី ពេជ្រ សុខន រំពឹងថា អ្នកស្រីនឹងអាចទទួលថវិកាពីរដ្ឋាភិបាលកំឡុងពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល និងរហូតដល់កូនមានអាយុ ២ឆ្នាំ ដ្បិតការទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភនេះនឹងជួយសម្រួលដល់ការចំណាយផ្សេងៗក្នុងគ្រួសារ។
រូបភាព៖Oxfom លោកបណ្ឌិត ហេងសុផាន់ណារិទ្ធ
ទាក់ទិនរឿងនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយរងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ពន្យល់ថា បុគ្គលស្វ័យនិយោជន៍ជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ដូចជាសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដូចកម្មការិនី ឬនិយោជិតធ្វើការនៅក្នុងវិស័យឯកជនផ្សេងទៀតដែរ។ តែអ្វីខុសពីកម្មករគឺបុគ្គលស្វ័យនិយោជន៍មិនទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ៖«គឺគាត់ទទួលបានសេវាព្យាបាលនៅមូលដ្ឋាន ដៃគូ ប.ស.ស ទាំងរដ្ឋនិងឯកជន ដោយឥតគិតថ្លៃ និងក្នុងករណីបានបង់ភាគទាន៩ខែក្នុងរយៈពេល១២ខែ គិតមកដល់ថ្ងៃសម្រាលគាត់នឹងទទួលបានប្រាក់បំណាច់មាតុភាពដែលមានទឹកប្រាក់១លាន២៦ម៉ឺនរៀល ពីបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ»។
ដោយឡែកទាក់ទងករណី កម្មាការិនីមានផ្ទៃពោះទើបលាឈប់ពីការងារវិញ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ លើកឡើងថា ករណីកម្មការិនីធ្លាប់ទៅពិនិត្យផ្ទៃពោះប្រើ ប.ស.ស ហើយប័ណ្ណនៅមានសុពលភាពនិងបានចុះបញ្ជី នោះលក្ខខណ្ឌពិសេសសម្រាប់ការទៅពិនិត្យផ្ទៃពោះម្តងទទួលបានថវិកាចំនួន ៨ម៉ឺនរៀល នៅតែទទួលបានរហូតដល់កូនមានអាយុ ២ ឆ្នាំទើបបញ្ចប់។
រូបភាព៖Oxfom លោក សុក បូរ៉ា ពន្យល់ពីកម្មការិនីមានផ្ទៃពោះនិងមានប័ណ្ណ ប.ស.សនៅមានសុពលភាព
លោក សុកបូរ៉ា៖« គាត់មានគភ៌បាន៥សប្តាហ៍ គាត់ទៅចុះឈ្មោះនៅប.ស.ស អ៊ីចឹងគាត់បាន៨ម៉ឹន វគ្គទី ៣ ទី៤ មុនសម្រាលគាត់ទៅពិនិត្យសុខភាព។ មុនពេលសម្រាលគាត់ឈប់ធ្វើការ ហើយប្អូនស្រីហ្នឹងគាត់ទៅពិនិត្យសុខភាពម្តងទៀត តាមកាលបរិច្ឆេទដែលកំណត់ គាត់ទៅពិនិត្យបាន៨ម៉ឺន ពេលដែលគាត់កើតកូនប្រាក់៨០ម៉ឺនក៏នៅតែបន្តឱ្យគាត់ដដែលទោះបីជាគាត់ឈប់ធ្វើការក៏ដោយ។កើតកូនហើយ គាត់ទៅពិនិត្យសុខភាពក្រោយសម្រាលចំនួន៣ដង ទៅពិនិត្យម្តងបាន៨ម៉ឺន រាប់ពីកើតរហូតបាន៤៥ថ្ងៃ និងកូនអាយុ២ខែកន្លះទៅទទួលវ៉ាក់សាំង កូនក៏បាន៨ម៉ឺនដែរ អ៊ីចឹងទោះបីគាត់ឈប់ធ្វើការក៏ដោយ សំខាន់ពេលគាត់មានគភ៌ ប័ណ្ណ ប.ស.ស មានសុពលភាព និងចុះបញ្ជីនៅប.ស.ស »។
រូបភាព៖ អ្នកស្រី អេង មុំ ផ្តល់បទសម្ភាសន៍
ដោយឡែក កម្មការិនីមួយរូបដែលទើបសម្រាលកូនរួច២ខែ អ្នកស្រី អេង មុំ បានឱ្យដឹងថា អ្នកស្រីទៅទទួលសេវាសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ ប.ស.ស ហើយមិនត្រូវបង់ថ្លៃអ្វីទាំងអស់សម្រាប់មន្ទីរពេទ្យ។ ជាមួយគ្នានេះការមានប័ណ្ណ ប.ស.ស អ្នកស្រីក៏ទទួលបានថវិកាពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀល និងពី ប.ស.ស ផងដែរ។ អ្នកស្រី អេង មុំ៖« បានលុយពីសម្តេចពុក៨០ម៉ឺនរៀល និងពីក្រសួង៩៦ម៉ឺនរៀល ពេលបានលុយពី ប ស ស ហ្នឹងយកមកចំណាយលើទឹកដោះគោកូន និយាយរួមទិញរបស់របរកូនទាំងអស់ ថ្លៃមន្ទីរពេទ្យអត់អស់លុយទេ អស់តែថ្លៃយើងហូបចុកខ្លួនឯង»។
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ប្រភេទដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួលបាន ដោយគ្រាន់ចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាបាលដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន ទី១. ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២. ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។
បុគ្គលស្វ័យនិយោជន៍ សំដៅដល់បុគ្គលដែលប្រកបការងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្ដល់ដោយនិយោជក ឬក៏រដ្ឋ តាមកិច្ចសន្យាការងារ។
តាមការឱ្យដឹងពីលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ រយៈពេល៦ខែដើមឆ្នាំ២០២៤បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តន៍បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ សរុបម្តាយចំនួន៨៧៦៦៥ នាក់ និងកូនចំនួន ៨៤៣១២នាក់ ដោយចំណាយថវិកាអស់ ហាសិបពាន់បួនរយម្ភៃពីរលានរៀល៕