ភ្នំពេញ៖ បន្ទាប់ពីរួចផុតជីវិតពីហេតុការណ៍គ្រោះរញ្ជួយដីរលំអគារនៅប្រទេសថៃ គឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យបង្អែកខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកជនរងគ្រោះអ្នកស្រី សឿន សំណាង ទៅព្យាបាលរបួសបាក់កែងជើងនៅពេទ្យបង្អែកខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់ដែលឃ្លាំមើលរឿងនេះ។
សកម្មភាពក្រុមគ្រូពេទ្យដឹកអ្នកស្រី សំណាង ទៅព្យាបាលរបួសបាក់កែងជើង។រូបភាពពីសង់ត្រាល់។
បើតាមសង់ត្រាល់ ពលការិនី សឿន សំណាង ជួបគ្រោះថ្នាក់បាក់កែងជើង ក្នុងហេតុការណ៍គ្រោះរញ្ជួយដីបាក់រលំអគារ កម្ពស់ ៣០ជាន់ ក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានជួយសង្គ្រោះនិងដឹកត្រឡប់មកផ្ទះវិញកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
យោងតាមសាច់ញាតិបញ្ជាក់ប្រាប់ក្រុមការងារអង្គការសង់ត្រាល់ថា ពលការិនី សឿន សំណាង ហៅ ចូច សំណាង មានសារជីវភាពខ្វះខាត ជាប់បំណុល ដូច្នេះក៏សម្រេចចិត្តទៅរកការងារនៅប្រទេសថៃ ដើម្បីឱ្យជីវភាពធូរប្រសើរ។ ជាងនេះ អ្នកស្រីសំណាង បានខ្ជីលុយគេបន្ថែមដើម្បីធ្វើឯកសារ ដោយរំពឹងថា នឹងគេចផុតពីហានិភ័យផ្សេងៗ។ ក៏ប៉ុន្តែជាអកុសល អ្នកស្រីត្រូវជួបគ្រោះរញ្ជួយដីរលំអគារ រងរបួសធ្ងន់បាក់កែងជើង ខណៈទើបតែធ្វើការបានមួយរយៈខ្លីពុំទាន់បានប្រាក់បៀរវត្តន៍ខែដំបូងនៅឡើយ។
សកម្មភាពមន្រ្តីពាក់ព័ន្ធចុះជួបអ្នកស្រីសំណាងនៅផ្ទះអ្នកស្រី។រូបភាពពីសង់ត្រាល់។
សូមបញ្ជាក់ថា អ្នកស្រី សំណាង មានទីលំនៅភូមិវាថ្នល់ ឃុំសាគ្រាម ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាកូនកំព្រាតាំងពីតូចដោយអ្នកស្រីរស់នៅជាមួយម្តាយមីង ។ អ្នកស្រីព្រមទាំងប្តីនិងកូន ទៅធ្វើការនៅថៃបានត្រឹម១២ថ្ងៃប៉ុណ្ណោះ ក៏កើតហេតុនេះឡើង។ ពលការិនីរូបនេះ សង្ឃឹមថា នឹងបានសំណងខ្លះៗពីថៅកែម៉ៅការសំណង់ និងរដ្ឋាភិបាលរបស់ថៃ ពិសេសប័ណ្ណប្រកាន់សង្គមថៃ ដើម្បីមានលទ្ធភាពបន្តការដោះបំណុល ទ្រទ្រង់ជីវភាព ចិញ្ចឹមកូនៗ៕