ក្រុមស្រ្តីថ្ងៃសុក្រ ប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសប៊ុក ADHOC
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេច ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំងនាពេលខាងមុខនេះ ក្រុមស្រ្តីថ្ងៃសុក្រ សម្តែងក្តីរំពឹងទុកថាឯកអគ្គរដ្ឋទូតបារាំង ព្រមទាំងរាជរដ្ឋាភិបាលនឹងយកបញ្ហារបស់ពួកគេដែលមានសាច់ញាតិកំពុងតែជាប់ពន្ធធនាគា ក្រោមបទចោទ«រួមគំនិតក្បត់ និងញុះញង់» ពាក់ព័ន្ធនឹងសកម្មភាបនយោបាយ យកទៅពិភាក្សា និងដាក់ចេញជាការកត់សម្គាល់ជាក់លាក់ណាមួយសម្រាប់សកម្មជននយោបាយទាំងអស់ ដោយតំណាងក្រុមស្ត្រីថ្ងៃសុក្រអះអាងថាបញ្ហាទាំងនេះសុទ្ធសឹងតែជាបញ្ហាលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលគួរពិចារណា និងរកដំណោះស្រាយ។
កញ្ញា គុជ ស៊ីកុល រាយការណ៍…………………
បន្ទាប់ពីក្រុមស្រ្តីថ្ងៃសុក្រ ប្រមូលផ្តុំគ្នានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅខាងមុខស្ថានទូតបារាំងដើម្បីស្នើសុំឱ្យដោះលែងសាច់ញាតិរបស់ពួកគេដែលជាប់ចោទពីបទរួមគំនិតក្បត់ និងញុះញង់ និងទទូចឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់លើសកម្មជនសង្គម និងនយោបាយ តំណាងស្រ្ដីថ្ងៃសុក្រម្នាក់ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភា អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធធនាគាបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងនាំយកបញ្ហាទាំងនេះទៅដល់ប្រធានាធិបតីបារាំង ហើយទាញយកប្រធានបទនេះជជែកពិភាក្សា ក្នុងឱកាសដែលសម្តេច ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
«ដោយសារសម្តេច ហ៊ុន ម៉ាណែត លោកអញ្ជើញទៅបារាំងនៅថ្ងៃទី១៨ អ៊ីចឹងខ្ញុំទៅជម្រាបស្ថានអគ្គរាជទូត ក៏ដូចជាស្ថានទូតហ្នឹងពាំនាំពាក្យរបស់ពួកខ្ញុំទៅប្រាប់ លោក ម៉ាក្រុង(ប្រធានាធិបតីបារាំង) ដើម្បីឱ្យលោកពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត ដើម្បីជួយឱ្យធ្វើយ៉ាងណាក៏ដោយជួយឱ្យដោះលែង ក្រុមគ្រួសាររបស់ពួកខ្ញុំឱ្យមានសេរីភាពឡើងវិញក៏ដូចជាសកម្មជនដទៃចឹងទៅណាស់ចាសអរគុណ។»
មូលហេតុដែលបណ្តាលឱ្យតំណាងក្រុមស្រ្តីថ្ងៃសុក្រដាក់ក្តីរំពឹងទូកបែបនេះអ្នកស្រី ព្រុំ ចាន់ថា សំអាងលើការដឹកនាំបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយអ្នកស្រីជឿជាក់ថាក្នុងនាមជារដ្ឋាភិបាលនឹងមិនចង់ឃើញបណ្តាប្រទេសជិតខាងមើលឃើញពីស្ថានភាពមិនល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
«បងសង្ឃឹមថាអ្វីដែលបងស្នើទៅកាន់រដ្ឋាភិបាលក៏ដូចជាស្ថានទូតទាំងបារាំងទាំងអីហ្នឹង ខ្ញុំសង្ឃឹមថានឹងអាចមានអ្វីជាការកត់សម្គាល់ និងមានការពិភាក្សាគ្នា ឬដោះលែងមកវិញឆាប់ៗ ដោយសារគាត់ក៏មិនចង់ឃើញអ្វីដែល ដូចជាធ្វើបាបប្រជាពលរដ្ឋខ្លួនឯងក៏ដូចជាទាក់ទងមនសិកា ណាមួយយើងមានសន្ធិសញ្ញា ២៣ តុលា ២០២៣ ទីក្រុងប៉ារីសផងផ្តោតសមខាន់គឺមានអាហ្នឹង អ៊ីចឹងនឹងអាចពិភាក្សាឬក៏ពិចារណាឱ្យមានការដោះលែងឆាប់ៗនេះផង។»
ពាក់ព័ន្ធបញ្ហានេះបុគ្គលដែលជាសាច់ញាតិក្រុមស្រ្តីថ្ងៃសុក្រ ភាគច្រើនជាសកម្មជននយោបាយ និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ។ យ៉ាងណាមិញក្រោយពីលោក សម រង្ស៊ី បានប្រកាសវិលចូលកម្ពុជាសាជាថ្មីម្តងទៀតមក តុលាការស្ទើរគ្រប់រាជធានី-ខេត្ត បានសើរើសំណុំរឿងចាស់ៗ និងកោះហៅសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនធំឱ្យចូលរួមក្នុងសវនាការជាបន្តបន្ទាប់ ហើយមានករណីខ្លះ តុលាការបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ ពី ៥ឆ្នាំដល់ ៧ឆ្នាំ។ យ៉ាងណាមិញ សកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ ត្រូវបានអាជ្ញាធរបានចាប់ឃុំខ្លួន ដោយចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ជាតិ ញុះញង់ឱ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គម។ កន្លងមកទល់នឹងបច្ចប្បន្ន គេសង្កេតឃើញថាបុគ្គលមួយចំនួនក៏ត្រូវបានដោះលែងមកវិញ និងមួយចំនួនទៀតស្ថិតក្នុងពន្ធធនាគានៅឡើយ។
ជារឿយៗ ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាប្រពន្ធ និងកូនរបស់សកម្មជននយោបាយកំពុងជាប់ឃុំទាំងនោះ បាននាំគ្នាជួបជុំដាក់ញត្តិទៅស្ថានទូត លោកសេរីមួយចំនួន ដូចជាស្ថានទូតអឺរ៉ុប (EU) ស្ថានទូតអាមេរិក និងស្ថានទូតអាល្លឺម៉ង់ (German) ជាដើម ដើម្បីសុំការអន្តរាគមន៍ទៅរដ្ឋាភិបាល ដោះលែងសាច់ញាតិរបស់ពួកគេ ដោយជាប់ឃុំដោយសារសកម្មភាពនយោបាយរបស់ខ្លួន៕