ភ្នំពេញ ៖ ករណីចាប់រំលោភស្ដ្រី នៅតែកើតមាន បើទោះជាអាជ្ញាធរបានអនុវត្ដន៍ច្បាប់លើជនប្រព្រឹត្ដយ៉ាងណាក៏ដោយ ដែលករណីនេះ សង្គមស៊ីវិលធ្វើការងារលើកិច្ចការពារសិទ្ធិមនុស្ស សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការ ការពារស្ដ្រីឲ្យបានខ្លាំង និងរឹតបន្ដឹងការអនុវត្ដន៍ច្បាប់លើជនល្មើសឲ្យតឹងរឹង។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរខេត្ដរតនគិរី បានរកឃើញសាកសពស្ត្រីជនជាតិដើមភាគតិចទំពួនម្នាក់ ស្លាប់ក្នុងចំការដំឡូង ស្ថិតក្នុងភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្ដរតនគិរី។ ស្ត្រីរងគ្រោះមានឈ្មោះ កេល លាភអាយុ ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្ដរតនគិរី។ ក្រោយរកឃើញសាកសពសមត្ថកិច្ចបានអះអាងថា នារីរងគ្រោះត្រូវបានចាប់រំលោភហើយសម្លាប់។ តែយ៉ាងណា នេះមិនមែនជាករណីដំបូងទេ ដែលមានជនល្មើសបានធ្វើសកម្មភាពចាប់រំលោភលើស្ដ្រី ហើយសម្លាប់បំបិទមាត់ដូចនេះ។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដរតនគិរី ដែលបានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
លោក ឌិន ខន្នី មន្ដ្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដរតនគិរី បានឲ្យដឹងថា យ៉ាងហោចណាស់ គឺនៅខែខ្លះមានពីរករណីបានកើតឡើង ទៅលើស្ដ្រីវ័យជំទង់ក្នុងខេត្ដរតនគិរី ដោយត្រូវបានចាប់រំលោភ ហើយករណីខ្លះបានឈានដល់ការសម្លាប់បំបិទមាត់ថែមទៀត។ មូលហេតុដែលនាំឲ្យកើតមានករណីលោភលើស្ដ្រី ជាញឹកញាប់បែបនេះលោក ឌិន ខន្នី មើលឃើញថា អាចបណ្ដាលមកពីការអនុវត្ដន៍ច្បាប់លើជនប្រព្រឹត្ដហាក់នៅមានភាពធូររលុង ដែលមិនបានផ្ដល់ជាមេរៀនគំរាមដល់ជនមានគំនិត មិនល្អដទៃទៀត ឲ្យខ្លាចរអា។ លោក ឌិន ខន្នី ៖«ដូចខ្ញុំនិយាយខាងដើមអញ្ចឹង គឺទាក់ទាងនិងការអនុវត្ដច្បាប់ហ្នឹង គឺជាផ្នែកមួយដែលខ្ញុំបាននិយាយហើយថា ជួនកាលវាអាចធូររលុងដែលធ្វើឲ្យជនប្រព្រឹត្ដអត់ទទួលនូវទោសដែលធ្វើជាគំរូដល់សង្គម»។
ជាមួយគ្នានេះមន្ដ្រីសម្របសម្រួលសមាគមការពារសិទិ្ធអាដហុកប្រចាំខេត្ដរតនគិរី មានក្ដីបារម្ភជាខ្លាំងចំពោះសុវត្ថិភាពស្ដ្រីក្នុងខេត្ដនេះ ដោយបញ្ជាក់ថា បើសិនជាអំពើរំលោភសេពសន្ថវៈលើស្ដ្រីនៅតែកើតមាន វានឹងបង្កបញ្ហាជាច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ស្ដ្រី ដែលមានជាអាទិ៍ ពួកគេនឹងរស់នៅទាំងការភ័យខ្លាច មិនហ៊ានចេញពីផ្ទះដើម្បីប្រកបការងារប្រចាំថ្ងៃ ហើយពួកគេនឹងក្លាយជាបន្ទុករបស់រដ្ឋាភិបាល។ លើសពីនេះវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និងទំនៀមទម្លាប់ល្អ របស់ខ្មែរដែលធ្លាប់មានពីមុនមក។
លោក ឌិន ខន្នី យល់ថា ដើម្បីដោះស្រាយ កុំឲ្យមានបញ្ហារំលោភសេពសន្ថវៈលើស្ដ្រីបន្ដទៀត អាជ្ញាធរមូលដ្ឋានគួរតែរឹតបន្ដឹងការអនុវត្ដន៍ច្បាប់ឲ្យបានធ្ងន់ធ្ងរចំពោះជនល្មើស ចុះអប់រំដល់ស្ដ្រីក្នុងសហគមន៍ឲ្យបានញឹកញាប់ស្ដីពីការ ការពារខ្លួន ពីការប៉ុនប៉ងចាប់រំលោភពីជនល្មើស។ លោក ឌិន ខន្នី៖«អាជ្ញាធរខេត្ដគាត់ គួរតែមានកម្មវិធីអប់រំដល់ស្ដ្រីដែលងាយរងគ្រោះ ស្ដ្រីទន់ខ្សោយហ្នឹងឲ្យគាត់មានការយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ផ្សេងៗទាក់ទិននឹងការចាប់រំលោភ គាត់អាចចុះអប់រំតាមសហគមន៍ទៅ អាហ្នឹងខ្ញុំគិតថា នឹងធ្វើឲ្យអាចកាត់បន្ថយបទល្មើសរំលោភផ្សេងៗ»។
ទាក់ទិនបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្ដរតនគិរី លោក ងួន តឿន បានប្រាប់វិទ្យុស្ដ្រីថា ពិតជាមានករណីរំលោភសម្លាប់ស្ដ្រីកើតឡើងមែន ក៏ប៉ុន្ដែលោកថា គឺមិនច្រើននោះទេ។ លោកបន្ដថា អាជ្ញាធរបានចាត់វិធានការជាច្រើនជុំវិញការចុះមូលដ្ឋានដើម្បីអប់រំ ផ្សព្វផ្សាយ ឲ្យស្ដ្រីយល់ដឹងពីការ ការពារខ្លួន។ លោក ងួន តឿន ៖«យើងកន្លងមកធ្លាប់ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ខ្ញុំគិតថា វាគ្រប់គ្រាន់ហើយ»។
ជុំវិញករណីចាប់រំលោភសម្លាប់ ស្ដ្រីជនជាតិដើមភាគតិច ទំពួន ខាងលើ លោកស្នងការ ងួន តឿន បានបញ្ជាក់ថា
គិតមកដល់ថ្ងៃទី៣១ ខែតុលា នេះ សមត្ថកិច្ចពុំទាន់ចាប់ជនល្មើសបានទេ ក៏ប៉ុន្ដែលោកបានអះអាងថា សមត្ថកិច្ចមាន តម្រុយ និងមុខសញ្ញាហើយ នៅរង់ចាំតែការប្រមូលភស្ដុតាងបន្ថែមប៉ុណ្ណោះ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ។
រយៈពេលចុងក្រោយនេះ សង្គមស៊ីវិលដែលធ្វើការងារ ផ្នែកសិទ្ធិមនុស្សមើលឃើញថា ហិង្សាលើស្ដ្រីមិនបានថមថយនោះទេ ផ្ទុយទៅវិញវាបានកើតឡើងជាញឹកញាប់ ហើយមានរូបភាពកាន់តែសាហាវថែមទៀត។ មិនតែប៉ុណ្ណោះប្រ័ពន្ធផ្សព្វផ្សាយដែលមានជាអាទិ៍ ទូរទស្សន៍ជាដើម តែងតែបង្ហាញនូវសកម្មភាពហិង្សាលើស្ដ្រីតាមរយៈកម្មវិធីរបស់ពួកគេ។
បើផ្អែកតាមរបាយការណ៍របស់អង្គការមូលនិធិអាស៊ីដែលដាក់បង្ហាញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា អំពើហិង្សាលើស្ដ្រីដែលអាចមិនថយចុះបាន ពីព្រោះតែកម្មវិធីមួយចំនួនរបស់ស្ថានីយ៍ទូរទស្សន៍ល្បីៗ នៅកម្ពុជា សុទ្ធតែផ្ទុកនូវខ្លឹមសារអំពើហិង្សា គ្រប់ទម្រង់ទៅលើស្ត្រី។ បន្ថែមពីនេះអង្គការនេះបានរកឃើញទៀតថា អំពើហិង្សាលើស្ដ្រីនិងកុមារ ភាគច្រើនទាំងអ្នករងគ្រោះនិងអ្នកប្រព្រឹត្ដ គឺពួកគេមានការចេះដឹងតិចតួច ហើយជាងនេះពួកគេជាក្រុមមនុស្សមានអាយុចន្លោះពី ២៦ដល់ ៤៩ឆ្នាំ ហើយជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាល៕