ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ឲ្យដឹងថាករណីស្រី្តម្នាក់ដែលយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជានឹងអាចចាប់ខ្លួនមកផ្តន្ទាទោស បើអាជ្ញាធរថៃនិរទេសមកកម្ពុជា។ តែមេធាវីរបស់ស្ត្រីខ្មែររូបនេះព្រមានពីការគ្រោះថ្នាក់ដល់កូនក្តីខ្លួន បើអាជ្ញាធរកម្ពុជាប្រគល់ខ្លួនអោយអាជ្ញាធរកម្ពុជា។

ស្ត្រីម្នាក់យកស្បែកគប់ស្លាកគណបក្សប្រជាជនកម្ពុជានិងបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលបានរត់គេចខ្លួនទៅប្រទេសថៃគេចវេសពីការចាប់ខ្លួនករណីប្រមាថប្រមុខរដ្ឋាភិបាលកំពុងប្រឈមមុខនិរទេសខ្លួនពីប្រទេសថៃមកកម្ពុជា។នេះបើតាមបណ្តាញផ្សាយព័ត៌មាន Al Jazeera។
បើយោងតាមបណ្តាញផ្សាយព័ត៌មានAl Jazeeraបានចុះផ្សាយថាតុលាការថៃចោទប្រកាន់ស្ត្រីខ្មែរម្នាក់ឈ្មោះ សំ សុខា បានសា្នក់នៅខុសច្បាប់ព្រោះទិដ្ឋាការផុតសុពលភាព។
ស្ត្រីម្នាក់នេះអាចប្រឈមនឹងធ្វើនិរទេសមកកម្ពុជាហើយប្រឈមនឹងគ្រោះថ្នាក់ បើទោះបីជាទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិទទួលស្គាល់នាងជាជនភៀសខ្លួនក៏ដោយ។នេះបើតាម មេធាវីរបស់នាង សំ សុខា ឈ្មោះ Koreeyor Manuchae។
បណ្តាញផ្សាយព័ត៌មានAl Jazeera ឲ្យដឹងថា អ្នកនាង សំ សុខា វ័យ ៣៨ ឆ្នាំ ត្រូវបានតុលាការថៃកាត់ដោយព្យួរទោសនិងផាកពិន័យជាប្រាក់ចំនួន៣០០០បាតប្រហែល៩៤ដុល្លារ។ប៉ុន្តែនាងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តោប្រវេសន៍មួយនៅក្នុងទីក្រុងបាកកក។អាជ្ញាធរថៃបានចាប់ខ្លួននាង សំ សុខា នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៨។
Al Jazeera បានដកស្រង់សំដីរបស់មេធាវីនាង សំ សុខាមកចុះផ្សាយថា«បើនិរទេសនាងសំ សុខា មកកម្ពុជាដូចបញ្ជូននាងមកស្លាប់។ដោយកូនក្តីខ្ញុំព្រួយបារម្ភខ្លាំង បន្ទាប់ពីនាងត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធឲ្យបញ្ជូននាងមកកម្ពុជា»។
បើតាមការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេសឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សន្ទរី មិនបានដឹងពីសំណើបត្យាប័នទេ។លោក គៀត ច័ន្ទ ថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិក៏មិនបានចាំរឿងព្រហ្មទណ្ឌរបស់នាង សំ សុខាទេ។ប៉ុន្តែលោកទទូចឲ្យអាជ្ញាធរចាត់ការអំពើរបស់នាង។
ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វិទ្យុស្ត្រីថា កម្ពុជា-ថៃពុំទាន់មានកិច្ចព្រមព្រៀងលើបត្យាប័នទេ។ ទោះបីយ៉ាងណាលោកថាកម្ពុជាអាចស្នើសុំជនសង្ស័យដើម្បីផ្តន្ទាទោស។ លោក ជិន ម៉ាលីន អះអាងថាករណីជនសង្ស័យឈ្មោះ សំ សុខា នឹងអាចចាប់ខ្លួនបើនិរទេសមកកម្ពុជាមែននោះ។
លោក ជិន ម៉ាលីន៖«គាត់បានប្រព្រឹត្តិបទល្មើសនៅកម្ពុជាយើងមានបណ្តឹងនៅតុលាការកាលណាគាត់ចូលមកវិញ ឥឡូវគាត់គេចពីបណ្តឹងដំណើរនីតិវិធីរបស់តុលាការ បើសិនគាត់ចូលមកវិញគាត់ត្រូេវតែទទួលនូវច្បាប់ក្នុងប្រទេសកម្ពុជា។»
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ សាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាឲ្យចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិក្រោមបទចោទជេរប្រមាថនិងញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៤ ៤៩៦ និង៥០២នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់ពីបទជេរប្រមាថត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា៦ថ្ងៃនិងពិន័យជាប្រាក់១សែនរៀល។រីឯបទចោទញុះញង់ឲ្យមានការរើសអើងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអតិបរមា៣ឆ្នាំនិងពិន័យជាប្រាក់៦លានរៀល៕