ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រតិកម្មនឹងការគ្រប់គ្រប់គ្រងសណ្ដាប់ធ្នាប់ចរាចរណ៍មិនល្អនៅខាងមុខផ្ទះសម្ដេចនៅវិមានឯករាជ្យ ដែលករណីនេះ សម្ដេចខឹងដល់លោកអភិបាលខណ្ឌដូនពេញ ហើយគំរាមដកតំណែង។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមានដកតំណែងអភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ ដោយសារបញ្ហាចរាចរណ៍គ្មានសណ្តាប់ធ្នាប់នៅវិមានឯករាជ្យក្បែរផ្ទះសម្តេច។
បន្ទាប់សម្តេចបានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះសម្តេច ហ៊ុន សែន បានថ្លែងថាបញ្ហាចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យគ្មានសណ្តាប់ធ្នាប់ដោយសារការបើកបរមិនគោរពច្បាប់ មិនពាក់មួកសុវត្ថិភាព ជិះបញ្ច្រាសទិសជាដើម។
ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ដ្រីបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល កម្មករ-កម្មាការិនីរោងចក្រជាង១ម៉ឺននាក់នៅព្រឹកថ្ងៃទី៣ មករា ២០១៨នេះ។ សម្តេចបន្ថែមថាបើមិនអាចដោះស្រាយបញ្ហាចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យបានអ្នកដកតំណែងមុនគេគឺអភិបាលខណ្ឌដូនពេញ។
«តើភ្នែករបស់អស់លោកទៅណាអស់បានជាបង្កើតផ្លូវថ្មី បានសេចក្តីថាអាផ្លូវហ្នឹង ផ្លូវវិមានឯករាជ្យវាមានផ្លូវពីរសុទតែផ្លូវទៅមក។ខាងនោះចំការមនផ្ទះរបស់ខ្ញុំគឺមានព្រំប្រទល់អាសួនច្បារម្ខាងដូចពេញម្ខាងទៀតចំការមន។បន្ទូលអ្នកអនុវត្តន៍ច្បាប់ហេតុអ្វីប៉ុណ្ណឹងមិនមើលចៅហ្វាយក្រុងចូលនិវត្តបអស់ប៉ុន្មានចៅហ្វាយខណ្ឌដូចពេញអស់ប៉ុន្មានហើយ។បើមានរឿងបែបហ្នឹងកើតឡើងបន្តទៀតអ្នកដែលត្រូវដកហូតតំណែងមុនគេអភិបាលខណ្ឌដូចពេញ។»
ទាក់ទងការព្រមានរបស់សម្តេច វិទ្យុស្ត្រីមិនអាចសុំកាអធិប្បាយពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានទេនៅរសៀលថ្ងៃពុធនេះ។ ប៉ុន្តែលោក សុខ ពេញវុធ ប្រាប់គេហទំព័រសារព័ត៌មានមួយថា អាជ្ញាធរខណ្ឌបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងខណ្ឌដូនពេញនិងក្បែរផ្ទះសម្តេច ហ៊ុន សែន ដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោក សុខ ពេញវុធ ត្រូវបានតែងតាំងជាអភិបាលខណ្ឌដូនពេញជំនួសលោក គួច ចំរើន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦។
ភ្លាម់ៗបន្ទាប់ពីនៅលើគេហទំព័រសាលារាជធានីភ្នំពេញបង្ហាញអំពីសកម្មភាពលាបគំនូសចរាចរណ៍លើមហាវិថីព្រះសុរាម្រិតដោយចាប់ពីមហាវិថីសុធារសដល់វិមានឯករាជ្យនៅព្រឹកថ្ងៃទី៣ ខែមករានេះ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងឆ្នាំ២០១៧គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួនជាង៣ពាន់៥រយករណីបណ្តាលឱ្យស្លាប់១៧៨០នាក់និងរងរបួសជាង៥ពាន់៥រយនាក់ បើធៀបទៅនឹងឆ្នាំ២០១៦មាន៣៧០០ករណីបណ្តាលឱ្យស្លាប់១៧១៧នាក់និងរងរបួសជាង៦ពាន់នាក់៕