ភ្នំពេញ៖ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) កាលពីថ្ងៃទី៣ និងទី៤ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលស្តីពី«អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ(MIL)»ដល់ជនមានពិការភាពជាង ៣០នាក់តាមប្រព័ន្ធ Zoom។
ក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានចែករំលែកនូវចំណេះដឹងទាក់ទងដំណើរការនិងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះគ្រូបង្គោលបានបង្ហាញពីរបៀបគិតបែបស៊ីជម្រៅលើព័ត៌មាន និងបានប្រាប់ពីវិធីសាស្រ្តឱ្យសិក្ខាកាមចេះគិតពិចារណា និងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវថាអ្វីជា«ការពិត»និងអ្វីជា«ទស្សនៈ»ដែលអ្នកសារព័ត៌មានបានសរសេរក្នុងអត្ថបទព័ត៌មាន។
អ្វីជាពិសេសជាងនេះ វគ្គបណ្តុះបណ្តាលបានណែនាំពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស និងព័ត៌មានខុសជាដើម។ រឹតតែសំខាន់ជាងនេះ គ្រូបង្គោលបានបង្ហាញពីរបៀប ឬ វិធីសាស្រ្តឆ្លើយតបទៅកាន់ព័ត៌មានមិនពិតទាំងនោះ ដើម្បីឱ្យសិក្ខាកាមចេះការពារខ្លួនបញ្ចៀសនូវហានិភ័យដែលអាចកើតមានជាយថាហេតុ។

ជាការកត់សម្គាល់ បើទោះបីជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះមានពិការភាពផ្នែកមើលឃើញយ៉ាងណាក្តី តែសិក្ខាកាមជាច្រើនអាចទទួលយកការពន្យល់និងចាប់បាននូវរាល់មេរៀនដែលគ្រូបង្គោលធ្វើបទបង្ហាញ។ អ្វីជាពិសេសនោះ សិក្ខាកាមទាំងអស់មានភាពសកម្ម និងផុសផលក្នុងការលើកជាមតិយោបល់ សំនួរ និងការធ្វើការងារជាក្រុមផងដែរ។
សិក្ខាកាមដែលបានចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានចិត្តសប្បាយរីករាយដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានផ្តល់ឱកាសដល់ពួកគេដែលជាជនមានពិការភាពបានសិក្សាពីមេរៀនដ៏មានអត្ថប្រយោជន៍នេះ។ សិក្ខាកាមដែលបានចូលរួមបន្ថែមទៀតថា ពួកគេនឹងយកចំណេះដឹងនេះ ចែករំលែកដល់មិត្តភក្តី បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ចេះផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយ មុនចែករំលែកព័ត៌មានបន្តលើបណ្តាញសង្គម។

សិក្ខាកាមជាច្រើនបានសំណូមពរឱ្យមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បង្កើតវគ្គបណ្តុះបណ្តាលដ៏មានសារៈប្រយោជន៍នេះបន្ថែមទៀតដល់ប្រជាពលរដ្ឋ ពិសេសដល់ជនមានពិការភាពឱ្យមានឱកាសបានសិក្សាស្មើមុខ ស្មើមាត់ ដូចជនធម្មតាដទៃទៀតដែរ។
សូមបញ្ជាក់ថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បាននឹងកំពុងបន្តរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី“អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ” ទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់។ ក្នុងនោះអ្នកចូលរួមមានយុវជននិងស្ត្រី ៤០ នាក់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) ៣៥ នាក់ និងជនមានពិការភាព ២៥ នាក់។
វគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ”នេះដែរ ទទួលបានថវិកាគាំទ្រពីអង្គការ The International Foundation for Electoral Systems(IFES)៕