ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ សហការជាមួយក្រុមស្រាវជ្រាវក្រសួងបរិស្ថាន និងប្រជាសហគមន៍បានអោយដឹងថា ក្រៅតែពីចង់ដឹងពីប្រភេទសត្វព្រៃនៅភ្នំត្បែងហើយ អង្គការនេះ ក៏មានបំណងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នេះផងដែរ។
លោក លៀ ស៊ីណា រាយការណ៍៖

ភ្នំត្បែង ស្ថិតនៅស្រុកខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលគ្របដណ្ដប់លើទំហំផ្ទៃដីប្រមាណ ២,៥២៦៩ហិចតា និងមានកម្ពស់រហូតដល់ ៤០០ម៉ែត្រ។ ភ្នំត្បែង ត្រូវបានបង្កើតជាតំបន់បេតិកណ្ឌធម្មជាតិនៅក្នុងឆ្នាំ២០១៦ ដែលជាផ្នែកមួយដ៏សំខាន់ នៃអាងស្ដុកទឹកផ្នែកខាងលើស្ទឹងសែន ដែលជាដៃរបស់ទន្លេសាប។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS សហការជាមួយក្រុមស្រាវជ្រាវមកពីក្រសួងបរិស្ថាន និងប្រជាសហគមន៍ នៅថ្ងៃទី២៥ ខែធ្នូនេះ បានរួមគ្នាសិក្សាស្រាវជ្រាវពពួកថនិកសត្វមានមាឌតូច និងមធ្យម ដែលកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្នុងខេត្ដព្រះវិហារ ដោយដាក់ម៉ាស៊ីនថតរូប ស្វ័យប្រវត្ដិនៅទីតាំងសំខាន់ៗ ដូចជា ប្រភពទឹក តំបន់ដី ដែលសត្វចូលចិត្ដទៅ និងកន្លែងដែលមានស្នាមជើងសត្វឆ្លងកាត់។

លោក អេង ម៉េងអ៊ី មន្ដ្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានផ្ដល់សម្ភាសន៌ឲ្យវិទ្យុស្ដ្រីដឹងថា មូលហេតុដែលមានការចុះទៅស្រាវស្រាវនេះ ពីព្រោះតែអង្គការ WCS ក៏ដូចជាក្រុមស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ចង់ដឹងឲ្យបានច្បាស់ពីចំនួនសត្វព្រៃ និងប្រភេទរបស់ពួកវា ដែលកំពុងមានវត្ដមាន នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ។ លោកបន្ដថា ក្រោយការចុះស្រាវជ្រាវនេះ សមាគមអភិរក្សសត្វព្រៃ រំពឹងថា នឹងបានដឹងកាន់តែច្បាស់ពីពពួកសត្វព្រៃ ដែលមានដូចជា រមាំង ឈ្លូស ជ្រូកព្រៃ ក្ដាន់ និងពពួកសត្វខ្លា ដែលអ្នកភូមិអះអាងថា ធ្លាប់បានជួបប្រទះ។
លោក អេង ម៉េងអ៊ី៖«យើងរំពឹងថា ជាពិសេសប្រភេទដូចជា រមាំង ឈ្លូស ជ្រូកព្រៃ ក្ដាន់ អីអញ្ចឹង គ្រាន់តែថា នៅពេលនេះយើងកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ដោយសារកន្លងមកព័ត៌មានដែលយើងទទួលបានពីអ្នកភូមិដែលគាត់ធ្លាប់ជួបប្រទះអញ្ចឹងយើងចង់រកភស្ដុតាងឲ្យបានពិតប្រាកដ តាមរយៈការថតរូប ដោយដាក់កាម៉េរានៅទីតាំងសំខាន់ៗ ហើយយើងនឹងធ្វើការប្រមូលវា មួយខែយើងទៅម្ដងប្រមូលរូបភាពហ្នឹង អញ្ចឹងរយៈពេលបីខែយើងនឹងដឹងថា មានប្រភេទសត្វអ្វីខ្លះដែលរស់នៅក្នុងតំបន់ហ្នឹង»។

បន្ថែមពីនេះ មន្ដ្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS បញ្ជាក់ថា ការចុះស្រាវជ្រាវនេះ ក៏មានបំណងចូលរួមការពារ ការកាប់បំផ្លាញព្រៃឈើនៅតំបន់នេះផងដែរ បើទោះជាសកម្មភាពលួចកាប់ឈើក្នុងតំបន់នេះ មិនមែនជាទ្រង់ទ្រាយធំក៏ដោយ ក៏ប៉ុន្ដែអង្គការអភិរក្សសត្វព្រៃមួយនេះ មើលឃើញថា មានសកម្មភាពលួចកាប់ឈើដោយខុសច្បាប់មួយចំនួនបានកើតឡើង។
លោក អេង ម៉េងអ៊ី៖«កាលយើងចូលទៅហ្នឹង យើងឃើញថាមាន មានការកាប់បំផ្លាញព្រៃឈើ ប៉ុន្ដែវាមិនមែនទ្រង់ទ្រាយធំ ដោយសារតំបន់ហ្នឹងជាតំបន់ភ្នំអញ្ចឹង វាពិបាកក្នុងការឡើងការអីអញ្ចឹង ។ប៉ុន្ដែយើងឃើញថានៅមានការកាប់បំផ្លាញ អញ្ចឹងក្រោយពេលយើងធ្វើការសិក្សាស្រាវជ្រាវហើយ យើងនឹងយកព័ត៌មានហ្នឹងមកដាក់បញ្ចូលគ្នាហើយ យើងនឹងពិភាក្សារួមគ្នាជាមួយរដ្ឋាភិបាលមាន មន្ទីរបរិស្ថាន មានសហគមន៍ ដើម្បីយើងរៀបចំផែនការអភិរក្សរួមគ្នាមួយ ដើម្បីឈានទៅការអនុវត្ដ»។

ភ្នំត្បែង ស្ថិតក្នុងខេត្ដព្រះវិហារ គឺជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទេសភាពស្រស់ស្អាត និងមានទឹកជ្រោះ ហូរធ្លាក់ពីលើភ្នំមកផងដែរ។ អង្គការសមាគមអភិរក្សសត្វព្រៃ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមការពារព្រៃឈើ ដើម្បីជាប្រយោជន៍សម្រាប់វិស័យទេសចរណ៍ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងជាពិសេស គឺផ្ដល់ទីជាជម្រកដ៏សមស្របមួយ សម្រាប់សត្វព្រៃ នៅកម្ពុជា៕