ភ្នំពេញ ៖ ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យមន្ដ្រីសុខាភិបាលនៅទូទាំងប្រទេស បង្កើនការអនុវត្ដតួនាទីរបស់ខ្លួន ដោយធ្វើយ៉ាងណាជួយកាត់បន្ថយ និងទប់ស្កាត់មរណភាពមាតា ទារក និងកុមារកម្ពុជា ខណៈអង្គការ យូនីសេហ្វ មើលឃើញថា អត្រាមរណភាពមាតា ទារក និងកុមារ កម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់។
លោក លៀ ស៊ីណា រាយការណ៍៖
នៅរៀងរាល់ថ្ងៃទី២១ ខែកុម្ភៈ គឺជាទិវាមួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ប្រារព្ធ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដែលកម្ពុជាបានប្រារព្ធ ចាប់តាំងពីឆ្នាំ២០១១មក។ ការប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ នេះ គឺមានគោលបំណងបង្ហាញនូវការប្ដេជ្ញាចិត្ដដ៏ធំធេង ដោយធ្វើយ៉ាងណាឲ្យស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា មានភាពប្រសើរឡើង រួមជាមួយការផ្ដល់សេវាសុខាភិបាល និងការទទួលយកសេវាសុខាភិបាលប្រកបដោយគុណភាព។
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន បានសរសេរក្នុងសារលិខិតរបស់សម្ដេចថា គឺជារឿងចាំបាច់ ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់តាំងតែពីពេលដែលមានគភ៌ ពេលសម្រាលកូន និងក្រោយពេលសម្រាល រួមទាំងការពន្យាកំណើតពីកូនមួយទៅកូនទៀតផងដែរ។
សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជាអនុសាសន៍ចំនួន ០៥ចំណុច ចំពោះស្ដ្រី ធ្វើយ៉ាងណាថែរក្សាសុខភាពមាតា ទារក និងកុមារ ឲ្យបានល្អប្រសើរ និងរស់នៅប្រកបដោយសុខមាលភាព។ ប្រធានកាកបាទក្រហមកម្ពុជា ក៏ស្នើឲ្យស្ដ្រីមានគភ៌ទាំងអស់ មកពិនិត្យសុខភាព ពិគ្រោះយោងបល់ជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ ដើម្បីរក្សាសុខភាពមាតា និងទារក។ សម្ដេច ប៊ុន រ៉ានី សូមឲ្យស្ដ្រីទៅសម្រាលកូនដោយគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ ។ បន្ថែមពីនេះ ក្រោយពេលសម្រាលកូន មាតា ត្រូវនាំទារកទៅថ្នាំបង្ការជំងឺ ១១មុខ តាមការណែនាំ និងកាលកំណត់របស់គ្រូពេទ។

លើសពីនេះប្រធានកាកបាទក្រហម អំពាវនាវអោយមាតាបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីសម្រាលរហូតដល់ទារកអាយុបាន ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ និង គ្រប់ជីវជាតិ។ យ៉ាងណាសម្ដេចបន្ដថា មាតាគួរបំបៅដោះកូនរហូតដល់អាយុយ៉ាងតិច ២ឆ្នាំ។ ជាងនេះ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ស្នើឲ្យមាតាគ្រប់រូប ត្រូវរូសរាន់នាំទារកទៅកាន់មន្ទីរពេទ្យ ក្នុងករណីដែលសង្ស័យថា កូនរបស់ខ្លួនមានសភាពខុសប្រក្រកី ។
ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក លោកស្រី ទុង រដ្ឋាវី កាលពីថ្ងៃទី២០ ខែកុម្ភៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយបង្ហាញការមើលឃើញរបស់លោកស្រីថា រយៈ ៧ឆ្នាំ កន្លងមកនេះ ឥរិយាបថរបស់មាតា ដែលធ្លាប់តែនិយមសម្រាលកូនជាមួយឆ្មបបុរាណ នៅតាមផ្ទះ គឺត្រូវបានកាត់បន្ថយយ៉ាងច្រើន ហើយស្ដ្រីបានងាកមកស្វែងរកសេវា សម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ មានរហូតដល់ជាង ៨០ភាគរយ។ បន្ថែមលើនេះលោកស្រីវាយតម្លៃថា រយៈពេលចុងក្រោយនេះស្ថានភាពមាតា ទារក និងកុមារ មានភាពកាន់តែល្អប្រសើរ។
លោកស្រី ទុង រដ្ឋាវី ៖«រយៈពេល ៧ឆ្នាំនេះ ស្ថានភាពនៅប្រទេសកម្ពុជាមានការប្រែប្រួលច្រើនជាពិសេស ស្ថានភាពមាតា ទារក និងកុមារ ដោយយើងឃើញថា បើធៀបទៅនិងឆ្នាំដែលយើងទើបនិងចាប់ផ្ដើមប្រារព្ធពិធីនេះ គឺឆ្នាំ២០១១ ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានតិចតូចនៅឡើយ។ តែឥឡូវនេះយើងឃើញថា ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានភាពប្រសើរឡើង គឺសឹងតែគ្មានការសម្រាលកូននៅតាមផ្ទះនោះទេ ហើយការសម្រាលកូនភាគច្រើនគឺធ្វើឡើងនៅមូលដ្ឋានសុខាភិបាល ដោយបុគ្គលិកជំនាញ»។
ពាក់ព័ន្ធករណីនេះ លោក មាស ប៊ុនលី មន្ដ្រីជំនាញផ្នែកទំនាក់ របស់មូលនិធិអង្គការសហប្រជាជាតិដើម្បីកម្ពុជា ហៅកាត់ថា Unicef ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា រយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រាមរណៈមាតា និងទារក។ កត្ដាដែលនាំឲ្យអត្រាមរណៈមាតា និងទារកថយចុះ ពីព្រោះតែមានកំណែទម្រង់ជាច្រើនត្រូវបានរៀបចំ ដូចជាការបណ្ដុះបណ្ដាលមន្ដ្រីសុខាភិបាលច្រើនជាងមុន ការរីកចម្រើនប្រព័ន្ធអប់រំសុខភាពស្ដ្រី និងក្មេងស្រី។ ប្រព័ន្ធផ្លូវថ្នល់ល្អជាងមុន ការទទួលបានព័ត៌មានអំពីសុខភាពកាន់តែប្រសើរ ។ បន្ថែមពីនេះ មន្ដ្រីជំនាញផ្នែកទំនាក់របស់អង្គការ Unicef បន្ដទៀតថា អត្រានៃភាពក្រីក្រថយចុះ កំណើនសេដ្ឋកិច្ច និងបរិស្ថានសង្គមប្រកបដោយសន្ដិភាព ក៏ជាកត្ដាមួយផ្នែកក្នុងការរួមកាត់បន្ថយអត្រាមរណៈមាតា និងទារកផងដែរ។

តែយ៉ាងណាលោក មាស ប៊ុនលី បន្ដថា បើទោះជាអត្រាមរណៈមាតា និងទារក បានថយចុះខ្លាំងយ៉ាងណាក្ដី ក៏ប៉ុន្ដែគម្លាតនៃការទទួលបានសេវាសុខភាពរវាងស្ដ្រី ដែលមានជីវភាពក្រីក្រ និងស្ដ្រីដែលមានជីវភាពធូរធា បានស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។ ត្រង់ចំណុចនេះ មន្ដ្រីជំនាញផ្នែកទំនាក់របស់អង្គការ Unicef សង្កត់ធ្ងន់ថា កុមារកម្ពុជាដែលកើតក្នុងគ្រួសារមានជីវភាពក្រីក្រ អាចប្រឈម នឹងកត្ដាហានិភ័យ ៣ដង បើធៀបនឹងកុមារដែលកើតក្នុងគ្រួសារមានជីវភាពធូរធា។ លោកសំណូមពរ ដល់រាជរដ្ឋាភិបាលគួរពិនិត្យត្រង់ចំណុចនេះ ដោយធ្វើយ៉ាងណាឲ្យមានគោលការណ៍សមធម៌ សម្រាប់ស្ដ្រីដែលមានជីវភាពធូរធា និងស្ដ្រីដែលមានជីវភាពក្រីក្រ។
លោក មាស ប៊ុនលី៖«អញ្ចឹងសម្រាប់ unicef គឺសំណូមពរថា សម្រាប់គោលនយោបាយទៅអនាគត ឬក៏គោលនយោបាយនានាទាំងអស់ដែលនឹងបង្កើននូវគេហៅថា សុវត្ថិភាពម្ដាយក្នុងការសម្រាលកូន ឬក៏ទារកដែលទើបនឹងកើតហ្នឹង គឺត្រូវតែផ្ដោតលើសមធម៌ មានន័យថា ត្រូវតែគិតលើសេដ្ឋកិច្ចសង្គមរបស់ពលរដ្ឋហ្នឹង។ ត្រូវគិតតាំងពីកន្លែងដែលគាត់ទទួលបានសេវា នៅជនបទ ឬក៏ទីប្រជុំជន ឬក៏ធន់ធានដែលគាត់មាន បើទោះជាអ្នកក្រឬក៏អ្នកមានត្រូវគិតសមធម៌សម្រាប់ពួកគាត់»។
នៅក្នុងអំឡុងឆ្នាំ២០០០ មានទារកអាយុក្រោមមួយខែ ស្លាប់បាត់បង់ជីវិត ចំនួន ៣៧ករណី។ ចំណែកក្នុងអំឡុងឆ្នាំ២០១៤ ករណីទារកស្លាប់ក្រោយពេលសម្រាលគឺមាន ១៨ករណី ដែលថយចុះយ៉ាងច្រើនបើធៀបនិងឆ្នាំ២០០០។

អង្គការ Unicef ដែលធ្វើការងារដើម្បីកុមារ បានប្ដេជ្ញានឹងបន្ដការជួយទៅដល់សហគមន៍ ឲ្យមានការផ្លាស់ប្ដូរឥរិយាបទសុខភាពឲ្យកាន់តែល្អជាងមុន ហើយនិងជួយឲ្យមានការអនុវត្ដឥរិយាបទ ឬក៏ទម្លាប់ល្អ ក្នុងការថែទាំដល់កុមារ។ បន្ថែមពីនេះអង្គការ Unicef នឹងជួយផ្ដល់ជាព័ត៌មាន ទាក់ទងនិងសុខភាព ក៏ដូចជាទម្លាប់របស់ប្រជាពលរដ្ឋ ដែលតែងតែអនុវត្ដតៗគ្នាមក ដែលនាំឲ្យប៉ះពាល់ដល់សុខភាពមាតា និងទារក។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវគោលនយោបាយគាំពារសង្គម ដែលមានទិសដៅធ្វើយ៉ាងណាកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារកក្នុងផ្ទៃ ការស្លាប់ទារកទើបនឹងកើត និងការស្លាប់កុមារ ក្រោមអាយុ ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕