ភ្នំពេញ ៖ ក្រុមភិរក្សសត្វព្រៃ របស់ក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ និងអង្គការ WCS នៅថ្ងៃទី០៦ ខែមីនា នេះ បានរកឃើញ សំបុកត្រយ៉ងចង្កំក ស ចំនួន ០៦ សំបុក ស្ថិតនៅក្បែរភូមិត្មាតប៉ើយក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ការរកឃើញសំបុកពងកូន សត្វត្រយ៉ងចង្កំក ស នេះ ប្រធានសហគមន៍ទេចរណ៍ធម្មជាតិត្មាតប៉ើយ ជឿជាក់ថា នឹងក្លាយជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនឲ្យទៅទស្សនាតំបន់ទេចរណ៍ធម្មជាតិមួយនេះ។ នេះបើយោងតាមសេចក្ដីប្រកាស់ព័ត៌មានរបស់អង្គការ WCS ដែលផ្ញើមកកាន់មណ្ឌលព័ត៌មានស្ដ្រីកម្ពុជា។

សត្វត្រយ៉ងចង្កំក ស គឺជាសត្វស្លាបដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសាកលលោក។ សត្វស្លាបប្រភេទនេះ មានរស់នៅតែប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ។ តែយ៉ាងណាបើយោងតាមសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកអភិរក្សសត្វព្រៃ បានរកឃើញថា សត្វត្រយ៉ងចង្កំក ស មានចំនួនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ចំនួនសត្វត្រយ៉ងចង្កំក ស បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ បច្ចុប្បន្នចំនួនរបស់វា ត្រូវបានគេប៉ាន់ប្រមាណថា មានមិនដល់ ១ពាន់ក្បាលនោះទេ នៅលើពិភពលោក។
ការរកឃើញសំបុក របស់សត្វត្រយ៉ងចង្កំក ស នាពេលនេះ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ រំពឹងថា វានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឲ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិនេះ និងផ្ដល់ជាប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងតំបន់នេះផងដែរ។
លោក ឌឹប គឹមអោន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព មានប្រសាសន៍ថា សត្វត្រយ៉ងចង្កំក ស គឺជាប្រភេទសត្វស្លាប ដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍ ព្រោះភ្ញៀវទេសចរ ភាគច្រើនចង់ឃើញបំផុត។ លោកបន្ដថា នៅក្នុងអំឡុងឆ្នាំ២០១៣ ភ្ញៀវទេសចរដែលទៅទស្សនាតំបន់នេះ មានជាមធ្យម ២៤០នាក់ ដែលបានធ្វើដំណើរទៅកាន់ ភូមិត្មាតប៉ើយ ដើម្បីទស្សនាសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំក ស ជារៀងរាល់ឆ្នាំ។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ បន្ថែមថា វត្ដមានរបស់ភ្ញៀវទេសចរទាំងអស់នោះ គឺពិតជាមានសារៈសំខាន់ ក្នុងការជួយឲ្យពលរដ្ឋក្នុងតំបន់នេះ អាចរកប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិត និងផ្ដល់ជាថវិកាសម្រាប់អភិវឌ្ឍន៍ភូមិត្មាតប៉ើយផងដែរ។
ភ្ញៀវទេសចរដែលបានទៅកាន់សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ហើយបានឃើញនូវសត្វត្រយ៉ងទាំងពីរប្រភេទ គឺត្រយ៉ងយក្ស និងត្រយ៉ងចង្កំក ស ពួកគាត់ត្រូវបង់ថវិកាបន្ថែមទៅក្នុងមូលនិធិអភិវឌ្ឍន៍សហគមន៍ត្មាតប៉ើយ ដើម្បីជូយធានាដល់និរន្ដរភាព នៃការងារអភិរក្សប្រភេទសត្វស្លាបរងគ្រោះ និងសំខាន់ៗនៅកម្ពុជា។
តាមសេចក្ដីប្រកាស់ព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS ព្រៃឈើនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ បានគាំទ្រដល់ការរស់នៅរបស់សត្វត្រយ៉ងចង្កំក ស ប្រមាណ ៥០ក្បាល ស្មើនឹង ០៥ភាគរយ នៃចំនួនរបស់វាទាំងអស់ នៅលើពិភពលោក។ តែយ៉ាងណា ការបាត់បង់ទីជម្រក ការបរបាញ់ និងការរំខាន កំពុងតែគំរាមកំហែងខ្លាំង ដល់ការរស់នៅរបស់សត្វត្រយ៉ងចង្កំក ស នេះ។
យ៉ាងណាចំនួនសត្វត្រយ៉ងចង្កំក ស ដែលមានកំណើនដូចនេះ ដែលនាំឲ្យ លោក ឌឹប គឹមអោន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ យល់ថា ពីព្រោះតែសមាជិកនៅក្នុងសហគមន៍ភាគច្រើនសុទ្ធតែបានយល់ច្បាស់អំពីសារៈសំខាន់ និងតម្លៃនៃការការពារសត្វព្រៃទាំងអស់ដោយសារតែភាពជោគជ័យ នៃគម្រោងទេសចរណ៍ធម្មជាតិ។ លើសពីនេះ លោកបានប្ដេជ្ញាការពារសត្វត្រយ៉ង ឲ្យខានតែបាន ពីព្រោះពួកវា គឺជាក្ដីសង្ឃឹម នៃគម្រោងទេសចរណ៍ធម្មជាតិដែលអាចឲ្យ ប្រជាសហគមន៍រកប្រាក់ចំណូលបានរយៈពេលយូរអង្វែងតទៅមុខ៕