ភ្នំពេញ ៖ អតីតស្ដ្រីមេឃុំ អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា ខ្លួនគ្មានបំណងទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សផ្សេងឡើយ បើទោះជាមានបក្សខ្លះមកបញ្ចុះបញ្ចូល សន្យាផ្ដល់តំណែង និងទ្រព្យសម្បត្ដិក៏ដោយ។ យ៉ាងណាមន្ដ្រីគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បក្សនេះនៅតែបើកទ្វាចំហជានិច្ចសម្រាប់ក្រុមស្ដ្រី គ្រប់បក្សនយោបាយដែលចង់ចូលរួមជួយអភិវឌ្ឍន៍ប្រទេស។
លោក លៀ ស៊ីណា ជូនលម្អិត ៖

ស្ត្រីដែលបានជាប់ឆ្នោតឡើងកាន់តួនាទីជាមេឃុំនិងចៅសង្កាត់ បានកើនឡើងចំនួន ៣៣រូបនៅឆ្នាំ២០១៧ ចំនួននេះគឺមានការកើនឡើង បើធៀបទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីប្រាំឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ ក្នុងការលើកស្ទួយស្ត្រី ក្នុងវិស័យនយោបាយ ដែលបានដាក់បង្ហាញក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។
ស្ដ្រីទទួលបានការគាំទ្រ កាន់មុខតំណែងជាក្បាលម៉ាស៊ិនដឹកនាំឃុំសង្កាត់ មានការកើនឡើងនេះ ក៏ព្រោះតែសកម្មភាព របស់ក្រុមស្ដ្រីទាំងនោះ មានភាពក្លៀវក្លា ស្វាហាប់ និងមោះមុតក្នុងការងាររបស់ពួកគេ។ ម្យ៉ាងវិញទៀត មូលហេតុដែលពលរដ្ឋដាក់ការទុកចិត្ដទៅស្ដ្រី ពីព្រោះតែស្ដ្រីដឹងទុក្ខធុរៈច្រើនគឺ មិនថា ស្ដ្រី កុមារ ឬបុរសនោះទេ។ ស្ដ្រីក្នុងតំណែងជាក្បាលម៉ាស៊ិនដឹកនាំឃុំសង្កាត់ ភាគច្រើនគឺជាសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ។
តែជារឿងគួរឲ្យសោកស្ដាយ ក្រុមស្ដ្រី ទាំងនោះ បានបាត់បង់អំណាចទៅវិញ ក្រោយពីគណបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលត្រូវបានចោទថា ទាក់ទិនករណីក្បត់ជាតិជាមួយលោក កឹម សុខា មេដឹកនាំគណបក្សមួយនេះ។ ក្រោយពីគណបក្សប្រឆាំងដ៏មួយនេះ ត្រូវបានរំលាយ ចៅសង្កាត់ និងមេឃុំ ជាស្ដ្រីមួយចំនួនធំរបស់គណបក្សនេះ ត្រូវបានចាកចេញពីមុខនាទី ត្រឡប់ទៅជាពលរដ្ឋធម្មតាវិញ ។ ក្រោយពីបាត់បង់មុខនាទី ស្ត្រីទាំងក៏ត្រូវបានអូសទាញ ចូល គណបក្សនយោបាយផ្សេងៗ ដែលមានចិត្ដចង់បានក្រុមស្ដ្រី ទាំងនោះ ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សរបស់ពួកគេ។ ក៏ប៉ុន្ដែក្រុមអតីតចៅសង្កាត់ និងមេឃុំ ស្ដ្រី របស់អតីតបក្សសង្គ្រោះជាតិទាំងនោះ បានបដិសេធ និងអះអាងថា ពួកគេមិនធ្វើអ្វី ដែលក្បត់សេចក្ដីទុកចិត្ដរបស់ពលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សពួកគេឡើយ។

លោកស្រី ជួង ឈុននី អតីតមេឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល អាយុ ៥៩ឆ្នាំ មានប្រសាសន៍ថា មុនពេលលោកស្រី សម្រេចចចិត្ដចូលធ្វើជាអ្នកនយោបាយ លោកស្រីបានពិនិត្យមើលគោលនយោបាយ និងប្រវត្ដិមេដឹកនាំតាមបក្សនីមួយៗរួចហើយ មុនពេលសម្រេចចិត្ដជ្រើសរើសយកអតីតគណបក្សសង្គ្រោះជាតិ។
លោកស្រីបន្ដថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ មានគណបក្សមួយចំនួន បានបោះពាក្យបោះសម្ដីមកលោកស្រីដែរ ក៏ប៉ុន្ដែមេឃុំស្ត្រីរូបនេះ មិនចាប់អារម្មណ៍នោះទេ ដោយអះអាងថា បើចង់ចូលក្នុងបក្សទាំងអស់នោះ គឺអ្នកស្រីមិនទៅប្រឡូកនយោបាយក្នុងគណបក្សសង្គ្រោះជាតិឡើយ ៖«មានគេបង្ហើបៗដែរ ប៉ុន្ដែគេស្គាល់ខ្ញុំច្បាស់គេដឹងចិត្ដខ្ញុំ គេមិនសូវហ៊ានមកទេ។ ព្រោះខ្ញុំធ្វើអ្វីប្រាកដប្រជារបស់ខ្ញុំ តាំងពីប្រវត្ដិខ្ញុំធ្វើគ្រូបង្រៀនអី ខ្ញុំធ្វើអ្វីប្រាកដណាស់ ខ្ញុំធ្វើអ្វីច្បាស់លាស់។ អ្វីដែលខ្ញុំយល់ឃើញថា ល្អ ខ្ញុំធ្វើតែរឿងហ្នឹង បើថា រឿងអីដែលខ្ញុំមិនពេញចិត្ដខ្ញុំអត់ទៅធ្វើទេ ដើម្បីតែលាភសក្ការៈ ខ្ញុំអត់ទៅទេ។ ពេលខ្ញុំឈប់ធ្វើមេឃុំ ខាង CPP គេមកហៅខ្ញុំទៅធ្វើមេឃុំដែរ តែខ្ញុំអត់ទៅ»។
ការបោះបង់ឱកាសក្លាយជាមេឃុំបន្ដទៀតរបស់លោកស្រី ឈុននី ទំនងអ្នកខ្លះយល់ថា ល្អ និងអ្នកខ្លះទៀតយល់ថា ជារឿងដែលឆោតល្ងង់ ព្រោះចំណីទៅដល់មាត់ទៅហើយ តែបែរងាកមុខចេញទៅវិញ។ សម្រាប់លោកស្រី ឈុននី មិនចាប់អារម្មណ៍ពីការរិះគន់លើលោកស្រីនោះទេ តែលោកស្រីបញ្ជាក់ថា ជម្រើសរបស់លោកស្រី គឺធ្វើទៅតាមអ្វីដែលជាការចង់បានរបស់ពលរដ្ឋម្ចាស់ឆ្នោតតែប៉ុណ្ណោះ។
ក្រោយពីចាកចេញពីតំណែងមេឃុំ ព្រះប្រសប់ លោកស្រី ជួង ឈុននី បានត្រឡប់ទៅធ្វើការងារជាគ្រូបង្រៀនក្នុងអង្គការរបស់លោកស្រីវិញ និងឈ្លៀតពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទៅបង្រៀនដោយឥតគិតកម្រៃនៅសាលាពុទ្ធិកបឋមសិក្សាវត្ដព្រះប្រសប់ ទៀតផង៖«ខ្ញុំសព្វថ្ងៃកំពុងបង្រៀននៅក្នុងអង្គភាពខ្ញុំបណ្ដុះបណ្ដាលធនធានមនុស្ស។ នេះជាអង្គការលក្ខណៈថា បង្កើតខ្លួនឯងដោះស្រាយខ្លួនឯង អត់បានជំនួយពីណាទាំងអស់ ហើយអង្គភាពហ្នឹងគឺយើងដឹកនាំទៅសិស្សរៀនបាន ៣០០ ទៅ ៤០០នាក់ដែរ យើងអាចជួសង្គមបាន។ ទី២ សៅរ៍ អាទិត្យ ខ្ញុំទៅបង្រៀនពុទ្ធិកបឋមសិក្សាវត្ដព្រះប្រសប់ ហ្នឹងសិស្ស ៣៧-៣៨ អង្គដែរ ចំណែកខ្ញុំអ្នកបង្រៀនអត់យកបច្ច័យទេ ខ្ញុំទូលលោកថា ខ្ញុំមកបង្រៀននេះដើម្បីជួយព្រះពុទ្ធសាសនា»។
ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ គេសង្កេតឃើញមានមនុស្សជាច្រើន បានអះអាងថា ពួកគេជាសកម្មជន និងជាសជិកក្រុមប្រឹក្សាឃុំ អតីតគណបក្សសង្គ្រោះជាតិ សម្រេចចិត្ដទៅចូលរួមជីវភាពនយោបាយជាមួយនយោបាយផ្សេងៗ ។ ក៏ប៉ុន្ដែបើតាមការសង្កេត ស្ត្រីទាំងនោះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ។ យ៉ាងណា ពួកគេទាំងនោះស្ទើរតែទាំងអស់ គឺបានត្រឹមតែជាសមាជិកក្រុមប្រឹក្សាឃុំតែប៉ុណ្ណោះ ដោយឡែកក្រុមស្ដ្រីជា ចៅសង្កាត់ និងមេឃុំ ល្បីៗ នៅមិនទាន់បានចុះចូលនោះទេ។

លោកស្រី ខឹម មុន្ថា អតីតចៅសង្កាត់ ស្រះចក រាជធានីភ្នំពេញ អាយុ ៥៩ឆ្នាំ មានប្រសាសន៍ថា ការដែរលោកស្រីមិនចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សផ្សេងៗ ព្រោះលោកស្រីមើលឃើញថា គណបក្សដែលកកើត ជាហូរហែមកនោះ មិនមានគុណសម្បត្ដិអ្វីប្រៀបស្នើនិងគណបក្សសង្គ្រោះជាតិបានឡើយ ។ លោកស្រីបន្ដថា ខ្លួននឹងចូលធ្វើនយោបាយវិញបើបក្សរបស់ខ្លួនមានឱកាសបន្ដជីវិត ៖«ខ្ញុំយល់ថា គណបក្សសង្គ្រោះជាតិ គឺជាគណបក្សកើតឡើងដោយសារប្រជាពលរដ្ឋអ្នកបង្កើត។ ដល់អញ្ចឹងគឺជាគណបក្សដ៏ស្អាតស្អំ ដែលមានមេដឹកនាំដ៏ល្អ ដែលចេះស្រឡាញ់ប្រទេសជាតិ ទឹកដីប្រទេសជាតិ ប្រជារាស្ដ្រខ្លួនឯង ការពារសម្បត្ដិធម្មជាតិ អីទាំងអស់ហ្នឹង ខ្ញុំយល់ឃើញអញ្ចឹង»។
បើទោះជាមានការអះអាងពីក្រុមស្ដ្រី អតីតមេឃុំ កូតាអតីតគណបក្សសង្គ្រោះជាតិបែបនេះក្ដី សម្រាប់មន្ដ្រីនាំពាក្យគណបក្សកាន់អំណាច យល់ថា ទំនងពួកគាត់មិនទាន់បានដឹងច្បាស់ពីទង្វើមិនល្អ មេដឹកនាំរបស់ពួកគាត់ ទើបពួកគាត់នៅតែបន្ដស្មោះស្ម័គ្រដូច្នេះ។

លោក សុខ ឥសាន្ដ មន្ដ្រីនាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា អតីត ចៅសង្កាត់ និង មេឃុំស្ដ្រី របស់អតីតគណបក្សសង្គ្រោះជាតិ ពួកគាត់គួរតែមើលឃើញពីឧត្ដមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា។ លោកបន្ដថា ប្រសិនបើក្រុមស្ដ្រីទាំងនោះ ស្វែងយល់ឲ្យបានច្បាស់ ពួកគាត់នឹងឃើញពីទង្វើមិនល្អជាច្រើនដែលមេដឹកនាំបក្សរបស់ពួកគាត់បានធ្វើ ៖«គណបក្សប្រជាជន មិនបានរើសអើងនិន្នាការនយោបាយ នៅក្នុងសង្គមជាតិកម្ពុជាទេ អញ្ចឹងបើពេលណាបងប្អូនឃើញពីចរិតពិសពុលរបស់អតីតបក្សរបស់បងប្អូន ដែលធ្លាប់តែមានការជឿជាក់ និងដើរតាមនោះ ហើយឥឡូវនេះត្រូវរលំរលាយទៅហើយ ដោយសារអំពើប្រព្រឹត្ដខុសច្បាប់របស់ខ្លួន នោះបងប្អូន នឹងវិលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក៏គណបក្សប្រជាជននៅតែស្វាគមន៍ទទួលហើយគោរពសិទ្ធិនយោបាយរបស់ពលរដ្ឋទាំងអស់»។
មន្ដ្រីនាំពាក្យគណបក្សកាន់អំណាច បន្ដទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលនាំឲ្យសង្គមមានសុខដុមរមនា មានការរីកចម្រើន និងការអភិវឌ្ឍ។ បន្ថែមពីនេះលោកបន្ដថា គណបក្សប្រជាជនកម្ពុជា នៅតែស្វាគមន៍មនុស្សគ្រប់គ្នាដែលមានបំណងមករួមជីវភាពនយោបាយជាមួយ។
រវាងស្ដ្រី និងបុរស ត្រូវបានគេវាយតម្លៃជារួមថា ស្ដ្រីមានភាពទន់ភ្លន់ ការងារហ្មតចត់ ច្បាស់លាស់។ ក្នុងការដោះស្រាយបញ្ហាម្ដងៗ ស្ដ្រីអាចធ្វើឲ្យស្ថានការណ៍ដែលកំពុងតែតានតឹងខ្លាំង អាចថមថយវិញបាន។

កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ មានប្រសាសន៍ថា ស្ដ្រីបានធ្វើការងារយ៉ាងសកម្ម ។ នេះបើយោងតាមការសង្កេតរបស់កញ្ញា នៅពេលកញ្ញាចុះទៅធ្វើសកម្មភាពតាមឃុំសង្កាត់ ក្នុងខេត្ដមួយចំនួនកន្លងមក។ កញ្ញាបញ្ជាក់ថា ស្ដ្រីបានធ្វើការងារ ដោយទន់ភ្លន់ ជួយជនរងគ្រោះមិនថា ស្ដ្រី កុមារ ឬក៏បុរសនោះទេ ៖«អញ្ចឹងទៅយើងមើលឃើញភាពសកម្មរបស់គាត់ខ្លាំងមែនទែន។ គាត់មិនត្រឹមតែដោះស្រាយតែរឿងស្ដ្រីនោះទេ ក៏ប៉ុន្ដែគាត់ក៏ដោះស្រាយរឿងកុមារ ជនងាយរងគ្រោះ ហើយនិងអ្នកផ្សេងៗផងដែរ។ ដោយសារតែភាពសកម្មនៅក្នុងភូមិឃុំនេះ ទើបធ្វើឲ្យគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ មើលឃើញពីសក្កដានុពលរបស់ពួកគាត»។
បន្ថែមពីនេះអ្នកសម្របសម្រួលគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយរូបនេះ យល់ថា ការបាត់វត្ដមានស្ដ្រី ដែលជាអតីតក្បាលម៉ាស៊ិនដឹកនាំឃុំ សង្កាត់ បានធ្វើឲ្យតួនាទីស្ដ្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ ឲ្យស្មើមុខស្មើមាត់ ជាមួយបុរស បានបាត់បង់ផងដែរ៕