ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ យុវជនដែលគ្រប់អាយុបោះឆ្នោតបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ មានសារៈសំខាន់និងចាំបាច់សម្រាប់ពួកគេ ដោយពួកគេយល់ថា ការបោះឆ្នោតជាពេលវេលាមួយ ដែលយុវជនខ្លួនឯងមានសិទ្ធិសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ។ តើហេតុអ្វី បានជាពួកគេយល់ឃើញដូច្នេះ ?
ទើបតែចុះឈ្មោះបោះឆ្នោតរួច យុវតី ម៉ាច ស្រីម៉ុម បាននិយាយថា ការចុះឈ្មោះបោះឆ្នោតសំខាន់ចំពោះរូបគេ និង យុវជន ដើម្បីបានចូលរួមបោះឆ្នោត។ យុវតីរូបនេះយល់ថា ៖ « ខ្ញុំពលរដ្ឋត្រូវតែការបោះឆ្នោតជ្រើសអ្នកដឹកនាំដែលខ្ញុំពេញចិត្ត ព្រោះ ការបោះឆ្នោតសំខាន់ខ្លាំងណាស់ចំពោះខ្ញុំ និងសង្គមជាតិខ្ញុំ… ខ្ញុំនឹងចែករំលែកព័ត៌មានអំពីការបោះឆ្នោតទៅមិត្តភក្តិទាំងអស់ដើម្បីឱ្យពួកគេទៅបោះឆ្នោតឱ្យបានគ្រប់គ្នា… »។

ទន្ទឹមនឹងការយល់ឃើញរបស់យុវជនខាងលើនេះ លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលកា មានប្រសាសន៍ថា យុវជនគ្រប់អាយុបោះឆ្នោត មានកាព្វកិច្ចទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំសង្គមដែលពួកគេពេញចិត្តនៅថ្ងៃអនាគត។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «យុវជន យុវតី មានសិទ្ធិបំពេញកាព្វកិច្ចជាពលរដ្ឋទៅចូលរួមបោះឆ្នោត ហើយមិនត្រូវមើលរំលងរឿងនេះឡើយ ! យុវជនអាចជ្រើសរើសអ្នកដឹកនាំដែលពួកគេស្រឡាញ់ ដែលយកចិត្តទុកដាក់ចំពោះយុវជន និងសង្គមដែលពួកគេរស់នៅ…» ។

«ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជនយកចិត្តទុកដាក់ស្វែងយល់អំពីដំណើរការបោះឆ្នោត ទាំងការឃោសនា និង បេក្ខភាពអ្នកនយោបាយជាដើម»។ លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មានប្រសាសន៍បន្តទៀតថា ដើម្បីយុវជនចូលរួមបោះឆ្នោតបាន យុវជនត្រូវទៅចុះឈ្មោះបោះឆ្នោតជាមុនសិន។ លោកបន្តថា ការចុះឈ្មោះបោះគឺជាភារកិច្ចដែលយុវជនត្រូវចូលរួម ដើម្បីអាចជ្រើសរើសថ្នាក់ដឹកនាំដែលជាតំណាងខ្លួនយ៉ាងពិតប្រាកដ ហើយអ្នកដឹកនាំនោះអាចឆ្លើយតមនឹងត្រូវការរបស់យុវជបាន។
សូមជម្រាបថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នំា២០១៦ មានឈ្មោះអ្នកបោះឆ្នោតសរុបជិត ៨លាននាក់ ក្នុងនោះស្រ្តីមានចំនួនជាង៤លាននាក់ យុវជនមានចំនួនជាង២លាននាក់។ ក្នុងចំណោមយុវជនទាំងអស់យុវតីមានចំនួនជាង ១លាននាក់។