en     km
en     km

WMCប្រារព្ធខួប៣០ឆ្នាំ ដោយរំលេចសមិទ្ធផល ការលើកកម្ពស់សេរីភាពសារព័ត៌មាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យសារព័ត៌មាន

Share

ដើម្បីអបអរសាទរខួបលើកទី ៣០ឆ្នាំ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និងទិវាសេរីភាពសារ ព័ត៌មានពិភពលោក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានប្រារព្ធកម្មវិធីគម្រប់ខួប៣០ឆ្នាំរបស់ខ្លួន ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីតាំងរបស់អង្គការផ្ទាល់ដែលស្ថិតនៅ ផ្ទះលេខ២០ ផ្លូវលេខ២៣D ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីនេះបានលើកឡើងពីសមិទ្ធផលរយៈពេល ៣០ឆ្នាំរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា រួមនឹងវិទ្យុស្ត្រី ដែលបាននិងកំពុងបំពេញបេសកម្មរបស់ខ្លួន ក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្ត្រីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងសម័យទំនើប ការលើកកម្ពស់សេរីភាពសារព័ត៌មាន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យសារព័ត៌មានជាអ្នកតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសមភាពយេនឌ័រ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីម្ចាស់ជំនួយ តំណាងស្ថានទូត ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូ អតិថិជន និងអ្នកគាំទ្រមួយចំនួន។ ដោយឡែកនៅពេលរសៀលកម្មវិធីនេះក៏បានផ្តល់ឱកាសឱ្យសាធារណជនចូលរួមទស្សនា ការតាំងនូវឧបករណ៍ប្រើប្រាស់ និង ផលិតផលមួយចំនួន របស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកស្រី សាវតា ចន្ទគ្រឹស្នា នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលស្ត្រីកម្ពុជា(WMC) បាន បង្ហាញសមិទ្ធផល ៣០ឆ្នាំនៃការរួមចំណែករបស់ WMC ក្នុងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ លោកស្រីនាយិកាក៏បានបង្ហាញរឿងរ៉ាវនៃផលប៉ះពាល់ ចំណុចសំខាន់ និងសក្ខីកម្មពីភាគីពាក់ព័ន្ធសំខាន់ៗ។

បន្ថែមពីនេះ ក្នុងកម្មវិធីរយៈពេលពេញមួយថ្ងៃនេះ ក៏បានលើកកម្ពស់ការយល់ដឹង តាមរយៈការសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការជំរុញសង្គមប្រជាធិបតេយ្យ និងការការពារសំឡេងរបស់ស្ត្រី និងសហការជំរុញ ដោយពង្រឹងភាពជាដៃគូជាមួយអង្គការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកគោលដៅរួម។

កម្មវិធីនេះក៏បានរំលេចចក្ខុវិស័យរបស់ WMC សម្រាប់អនាគត ដោយផ្តោតលើការអនុវត្តប្រកបដោយនិរន្តរភាព ការច្នៃប្រឌិត បច្ចេកវិទ្យា និងការរួមបញ្ចូលឌីជីថល៕

Share

ព័ត៌មានទាក់ទង