ភរិយាលោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានម្នាក់ ដែលសកម្មក្នុងការរាយការណ៍ពីការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងខេត្តសៀមរាប រស់នៅជាមួយកូនស្រី ក្នុងជីវភាពលំបាក ក្រោយពីស្វាមីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។ លោក គីម ចាន់ចាវ រាយការណ៍
Audio Player
អ្នកស្រី ជៀវ ចាប៖ «ពិបាកមែនទែន ណាមួយយើងបង់អង្គការ យើងអត់លុយ ហើយយើងក៏មិនហ៊ានស៊ីចាយអីឱ្យធំដុំនឹងគេទិញម្ហូប សុទ្ធតែបែងចែកបានបានហូបបានណាអ្នកគ្រូ។ បើមិនបែងចែកទិញចេះតែឃើញលុយចេះតែចាយៗទៅ វាអត់មានអីបង់អង្គការ»។
នេះជាប្រសាសន៍អ្នកស្រី ជៀវ ចាប ភរិយាលោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលលោកចុះយកព័ត៌មាននៅដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
អ្នកស្រី ចាប អង្គុយលើគ្រែក្រោមផ្ទះទ្រុឌទ្រោមរបស់ខ្លួន រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា ដីដែលរស់នៅបច្ចុប្បន្ននេះ មិនមែនជាដីកម្មសិទ្ធិរបស់អ្នកស្រីឡើយ គឺអ្នកស្រីសុំដីរដ្ឋនៅដើម្បីសាងសង់លំនៅឋានទ្រុធទ្រោមនេះ។ ចាប់តាំងពីស្វាមីបាត់បង់ជីវិតមក សព្វថ្ងៃអ្នកស្រីនៅជាមួយកូនស្រីអាយុ ១២ឆ្នាំ ខណៈជីវភាពបច្ចុប្បន្ននេះអាស្រ័យទៅលើការស៊ីឈ្នួលគេ។ ក្នុងមួយថ្ងៃអ្នកស្រីស៊ីឈ្នួលកើបខ្សាច់ដាក់ឡាន បានចំណូល ២៥,០០០រៀល ក្រៅពីស៊ីឈ្នួលកើបខ្សាច់ អ្នកស្រីក៏ដើរស៊ីឈ្នួលច្រូតស្រូវផងដែរ។
ជញ្ជាំងហ៊ុមព័ន្ធដោយស្លឹកដូង និងដំបូលប្រក់ដោយស័ង្កសី នេះហើយជាផ្ទះរបស់អ្នកស្រី ជៀរ ចាប។ អ្នកស្រី បន្តរៀបរាប់ទៀតថា ចំណូលដែលរកបានពីការដើរស៊ីឈ្នួលគេនេះ យកទៅចំណាយលើអង្ករ ម្ហូបអាហារ ការសិក្សាកូន និងបង់ថ្លៃរំលួសម៉ូតូដែលស្វាមីទិញប្រើប្រាស់ក្នុងការងារ។ បើធៀបនឹងកាលលោក ឈឹង នៅមានជីវិត អ្នកស្រីថា មិនពិបាកបែបនេះឡើយ គឺនៅតែផ្ទះ ចាំតែធ្វើម្ហូបអាហារ មិនចាំបាច់ទៅដើរស៊ីឈ្នួលគេរាល់ថ្ងៃឡើយ។ ក្រៅពីនេះ ចំណូលដែលលោក ឈឹង រកបានមក ទោះបីតិចតួចក្ដី ប៉ុន្តែបានជួយសម្រាលបន្ទុកលើការចំណាយម្ហូបអាហារប្រចាំថ្ងៃ។
អ្នកស្រី ជៀវ ចាប៖ «ថ្ងៃណាយើងខ្សោយខ្លាំងអ៊ីចឹងយើងក៏ដេកខ្លះ តែនេះអត់ពីគាត់ទៅទោះបីខ្សោយប៉ុណ្ណាក៏ត្រូវតែទៅអ្នកគ្រូ ព្រោះអីខ្លាចអត់ ទ្រាំ ធ្វើ ខ្សោយអស់ប៉ុណ្ណាចេះតែទៅៗទៅឱ្យតែបានលុយយកមកឱ្យកូនរៀនផង ទិញអីហូបផង»។
អ្នកស្រី ជៀវ ចាប អង្គុយលើគ្រែក្នុងផ្ទះរបស់ខ្លួន។WMC/kimchanchav
ចម្ងាយពីលំនៅឋាន ទៅកន្លែងស៊ីឈ្នួល ប្រមាណ ១០គីឡូ ពេលខ្លះអ្នកស្រី ចាប ត្រូវជិះម៉ូតូខ្លួនឯង ខណៈដងផ្លូវទៅធ្វើការនៅកន្លែងស៊ីឈ្នួលនេះ ស្ងាត់នៅឆ្ងាយពីភូមិ ដែលហ៊ុមព័ន្ធទៅដោយព្រៃ។ ទោះបីដងផ្លូវទៅធ្វើការស្ងាត់បន្តិចមែន ប៉ុន្តែដើម្បីជីវភាពគ្រួសារ អ្នកស្រីបន្តទៅស៊ីឈ្នួលនៅទីតាំងនោះ ដោយក្នុងចិត្តបារម្ភទាំងសុវត្ថិភាព និងបារម្ភទាំងកូនស្រីដែលទុកឱ្យនៅផ្ទះម្នាក់ឯង។
អ្នកស្រី ជៀវ ចាប៖ «បើគាត់នៅយើងស្រួលត្រង់យើងមានមនុស្សប្រុសជាជំហរ មានជាបង្គោល ទៅណាយើងធ្វើអីក៏ធ្វើរៀងកក់ក្ដៅ ដល់អត់ពីគាត់ទៅយើងឯណា មួយគិតពីយើងទៅព្រៃមកវិញម្នាក់ឯង យប់ព្រលប់អីអត់ចង់មកទេ ចង់មកតែពេលថ្ងៃៗទេ ស្ងាត់។ គេនាំធ្វើការយប់ ខ្ញុំថាកុំនាំនៅយប់អី ទៅថ្ងៃទៅអត់មានអ្នកណានៅផង បានមកពីថ្ងៃមក យើងបានដាំបាយធ្វើម្ហូប ហូបរួចទៅ យើងបានឡើងលើផ្ទះឆាប់បានឡើងដេក បើគាត់នៅមានអីពេលណាក៏បាន»។
លោក ឈឿង ឈឹង មានវ័យ ៦៣ឆ្នាំ អ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី៧ ខែធ្នូនេះ លោក ឈឹង ក៏ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីវះកាត់រួច។
លំនៅឋានរបស់លោក ឈឿង ឈឹង និងអ្នកស្រី ជៀវ ចាប។WMC/cheasokny
បើតាមអ្នកស្រី ជៀវ ចាប អាជីពជាអ្នកសារព័ត៌មានរបស់ស្វាមីខ្លួន មិនបានជួយគ្រួសារឱ្យមានជីវភាពធូរធារនោះទេ ប៉ុន្តែអ្វីដែលស្វាមីខ្លួនបានរាយការណ៍ គឺកើតចេញពីក្ដីស្រលាញ់ធនធានធម្មជាតិ ចង់រក្សាធនធានធម្មជាតិឱ្យបានគង់វង្ស ទោះបីជីវិតស្ថិតក្នុងហានិភ័យក៏ដោយ។
អ្នកស្រី ជៀវ ចាប៖ «ចាសគាត់ស្រលាញ់ការងារទើប បើខ្ញុំឱ្យឈប់គាត់មិនឈប់ គាត់ថាឈប់ធ្វើអីទេ ធ្វើៗទៅ គាត់អ៊ីចឹងឯង តែខ្ញុំមិនដឹងថាឃាត់គាត់យ៉ាងណាទៀតឱ្យគាត់ឈប់ បើគាត់ចង់ធ្វើហើយឱ្យគាត់ធ្វើទៅអាជីពគាត់តែប៉ុណ្ណឹងឯង។ រឿងខ្ញុំនេះ ធ្វើអ៊ីចឹងៗវាអត់បានលុយទេបើមានប្រាក់ខែទៅវាគ្រាន់ មានប្រាក់ខែពីណាអ្នកគ្រូ គេអត់ទេ តែគាត់ចេះតែចង់ធ្វើមួយៗ»៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី