ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែដាក់ការសង្ស័យលើក្រុមទាហានបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោកថា បានចូលមកវាយបំផ្លាញទ្រព្យសម្បត្តិនិងលួចយកសម្ភារៈមួយចំនួនក្នុងបរិវេណអាស្រមព្រៃមេត្តាធម្មជាតិ។ ការសន្និដ្ឋាននេះ បន្ទាប់ពីមានហេតុការណ៍វាយបំបែកពាងទឹក កម្ទេចអាស្រមរបស់ព្រះសង្ឃនិងសម្ភារៈមួយចំនួនទៀតត្រូវបំផ្លិចបំផ្លាញកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្មីទៀត ខណៈប្រជាជននិងក្រុមគ្រួសារទាហានតែងប៉ះទង្គិចគ្នាជារឿយៗរួចមកហើយដោយសារភាគីម្ខាងៗអះអាងថា បរិវេណនេះជាកម្មសិទ្ធិរបស់ពួកគេរៀងៗខ្លួន។
តើដីក្នុងបរិវេណព្រៃមេត្តាធម្មជាតិជាកម្មសិទ្ធិរបស់នរណាឱ្យពិតប្រាដក?
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មានឧបទ្ទវហេតុមួយកើតឡើងក្នុងបរិវេណអាស្រមព្រៃមេត្តា ដោយប្រជាពលរដ្ឋក្នុងសហគមន៍ឧត្តមស្រែពស់ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រទះឃើញសម្ភារៈនិងរបស់របរក្នុងអាស្រមត្រូវបានជនមិនស្គាល់មុខវាយកម្ទេចចោល និងទ្រព្យសម្បត្តិគរុភ័ណ្ឌរបស់ព្រះសង្ឃនិងដូនជីខ្លះត្រូវបានលួចចេញពីក្នុងអាស្រម។
ចំពោះមុខហេតុការណ៍នេះ ប្រជាពលរដ្ឋដាក់ការសង្ស័យជាបឋមថា ទំនងប្រហែលបង្កឡើងដោយក្រុមទាហាននៃបញ្ជាការដ្ឋានរថគ្រោះកងទ័ពជើងគោកដែលរស់នៅក្បែរនោះ ដ្បិតកាលពីឆ្នាំ ២០២១ ក្រុមទាហានទាំងនោះ តែងមកយាយីឈូសបំផ្លាញពុទ្ធបរិមា ដែលប្រជាសហគមន៍តម្កល់ក្រោមដើមឈើធំៗដើម្បីការពារកុំឱ្យមានជនខិលខូចកាប់បំផ្លាញ។
ការសន្និដ្ឋាននេះ ក៏ស្របពេលដែលប្រជាសហគមន៍ឧត្តមស្រែពស់ និង ក្រុមគ្រួសារទាហានកង«ង៧០»ធ្លាប់មានការប៉ះទង្គិចគ្នាជារឿយៗផងដែរ ដោយក្រុមទាហានបានកាប់បំផ្លាញកូនឈើដែលប្រជាសហគមន៍បានដាំ ខណៈក្រុមទាហានអះអាងប្រជាសហគមន៍ចូលមកដាំក្នុងដីដែលរដ្ឋធ្វើអនុប្រយោគឱ្យពួកគេ។
ជាងនេះហេតុការណ៍ប៉ះទង្គិចគ្នាក៏ចេះតែកើតឡើងបន្តបន្ទាប់ដោយកាលពីខែមីនា ឆ្នាំ២០២២ មានស្រ្តីប្រជាសហគមន៍មួយរូបត្រូវរងរបួសបាក់ដៃ ខណៈព្យាយាមរារាំងសកម្មភាពរបស់ទាហានដែលមកយាយីក្នុងតំបន់សហគមន៍។ ការរៀបរាប់ខាងលើនេះ ជាការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋសហគមន៍ឧត្តមស្រែពស់ដែលបានរៀបរាប់វិទ្យុស្រ្តី។
អ្នកស្រី ឃន ខន វ័យ ៦៧ឆ្នាំជាប្រជាសហគមន៍ខាងលើនិងជាជនរងគ្រោះបាក់ដៃកាលពីឆ្នាំ២០២២ ប្រាប់ថា មូលហេតុដែលអ្នកស្រីនិងប្រជាសហគមន៍នៅតែក្រាញននៀលមិនព្រមបះបង់ចោលតំបន់ព្រៃមេត្តាធម្មជាតិ ដ្បិតព្រៃនេះបានផ្តល់នូវអនុផលព្រៃឈើនានាដែលអាចអាស្រ័យផលចិញ្ចឹមជីវិត តាមរយៈការបេះបន្លែព្រៃ រកត្រពាំងព្រៃ និងអនុផលផ្សេងៗប្តូរជាកម្រៃចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ការសិក្សារបស់កូនចៅ។ សម្រាប់ស្រ្តីវ័យចំណាស់ខាងលើចាត់ទុកថា ព្រៃគឺជាជីវិត ម្លេះហើយអ្នកស្រីនិងពលរដ្ឋសហគមន៍បានប្តេជ្ញាស្រាក់ដៃគ្នាការពារប្តូរផ្តាច់មិនឱ្យជនណាមកយកដីព្រៃសហគមន៍របស់ខ្លួន ដែលបានគ្រប់គ្រងជាយូរណាស់មកហើយនោះទេ ទោះបីគេជាទាហានប្រដាប់ដោយអាវុធយ៉ាងណាក្តី។
អ្នកស្រី ឃន ខន ៖«សុំអាជ្ញាធរនិងរដ្ឋាភិបាលទាំងអស់ សូមទុកដីប៉ុណ្ណឹងឱ្យពលរដ្ឋទៅដើម្បីឱ្យពួកខ្ញុំបានរស់ស្រួលផង រាល់ថ្ងៃនេះយកដីខ្ញុំប៉ុណ្ណឹងហើយ គ្រាន់តែគោខ្ញុំដើរទៅស៊ីសៅចូលដីគេតិច គេបាញ់សម្លាប់និងដាក់ថ្នាំសម្លាប់ហិនហោចអស់ហើយ ចឹងហើយសូមផ្អាកត្រឹមហ្នឹងទៅទុកឱ្យពលរដ្ឋរស់ស្រួលផង»។
សកម្មភាពប្រជាសហគមន៍ឧត្តមស្រែពស់ចុះពិនិត្យទីតាំងកើតហេតុបន្ទាប់ពីទទួលដំណឹងថា មានជនមិនស្គាល់មុខចូលបំផ្លាញក្នុងបរិវេណអាស្រមមេត្តាធម្មជាតិ។រូបភាពពី ហ្វេសប៊ុកមេត្តាធម្មជាតិ។
ករណីប្រទាំងប្រទាស់គ្នាមិនដាច់ស្រេចនេះ បើតាមក្រុមប្រជាពលរដ្ឋសហគមន៍លើកឡើងថា មកពីមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធពុំមានឆន្ទៈដោះស្រាយច្បាស់លាស់ រាប់ចាប់តាំងពីមន្រ្តីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ដ្បិតថា ក្រុមពលរដ្ឋបានស្វះស្វែងគ្រប់ច្រកល្ហុកសុំកិច្ចអន្តរាគមន៍គ្រប់ទិសទីក្នុងនោះមានទាំងខុន្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងមន្ទីរដែនដី និងក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ តាំងតែពីឆ្នាំ២០០៨មកម្លេះ។
លោក ឃន សារិទ្ធ តំណាងសហគមន៍ឧត្តមស្រែពស់មួយរូបប្រាប់ថា ដីព្រៃសហគមន៍នេះត្រូវបានប្រជាពលរដ្ឋឃុំត្រពាំងជោរជាច្រើនគ្រួសារ និងមានជនជាតិដើមភាគតិចសួយរស់នៅផង។ ជាងនេះពួកគេបានគ្រប់គ្រងអាស្រ័យផលព្រៃនេះតៗគ្នាពីដូនតាមកម្លេះ។ តែទល់ឆ្នាំ២០០៣ មានការកាត់ឆ្វៀលដីឱ្យក្រុមហ៊ុនឯកជនមួយ និងក្រោយមកកាត់ឱ្យក្រុមទាហានចំនួនពីរលើក គឺលោកទី១ នៅឆ្នាំ២០១៧ ផ្តល់ឱ្យទាហានចំនួន ១២គ្រួសារ និងលើកទី២ នៅឆ្នាំ២០២១ ផ្តល់ឱ្យទាហានចំនួន ២១គ្រួសារ សរុបផ្ទៃដី២៦២,២៤ហិកតា។
លោកបន្តថា សម្រាប់ផ្ទៃដីចំនួន ២៦២,២៤ហិកតា ដែលរដ្ឋធ្វើអនុប្រយោគជូនទាហាននោះ ក្រុមប្រជាពលរដ្ឋមិនជំទាស់នោះទេ ក៏ប៉ុន្តែប្រជាសហគមន៍នៅការពារសព្វថ្ងៃគឺជាបរិវេណដីព្រៃមេត្តាធម្មជាតិមានអាស្រមផងនោះ គឺមានទំហំប្រមាណតែ ៣០ ហិកតាតែប៉ុណ្ណោះ។ លោកអះអាងថា ដីទំហំខ្ទង់ ៣០ហិកតាចុងក្រោយនេះ មិនស្ថិតក្នុងផ្ទៃដីដែលរដ្ឋធ្វើអនុប្រយោគជូនគ្រួសារទាហាននោះទេ តែកន្លងមកនេះក្រុមទាហានតែងសំអាងថាដីបរិវេណអាស្រមនោះជារបស់ពួកគេដែលរដ្ឋកាត់ឱ្យ។
ដើមឈើដែលប្រជាសហគមន៍ដាក់រូបព្រះដើម្បីការពារកុំឱ្យមានការកាប់បំផ្លិចត្រូវក្រុមទាហានឈូសបំផ្លាញចោល។រូបភាពផ្តល់ឱ្យពីសហគមន៍។
នៅចំពោះមុខបញ្ហាដែលគ្មានការបែងចែងច្បាស់លាស់នេះ ម្តងម្កាងប្រជាសហគមន៍តែងរងការបាញ់ប្រហារដោយកាំភ្លើងពីសំណាក់ពួកទាហានទាំងនោះ ខណៈប្រជាសហគមន៍បានបររទេះគោយន្តកាត់តំបន់ទំនាស់នោះទៅរកត្រពាំងព្រៃ និងឫស្សី ខ្លះសម្រាប់កិច្ចចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោក ឃន សារិទ្ធ៖«បាទពេលយើងបរកាត់ដីដែល ស.ជ.ណ គេសម្បទានឱ្យទាហានហ្នឹងក្រុមទាហានដេញបាញ់រត់ម្ចាស់គោយន្តមកដល់ភូមិ គ្រាន់តែយើងបរកាត់ផ្លូវចាស់ទៅរកអុស និងអនុផលព្រៃឈើតែប៉ុណ្ណឹង»។
វិទ្យុស្រ្តីបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យខេត្តកំពង់ស្ពឺ តែមន្រ្តីរដ្ឋបាលខេត្តបង្វែរឱ្យសួរព័ត៌មានទៅអភិបាលស្រុកឱរ៉ាល់វិញ។ ចំណែកលោក នួន វាសនា អភិបាលស្រុកឱរ៉ាល់ពុំទទួលការហៅចូលនោះឡើយកាលពិថ្ងៃម្សិលមិញនិងថ្ងៃនេះ។
សូមរំលឹកជូនបន្តិចថា ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ លុះមកដល់ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជិត ៣០០ (២៦២,២៤) ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បែងចែកជូនគ្រួសារយោធិន នៃកងរថក្រោះ “ង-៧០” ចំនួន៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។
តែយ៉ាងណាតំណាងសហគមន៍ព្រៃឧត្តមស្រែពស់លោក ឃន សារិទ្ធ បញ្ជាក់ថា សព្វថ្ងៃព្រៃឈើក្នុងតំបន់កាត់ឱ្យគ្រួសារយោធិនត្រូវបានបាត់បង់ព្រៃឈើហិនហោចស្ទើរគ្មានសល់។ ជាងនេះ ដីដែលចែកឱ្យទុកបង្កបង្កើនផលក៏ពុំឃើញមានការដុះអ្វីដែរ ដោយប្រការនេះលោកនិងសហគមន៍ទាំងមូលស្នើឱ្យអាជ្ញាធរដែនដី មន្រ្តីពាក់ព័ន្ធទាំងអស់ពិចារណាទុកលទ្ធភាពឱ្យពលរដ្ឋសហគមន៍ឧត្តមស្រែពស់ បានអាស្រ័យគ្រប់គ្រងថផ្ទៃដី ៣០ហិកតា ដែលលោកអះអាងថា មិនស្ថិតក្នុងផ្ទៃដីដែលរដ្ឋកាត់ឱ្យគ្រួសារយោធិននៃកងរថក្រោះ”ង-៧០”នោះ។
លោក ឃន សារិទ្ធ៖«ដីហ្នឹងពិតជាសម្បទានឱ្យក្រុមទាហានមែន គឺដើម្បីសាងសង់លំនៅឋាននិងបង្កបង្កើនផល តែមកទល់បច្ចុប្បន្ននេះអត់ទាន់ឃើញទាហានមកដាំដុះដាំដំណាំ ឬរស់នៅអ្វីទេ ចំណែកទាហានមកនៅគឺមកនៅតែក្បែរដីអាស្រមហ្នឹងដែលយើងសុំគាត់ហ្នឹង ចឹងចង់មានន័យថាម៉េច គឺចង់តែបង្ករឿងតែប៉ុណ្ណោះ»។
ជុំវិញករណីទំនាស់ដ៏រាំរ៉ៃនេះ អ្នកនាំពាក្យក្រសួងបរិស្ថានពុំទាន់មានការឆ្លើយតបយ៉ាងនោះទេ ដោយរងចាំពិនិត្យតាមដានករណីនេះ។ បើទោះបីជាពុំទាន់មានការបំភ្លឺណាមួយជាក់លាក់ពីមន្រ្តីពាក់ព័ន្ធក្តី តែរដ្ឋបាលសាលាស្រុកឱរ៉ាល់កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយបំភ្លឺទាក់ទងករណីទំព័រហ្វេសប៊ុក Metta Nature បានសរសេរខ្លឹមសារចោទថា មានក្រុមទាហានបើកឡានចូលប្លន់ទាំងថ្ងៃយកទ្រព្យសម្បត្តិព្រះសង្ឃនិងបំផ្លាញសម្ភារៈនានានៅអាស្រមមេត្តាធម្មជាតិ។ ករណីនេះរដ្ឋបាលស្រុកថា ពុំទាន់អាចធ្វើសេចក្តីសន្និដ្ឋានបានថា រឿងវាយកម្ទេចនេះជាស្នាដៃរបស់ក្រុមទាហាននោះទេ។
ជាងនេះខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់សាលាស្រុកឱរ៉ាល់បានទទួលស្គាល់ថា តំបន់ដែលកើតឧបទ្ទវហេតុនោះ គឺជាស្ថិតក្នុងនិយាមកានិងជាដីស្ថិតក្នុងអនុក្រឹតលេខ១៥៨ អន.ក្រ ដែលរដ្ឋផ្តល់អនុប្រយោគជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកចំនួន៤១គ្រួសារ ទំហំជិត៣០០ហិកតា។
សម្រាប់ក្រុមសហគមន៍ឧត្តមស្រែពស់ ឬសហគមន៍ព្រៃមេត្តា ប្រាប់វិទ្យុស្រ្តីថា ពួកគេពុំបានប្រឆាំងនឹងការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួងមន្ទីរដែលកាត់ឆ្វៀលដីជូនគ្រួសារយោធិននោះឡើយ ក៏ប៉ុន្តែពួកគេចង់ឱ្យក្រុមទាហានសម្បទានដីទំហំប្រហែល៣០ហិកតា ដើម្បីប្រជាសហគមន៍បានអាស្រ័យផលអនុផលព្រៃឈើ តែរក្សាទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីធនធានជីវចម្រុះក្នុងព្រៃសហគមន៍។ ជាងនេះ នៅថ្ងៃអនាគតប្រជាសហគមន៍អាចស្នើទៅអាជ្ញាធរមូលដ្ឋានដើម្បី សុំកសាងទីវត្តអាមមួយនៅបរិវេណអាស្រមមេត្តាធម្មជាតិ សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិតាមផ្លូវសាសនា ដ្បិតសព្វថ្ងៃទីវត្តអាមនៅឆ្ងាយពីសហគមន៍៕