ភ្នំពេញ៖យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃ ទី ១៥ ខែមីនានេះបង្ហាញថាយ៉ាងយោចណាស់១ភាគ៣ឬលើសពីនេះសិស្សានុសិស្សថ្នាក់ទី២នៅកម្ពុជាមិនអាចចេះអានអក្សរសូម្បីតែមួយពាក្យ។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក(World Bank) ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ទី១៥មីនា ឆ្នំា ២០១៨ បានបង្ហាញថា ប្រទេសកម្ពុជានិងប្រទេសទីម័រឡេស្តេគឺមួយភាគបីឬលើសពីនេះនៃសិស្សសាលារៀនថ្នាក់ទី២មិនអាចអានអក្សរសូម្បីតែមួយពាក្យបន្ទាប់ពីការធ្វើតេស្តអំណាន។
របាយការណ៍ធនាគារពិភពលោកបានបង្ហាញផ្លូវនូវជំហានជាក់ស្តែងសម្រាប់កែលម្អការសិក្សារបស់កុមារនៅក្នុងប្រព័ន្ធអប់រំដែលមានភាពយឺតយ៉ាវដោយផ្តល់គន្លិះបួនចំនុច។ចំនុចទាំងនោះរួមមានការចំណាយថវិកាសាធារណៈប្រកបដោយប្រសិទ្ធិភាពនិងសមធម៌ដោយការត្រៀមលក្ខណៈសិស្សសម្រាប់ការរៀនសូត្រ ការជ្រើសរើសនិងការឧបត្ថម្ភគាំទ្រដល់គ្រូនិងការប្រើប្រាស់ជាលក្ខណៈប្រព័ន្ធនូវការវាយតម្លៃសម្រាប់កែលម្អការបង្រៀន។
របាយការណ៍នេះរកឃើញថាប្រព័ន្ធអប់រំដំណើរល្អដោយបានចាយថវិកាប្រកបដោយប្រសិទ្ធិភាពទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងគ្រូបង្រៀនជ្រើសរើសមេរៀនល្អៗមកបង្រៀនសិស្ស។បន្ថែមពីនេះប្រាក់បៀវត្សន៍ល្អនិងការផ្តល់រង្វាន់ដល់គ្រូបង្រៀនបំពេញកិច្ចការល្អក្នុងសាលារៀន។
ជាងនេះទៀតរបាយការណ៍នេះរកឃើញថាប្រព័ន្ធសាលារៀនក្នុងប្រទេសមានវិស័យអប់រំល្អបានបង្កើនលទ្ធភាពថ្នាក់កម្រិតមត្តេយ្យសម្រាប់គ្រួសារក្រីក្រនិងដាក់បញ្ជូលការវាយតម្លៃសិក្សារបស់សិស្សក្នុងគោលនយោបាយអប់រំរបស់ពួកគេ។
វិទ្យុស្ត្រីមិនអាចសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាទាក់ទងនឹងរបាយការណ៍របស់ធនាគារពិភពលោកនេះដោយពុំលើកទូរស័ព្ទ។
ទោះបីយ៉ាងណា លោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងកម្មវិធីផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១ថាកុមារ៩៨ភាគរយបានទៅចុះឈ្មោះចូលរៀនថ្នាក់ទី១ប៉ុន្តែកុមារ៨០ភាគរយបានបោះបង់ការសិក្សាក្នុងកម្រិតថ្នាក់បឋមក្នុងចំណោមសិស្សបឋមជាង២លាននាក់។
ជាមួយគ្នានេះក្រសួងអប់រំបានរកឃើញថាបុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថានសាធារណៈមួយចំនួនមិនទាន់អនុវត្តពេលវេលាបំពេញការងារនិងគោរពម៉ោងបង្រៀនដែលនាំឲ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សានិងការសិក្សារបស់សិស្ស។
ករណីនេះ ក្រសួងអប់រំ យុវជននិងកីឡា ប្រកាសពីការពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យវត្តមានបុគ្គលិកអប់រំ។ការអនុវត្តពិន័យរដ្ឋបាល ឬវិន័យការងារចំពោះបុគ្គលិកអប់រំចូលយឺត ចេញមុនម៉ោងជាដើម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨។
របាយការណ៍នេះបង្ហាញទៀតថាសិស្សប្រទេសឥណ្ឌូនេស៊ីរៀនយឺតជាងបីឆ្នាំបើធៀបទៅនឹងសិស្សមានអាយុស្របាលគ្នាដែលរៀនចេះស្ទាត់ជំនាញក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិច។
ចិននិងវៀតណាមជាប្រទេសដែលមានចំណូលមធ្យមត្រូវបានរបាយការណ៍នេះរកឃើញថា ទោះបីសិស្សមកពីគ្រួសារក្រីក្រហើយមិនសូវរៀនពូកែក្ដី។តែសិស្សសាលាទាំងនោះរៀនសូត្រចេះយ៉ាងល្អនៅមុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រដូចទៅគ្នានឹងសិស្សមានអាយុស្របាលគ្នានៅក្នុងប្រទេសជាសមាជិកអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ(OECD)ដូចជា ប្រទេសសឹង្ហបុរី សាធារណៈរដ្ឋកូរ៉េនិងជប៉ុន។
តាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារពិភពលោក កត្តាប្រាក់ចំណូលគ្រួសារទាប់ឬខ្ពស់ក្ដីមិនបានកំណត់ភាពជោគជ័យនៃការអប់រំរបស់កុមារឡើយ៕