ភ្នំពេញ៖ ទឹកពិសាបរិសុទ្ធម៉ាកវីតាល់បានបើកទំព័រប្រវត្តិសាស្រ្តជាលើកដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលគុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ចំពោះសញ្ញាសម្គាល់ NSF នៅលើផលិតផលវីតាល់នេះ នឹងក្លាយជាសក្ខីកម្មសម្រាប់អ្នកប្រើប្រាស់ឱ្យកាន់តែមានទំនុកចិត្តក្នុងការទទួលទានទឹកពិសាដែលមានគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់ប្រើប្រាស់គ្រប់ពេលវេលា។ បើយោងតាមសេចក្តីប្រកាសរបស់វីតាល់ ស្ថាប័នអន្តរជាតិ NSF គឺជាស្ថាប័នឯករាជ្យនិងទទួលស្គាល់ជាសកលផ្តោតសំខាន់លើស្តង់ដាសុខភាពសាធារណៈនិងការទទួលស្គាល់គុណភាពខ្ពស់ដើម្បីជួយពង្រឹងគុណភាពម្ហូបអាហារ ទឹកពិសា ផលិតផលទទួលទានផ្សេងៗ និងបរិស្ថាននានា។
ការប្រកាសសមិទ្ធផលនេះជាផ្លូវការ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័នម៉រ គ្រុប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រសួងសុខាភិបាល, លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF, ថ្នាក់ដឹកនាំក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់), មន្ត្រីរាជការ ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងហ្វេនរបស់ទឹកពិសាវីតាល់ប្រមាណជិត ៤០០ នាក់ នៅក្នុងសាលសន្និសីទជាន់ទី ៤៧ នៃអគារ Morgan Tower រាជធានីភ្នំពេញ។
រូបភាព៖ វីតាល់
លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF បានលើកឡើងថា ការទទួលបានវិញ្ញាបនបត្រ NSF មិនមែនជាសមិទ្ធផលផ្នែកបច្ចេកទេសសំដៅលើគុណភាពផលិតផលតែមួយមុខប៉ុណ្ណោះទេ តែជាការទទួលស្គាល់ជាសកលចំពោះការប្តេជ្ញាចិត្តដ៏ក្លៀវក្លារបស់វីតាល់ ចំពោះសុវត្ថិភាព និងគុណភាព។ លោកមើលឃើញថា វីតាល់ទទួលស្គាល់លើគុណភាព បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត វិនិច្ឆ័យលើប៉ារ៉ាម៉ែត្រជាង ១០០ចំណុច រួមមាន រូបសាស្ត្រ, គីមីសាស្រ្ត, មីក្រូជីវសាស្ត្រ, សារធាតុវិទ្យុសកម្ម, និងប្រព័ន្ធការពារសុវត្ថិភាពអាហារ ដែលបានធ្វើឡើងផ្ទាល់ដោយមន្ទីរពិសោធន៍នៅអាម៉េរិក និងសហភាពអឺរ៉ុប។ ការពិសោធន៍ទាំងនេះអនុលោមទៅតាមបទដ្ឋានស្ដង់ដាគុណភាព និងសុវត្ថិភាពពិភពលោកដោយកំណត់ឡើងផ្ទាល់ដោយ USFDA សហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិចំណីអាហារសហភាពអឺរ៉ុប។
លោក ភីរ៉ាក់ភុង ផៃស៊ីតគុនវិវ៉ាត់ ប្រធានអនុវត្តកិច្ចការសវនកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន NSF។ រូបភាព៖ វីតាល់
នៅក្នុងឱកាសនេះដែរ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) បានសម្តែងនូវមតិស្វាគមន៍ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីដ៏មហស្ចារ្យក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មផលិតទឹកពិសានៅកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា សក្ខីភាពមួយនេះ មិនមែនកើតឡើងដោយចៃដន្យ និងសាមញ្ញនោះទេ អ្វីៗកើតចេញពីការប្រឹងប្រែង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ប្រតិបត្តិករវីតាល់គ្រប់រូប។ សមិទ្ធផលនេះទៀតសោត បានបង្ហាញពីផលិតផលជាតិដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលអាចឈរឈ្មោះឆ្ពោះទៅកាន់ស្ដង់ដាពិភពលោកក្នុងន័យគុណភាព និងសុវត្ថិភាព។ លោកជំទាវបានបង្ហាញពីការប្តេជ្ញាចិត្តនឹងបន្តពង្រីកទីផ្សារបន្ថែម ក្នុងនាមជាផលិតផលជាតិ ដែលបង្កើតឡើងដោយប្រជាជនខ្មែរ និងមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេល ១៥ឆ្នាំ។ វីតាល់តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់)។ រូបភាព៖ វីតាល់
ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់វីតាល់ ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មីឈានមុខគេទទួលស្គាល់ពីស្ថាប័នអន្តរជាតិ NSF។ ជាសម្រង់សម្តីដើមរបស់លោក វិញ្ញាបនបត្រនេះបញ្ជាក់ថា វីតាល់ មិនត្រឹមតែបំពេញតាមស្ដង់ដាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញតាមតម្រូវការសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជាផងដែរ ពិសេសក្នុងការផ្ដល់ជូនទឹកពិសាដែលមានគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់របស់ជាតិខ្លួន។ តាំងនាមជាមន្រ្តីតំណាងក្រសួងសុខភិបាល លោកបានផ្ដល់ជាអនុសាសន៍ណែនាំ និងគាំទ្រដល់វិស័យឯកជនឱ្យយកចិត្តទុកដាក់អនុវត្ត និងពង្រឹងនូវស្តង់ដាសុវត្ថិភាព និងអនាម័យខ្ពស់ តាមរយៈការបង្កើតបទបញ្ជា ការត្រួតពិនិត្យជាប្រចាំ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីឱ្យសមស្របតាមស្តង់ដាអន្ដរជាតិ។
រូបភាព៖ វីតាល់
ក្រៅពីការទទួលស្គាល់ជាសកលពីស្ថាប័ន NSF គ្រប់ផលិតផលវីតាល់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព និងសុវត្ថិភាព ដោយស្ថាប័នវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ SGS ពីចក្រភពអង់គ្លេស ដែលជានិច្ចកាលវីតាល់តែងអនុលោមទៅតាមស្តង់ដានានារួមមាន ការអនុវត្តអនាម័យល្អ (GHP), ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ (HACCP), ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ISO 22000:2008, ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:20215, និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14000:2014 ផងដែរ៕
អត្ថបទនេះឧបត្ថម្ភដោយទឹកពិសាវីតាល់