សាធារណរដ្ឋសង្គមនិយម វៀតណាមបានស្នើមកកម្ពុជាធ្វើកិច្ចសហការអនុវិស័យវារីវប្បកម្ម និងសម្បទានដីសេដ្ឋកិច្ច សម្រាប់វិស័យកសិកម្ម ទន្ទឹមក្រសួងកសិកម្មបានគាំទ្រចំពោះកិច្ចសហការអនុវិស័យវារីវប្បកម្ម នឹងរង់ចាំផ្ដល់កិច្ច សហការដល់ការវិនិយោគរបស់ក្រុមហ៊ុននានាឱ្យសម្រេចទទួលបានជោគជ័យ។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក ង្វៀន ហ៊ុយតាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានជួបជាមួយលោករដ្ឋមន្ដ្រី វេង សាខុន នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមហ្វេសប៊ុកក្រសួងកសិកម្មបានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានលើកយកប្រធានបទមកពិភាក្សា និងស្នើសុំអន្ដរាគមន៍ពីរដ្ឋមន្ដ្រីវេង សាខុន ចំនួន២ ចំណុចក្នុងជំនួបលើកនេះ។ ចំណុចទី១ ៖ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យវារីវប្បកម្ម តាមរយ:ការផ្តល់បច្ចេកទេសសមស្រប ទំនើបទាន់សម័យ ធ្វើយ៉ាងណាឲ្យអនុវិស័យមួយនេះមានការរីកចម្រើន និងទី២- ស្នើសុំឲ្យក្រសួងជួយគាំទ្រឲ្យកាន់តែល្អប្រសើរថែមទៀតដល់សកម្មភាពវិនិយោគសម្បទានដីសេដ្ឋកិច្ច ជាអាទិ៍៖ ការពិនិត្យ និងវាយតម្លៃលើកផែនការមេ ការចុះបញ្ជីដី និងការធ្វើអនុប្រយោគ។
ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានឆ្លើយតបទៅនឹងការស្នើររបស់លោកឯកអគ្គរដ្ឋទូតថា ចំពោះចំណុចទី១ កិច្ចសហការលើអនុវិស័យវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារបច្ចុប្បន្នផលចាប់មច្ឆជាតិពីគ្រប់ប្រភពធម្មជាតិបាននិងកំពុងមានការធ្លាក់ ចុះជាបន្តបន្ទាប់។ ផ្ទុះទៅវិញកំណើននៃបរិមាណបរិភោគចេះតែកើនឡើង ហេតុនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានផ្តល់អាទិភាពលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ធ្វើយ៉ាងណាបង្កើនបរិមាណផ្គត់ផ្គង់ផលត្រីឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទាំងបរិភោគ គុណភាព និងសុវត្ថិភាព តាមរយ:ការពង្រឹង គាំទ្រ និងលើកទឹកចិត្តដល់វារីវប្បករឲ្យប្រើប្រាស់បច្ចេកទេសបង្កាត់ ជ្រើសរើសពូជ ចំណី និងបរិស្ថានចិញ្ចឹម។
ចំណែកចំណុចទី ២ ឯកឧត្តមរដ្ឋមន្ត្រីនៅចំពោះមុខឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខុសរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចយកទៅវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និងដំណាំឈើហូបផ្លែមួយចំនួនទៀត ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានធ្វើការនាំចេញទៀតផង។
លោករដ្ឋមន្ដ្រីបានថ្លែងបញ្ជាក់ថា ព្រមជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមួយចំនួនតូច មានភាពអសកម្ម ដោយមិនបានគិតគូ យកចិត្តទុកដាក់អនុវត្តតាមផែនការមេ ការចុះញ្ជីដី ឬអនុវត្តកិច្ច សន្យាដែលបានចុះហត្ថលេខាជាមួយក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវស្របតាមផែនការមេដែលក្រសួងបានអនុម័ត ហើយត្រូវពង្រឹងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ចូលរួមសហការឲ្យបានពេញ លេញជាមួយលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និងត្រូវចូលរួមសហការការពារ ទប់ស្កាត់រាល់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។ ដោយឡែក ក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ។
ផ្អែកតាមក្រសួងកសិកម្មដដែល រដ្ឋមន្ដ្រី វេង សាខុន ក៏បានឆ្លៀតដល់អរគុណ សាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានផ្តល់កិច្ចសហការបានល្អប្រសើរក្នុងការសម្រួលពាណិជ្ជកម្ម ការនាំចេញកសិផលកម្ពុជា តាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។
តែយ៉ាងណា លោករដ្ឋមន្ដ្រី វេង សាខុន និងឯកអគ្គរដ្ឋទូត បានសន្យានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ជាសំឡេង៖