en     km
en     km

គោលនយោបាយអន្តោប្រវេសន៍សហរដ្ឋអាមេរិករឹតបន្តឹងទិដ្ឋាការប្រទេសចំនួន ១៩

Share

 

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រកាន់ជំហរដាច់ខាតត្រូវបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ដែលលោកចោទថាជាក្រុមភេរវករឱ្យចេញពីសហរដ្ឋអាមេរិក ប្រកាសបិទច្រកព្រំដែន និងចាត់វិធានការរឹតបន្តឹងទិដ្ឋាការចំពោះប្រទេសចំនួន ១៩។​ គោលនយោបាយនេះ លោក Trump បានប្តេជ្ញាថា នឹងអនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ខណៈករណីនេះបានប៉ះពាល់ទៅដល់ពលរដ្ឋចំណាកស្រុក ពិសេសគេមើលឃើញថា សហរដ្ឋអាមេរិកកំពុងបង្កើតនិន្នាការឱ្យមានការរើសអើងជាអន្លើ បើទោះបីជាប្រទេសមហាអំណាចនេះគោរពលទ្ធិប្រជាធិបតេយ្យក៏ដោយ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

នៅក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ការហាមឃាត់ជនអន្តោប្រវេសន៍មកពី ១៩ប្រទេសធ្វើដំណើរចូលសហរដ្ឋអាមេរិក បានចូលជាធរមាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងនោះ ពលរដ្ឋមកពីបណ្តាប្រទេសទាំង១២ ត្រូវបានសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់ទិដ្ឋាការ ដែលប្រទេសទាំងនេះមានដូចជា អាហ្វហ្គានីស្ថាន ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ ហ្គីណេ ហៃទី អ៊ីរ៉ង់ លីប៊ី មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ អេរីទ្រា និងយេម៉ែន។ រីឯប្រទេសចំនួន៧ផ្សេងទៀត ត្រូវបានរឹតបន្តឹងពីការកំណត់លទ្ធភាពផ្តល់ទិដ្ឋាការបណ្តោះអាសន្នមួយចំនួនតែប៉ុណ្ណោះ ខណៈដែលការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ឬមិនមែនអន្តោប្រវេសន៍ ត្រូវបានរារាំងទាំងស្រុង។ ប្រទេសទាំងនេះរួមមាន គុយបា ប៊ូរុនឌី ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា។

ប្រទេសភាគច្រើននៅក្នុងបញ្ជីនេះ មានទីតាំងនៅអាហ្វ្រិក ឬមជ្ឈិមបូព៌ា។ យោងតាមលោកប្រធានាធិបតី Trump លើកឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ការហាមឃាត់នេះមានគោលបំណងការពារសន្តិសុខជាតិ ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់ខ្លួន។ លោកបញ្ជាក់យ៉ាងច្បាស់ថា ការហាមឃាត់នេះធ្វើឡើងដើម្បីហាមឃាត់ពលរដ្ឋដែលមកពីប្រទេសសម្បូរដោយភេរវកម្ម និងប្រទេសដែលកំពុងមានអស្ថិរភាព មិនចូលជ្រកក្រោន ឬបង្កជាសកម្មភាពហិង្សានានានៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋបាលលោក Donald Trump អះអាងថា ប្រទេសជាច្រើនក្នុងបញ្ជីហាមឃាត់នេះបានកេងប្រវ័ញ្ចប្រព័ន្ធទិដ្ឋាការរបស់សហរដ្ឋអាមេរិក ចាប់តាំងពីអត្រាស្នាក់នៅរបស់ជនអន្តោប្រវេសន៍មានចំនួនលើសទិដ្ឋាការដែលបានផ្តល់ឱ្យ។ ជាងនេះ ប្រទេសទាំងនោះ​បានខកខាននិងគេចវេសមិនសហការជាមួយមន្រ្តីអន្តោប្រវេសន៍អាមេរិកក្នុងការចាត់វិធានការបញ្ជូនពលរដ្ឋចំណាកស្រុកខុសច្បាប់ទៅស្រុកកំណើតពួកគេវិញ។

យ៉ាងណា គោលនយោបាយសហរដ្ឋអាមេរិកនេះក៏បានលើកលែងជនអន្តោប្រវេសន៍ចំពោះករណីមួយចំនួនដូចជា បន្តសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍សម្រាប់ពលរដ្ឋចំណាកស្រុកដែលមានទិដ្ឋាការត្រឹមត្រូវ អ្នកកាន់កាតបៃតង អត្តពលិក និងគ្រូបង្វឹកសម្រាប់ព្រឹត្តិការណ៍កីឡា និងលក្ខខណ្ឌផ្សេងៗទៀត។

 

បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ច្បាប់អន្តោប្រវេសន៍នេះជាធរមាន គេឃើញមាន​ប្រតិកម្ម​ផ្សេងៗ​គ្នាបានកើតឡើង​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវបានហាមឃាត់។ ប្រទេសមួយចំនួនបានសម្តែងការ​​ខក​ចិត្ត​និង​ខឹងសម្បារចំពោះសហរដ្ឋាអាមេរិក ខណៈប្រទេសមួយចំនួនព្យាយាមស្វែងរកការសម្រុះសម្រួល​ និងកិច្ច​ការ​ចរចាដើម្បីអន្តរាគមន៍។

ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងនេះដែរ រដ្ឋាភិបាលនៃប្រទេសឆាដបានបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិក ដោយធ្វើឱ្យមានការរឹតបន្តឹងការធ្វើដំណើរសម្រាប់ទ្វេភាគី។ ប្រធានាធិបតីឆាស លោក Mohamat Déby បាននិយាយថា ទោះបីជា ប្រទេសឆាដមិនមានយន្តហោះសម្រាប់ផ្តល់ជូនពលរដ្ឋសម្រាប់ធ្វើដំណើរមកស្រុកកំណើតខ្លួន ឬលុយរាប់ពាន់លានដុល្លារដើម្បីផ្តល់ឱ្យ ក៏ប៉ុន្តែប្រទេសឆាដមានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ខ្លួន។

រីឯរដ្ឋមន្ត្រីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Diosdado Cabello បានហៅរដ្ឋាភិបាលអាមេរិកថា ជាអ្នកនយោបាយជ្រុលនិយម ដោយសង្កត់ធ្ងន់ថា ការនៅក្នុងសហរដ្ឋអាមេរិកគឺជាហានិភ័យដ៏ធំសម្រាប់មនុស្សជាតិ មិនមែនតែប្រជាជនវេណេស៊ុយអេឡានោះទេ។

សហភាពអាហ្រ្វិកបានផ្តល់សេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះពួកគេបានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានឡើងចំពោះការហាមឃាត់ការធ្វើដំណើរ និងការរឹតបន្តឹងផ្សេងៗ ដែលអាចមានលើទំនាក់ទំនងបុគ្គល ពាណិជ្ជកម្មអន្តរជាតិ ការអប់រំ និងលើទំនាក់ទំនងការទូត ដែលកន្លងមកភាគីទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ។ ចំពោះប្រទេសសូម៉ាលីដែលជាសមាជិកនៃសហភាពអាហ្រ្វិកផងនោះ បានព្យាយាមទទួលយកវិធីសាស្រ្តពិគ្រោះយោបល់ការទូរ នៅពេលដែលឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកលោក Dahir Hassan Abdi បានពន្យល់ថា រដ្ឋាភិបាលរបស់ប្រទេសសូម៉ាលីត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាដើម្បីដោះស្រាយកង្វល់ដែលបានលើកឡើង។ កាលពីមុនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានរាប់បញ្ចូលប្រទេសសូម៉ាលីក្នុងបញ្ជីប្រទេសដែលគ្រោះថ្នាក់ ដ្បិតប្រទេសនេះមានភេរវករជាច្រើនរស់នៅ។

 

នេះមិនមែនជាលើកទីមួយរបស់លោក Donald Trump ទេ ពោលគឺក្នុងអាណត្តិលោកកន្លងមក បានប្រកាសហាមប្រាមពលរដ្ឋនៃប្រទេសមួយចំនួន មិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីដំបូងរបស់លោក Trump បានចេញបទបញ្ជាប្រតិបត្តិដែលមានប្រសិទ្ធភាពភ្លាមៗ រារាំងការឆ្លងដែនរបស់ប្រជាជនមកពីប្រទេសចំនួន ៧ មិនឱ្យចូលសហរដ្ឋអាមេរិក ដែលនាំឱ្យមានភាពចលាចល និងអ្នកដំណើររាប់រយនាក់ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន។ ប្រទេសទាំងប្រាំពីរនោះភាគច្រើនជាប្រជាជនម៉ូស្លីម ដែលករណីនេះត្រូវបានគេដាក់ឈ្មោះថា បម្រាមមូស្លីម។ ដោយសារការដាក់បម្រាមនេះបានធ្វើឱ្យកើតមានការរើសអើងសាសនា ដូចនេះអ្នកពាក់ព័ន្ធទាំងឡាយបានប្តឹងឧទ្ធរណ៍ជាច្រើនដង រហូតដល់មានការកំណែទម្រង់ឡើងវិញ​នៅឆ្នាំ២០១៨។

ក៏ប៉ុន្តែភាពវឹកវរនៅតែបន្តនៅក្នុងឆ្នាំ២០២០ ដែលក្នុងនោះរដ្ឋបាលសហរដ្ឋអាមេរិកបានដាក់ប្រទេសអេរីទ្រា កៀហ្ស៊ីស៊ីស្ថាន នីហ្សេរីយ៉ា មីយ៉ាន់ម៉ា តង់ហ្សានី និងស៊ូដង់ ចូលទៅក្នុងបម្រាមបន្ថែមទៀត។ យ៉ាងណាបន្ទាប់ពីលោក Joe Biden ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ លោកបានបញ្ចប់ការហាមឃាត់ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលកាន់តំណែងរបស់លោក។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មុនការប្រកាសហាមប្រាមនេះ លោក Donald Trump បានបង្ហោះសារលើបណ្តាញសង្គមថា នៅក្នុងអាណត្តិដំបូងរបស់លោក ការរឹតបន្តឹងការធ្វើដំណើរនេះគឺជាគោលនយោបាយដ៏ជោគជ័យបំផុតមួយ ហើយវាជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការវាយប្រហារភេរវកម្មបរទេសដ៏ធំនៅលើដីអាមេរិក។

សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ Michigan បានប្រាប់ BBC Newshour ថា វាហាក់ដូចជាប្រធានាធិបតី Trump បានរៀនច្រើនពីកំហុសដែលគាត់បានធ្វើជាលើកដំបូង។ ការប្រកាសហាមប្រាមការធ្វើដំណើរនេះ បានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលិខិតមួយច្បាប់ទៅកាន់សាកលវិទ្យាល័យ Harvard ត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយលេខាធិការសន្តិសុខមាតុភូមិ Kristi Noem ។ នៅក្នុងលិខិតនោះ ត្រូវបានពន្យល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបញ្ឈប់សមត្ថភាពរបស់សាកលវិទ្យាល័យក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ និងបញ្ជាឱ្យនិស្សិតអន្តរជាតិដែលមានស្រាប់ផ្ទេរទៅសាកលវិទ្យាល័យមួយផ្សេងទៀត បើមិនដូច្នេះទេសាកលវិទ្យាល័យនេះនឹងបាត់បង់សិទ្ធិជាធរមាន។

 

ការហាមឃាត់នេះធ្វើឡើង ក្រោយរដ្ឋបាលលោក Donald Trump រកឃើញថា និស្សិតរាប់ពាន់នាក់បានធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីនយ៉ាងអាណាធិបតេយ្យនៅក្នុងបរិវេណសាលា ដោយគ្មានការហាមឃាត់ពីគណៈនាយកសាលាសោះឡើយ។ ការយល់ឃើញនេះត្រូវបានរារាំងដោយចៅក្រមសហរដ្ឋអាមេរិកនៅរដ្ឋ Massachusetts ជាមួយនឹងដីកាហាមឃាត់បណ្តោះអាសន្ន។ ប្រហែល ២៧ភាគរយនៃសាកលនេះ មាននិស្សិតមកពីបរទេស។

បច្ចុប្បន្នការហាមប្រាមនេះត្រូវបានបញ្ឈប់ ប៉ុន្តែការអភិវឌ្ឍន៍ទូទៅនៃគោលនយោបាយការបរទេស និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកកំពុងបង្កើនការព្រួយបារម្ភ និងការភ័យខ្លាចក្នុងចំណោមអ្នកជំនាញលើប្រធានបទនេះ ក៏ដូចជាមនុស្សដែលរងផលប៉ះពាល់ពីបញ្ហានេះ។ ការហាមឃាត់ការធ្វើដំណើរអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជនអន្តោប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ ដោយរារាំងពួកគេមិនឱ្យជួបមុខគ្នាក្នុងរយៈពេលដែលមិនអាចទាយទុកជាមុនបាន។ ប្រជាជនមកពីប្រទេសដែលពោរពេញដោយសង្រ្គាម ដូចជាប្រទេសមីយ៉ាន់ម៉ា បានមើលឃើញការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកជាក្តីសង្ឃឹមដើម្បីគេចខ្លួន ប៉ុន្តែឥឡូវនេះ ក្តីសង្ឃឹមនោះត្រូវបានបាត់បង់។ និស្សិតអន្តរជាតិ និងកម្មករ ដែលបានរួមចំណែកដល់សេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានបណ្តេញចេញពីប្រទេស។

នៅពេលអនាគត ប្រទេសជាច្រើនទៀតអាចត្រូវបានបញ្ចូលទៅក្នុងបញ្ជី។ លោក Trump បាននិយាយថា បញ្ជីឈ្មោះ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញដោយផ្អែកលើថាតើការកែលម្អសម្ភារៈត្រូវបានធ្វើឡើងយ៉ាងដូចម៉េច។ ដូចគ្នានេះដែរ ប្រទេសថ្មីអាចត្រូវបានបន្ថែមនៅពេលដែលការគំរាមកំហែងកើតឡើងនៅជុំវិញពិភពលោក៕

Share

ព័ត៌មានទាក់ទង