យោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ លើសពី ៤គីឡូក្រាម ឬលើសពី ៩០ភាគរយ នៃទម្ងន់មធ្យមរបស់ទារកធម្មតា បន្ទាប់ពីស្រ្តីសម្រាកទារករួច។
តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% បានផ្តល់កំណើតនូវទារកដែលលើសទម្ងន់។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
ចំពោះមូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់អាចបណ្តាលមកពី ស្រ្តីជាម្តាយមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ ស្រ្តីឡើងទម្ងន់ខុសពីធម្មតាក្នុងអំឡុងពេលពរពោះ និងកត្តាតំណពូជពីម្តាយឬឪពុកមានមាឌធំ ឬធាតជាដើម។
បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែតដដែលបានលើកឡើងនូវផលវិបាក ដែលអាចកើតមាននៅពេលដែលទារកលើសទម្ងន់ពេលកើតដូចតទៅ៖ ចំពោះម្តាយមានកត្តាប្រឈមដូចជា ពិបាកសម្រាលកូនតាមធម្មជាតិ និងមានអត្រាប្រឈមខ្ពស់ក្នុងការសម្រាលកូនតាមការវះកាត់ជាដើម។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
ចំណែកកត្តាប្រឈមលើទារកក្នុងផ្ទៃ និងអំឡុងពេលសម្រាល៖ គឺបណ្តាលកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ធ្វើឱ្យទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ទារកអាចជាប់ស្មា រងរបួសពុំអាចលើកដៃរួច ឬ បាក់ឆ្អឹង និងទារកអាចប្រឈមនឹងការស្លាប់ក្នុងពោះទៀតផង។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
រីឯកត្តាប្រឈមលើទារកក្រោយកើតឯណ្ណេះវិញ ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលឱ្យប្រកាច់ ឬ ប៉ះពាល់ដល់ខួរក្បាល និងទារកអាចមានវិបត្តិផ្លូវដង្ហើមដូចជាហត់ដង្ហក់ និងថ្ងូរ។ បន្ថែមពីនេះ ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលឱ្យមានខាន់លឿងខ្លាំង និងមានរយៈពេលយូរ ហើយទារកអាចមានសាច់ដុំបេះដូងរីកផងដែរ។
ដូចនេះហើយ ប្រសិនបើស្រ្តីមានផ្ទៃពោះ មានរោគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខមាលភាពទាំងម្តាយ និងទារក។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
យ៉ាងណាមិញ ចំពោះវិធីសាស្រ្តបង្ការ និងព្យាបាល បញ្ហាប្រឈមនៃទារកលើសទម្ងន់ពេលកើតនេះ ស្ត្រីជាម្តាយត្រូវធ្វើការតាមដានផ្ទៃពោះ ឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព វាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្រ្តដែលអាចប៉ាន់ស្មានទុកមុនពេលសម្រាល ដើម្បីជៀសវាងទារកមានទម្ងន់ធ្ងន់ រឺលើសទម្ងន់ជាដើម។
រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
មួយវិញទៀតស្រ្តីត្រូវពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ និងអាចកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់នេះ។
ជាពិសេស ស្រ្តីមានផ្ទៃពោះត្រូវគ្រប់គ្រងរបបចំណីអាហារឲ្យបានត្រឹមត្រូវ ជៀសវាងឡើងទម្ងន់ខុសធម្មតាអំឡុងពេលពរពោះ ព្រោះការឡើងទម្ងន់ខុសប្រក្រតី អាចបង្កឲ្យមានផលប៉ះពាល់ដល់ពេលអនាគតទាំងម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺធាត់ថែមទៀតផង៕