បន្ទាប់ពីការដោះលែងលោកកឹម សុខា អោយនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១០ កញ្ញា និងការដោះលែងអ្នកទោសមនសិការជាច្រើនទៀត គេសង្កេតឃើញ អង្គការសិទិ្ធមនុស្សអន្តរជាតិធំៗបានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបន្តទាមទារឱ្យបក្សកាន់អំណាចនៅកម្ពុជាទំលាក់ចោលទាំងស្រុង រាល់បទចោទប្រឆាំងមន្ត្រីបក្សប្រឆាំង និងអ្នកទោសនយោបាយដែលអង្គការទាំងនេះថា ពេលវេលានេះ គេមិនត្រូវបន្តឃុំខ្លួន ឬចោទប្រកាន់អ្វីឡើយ។ តែការទាមទារនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតបវិញទៅអង្គការអន្តរជាតិទាំងនេះ ដែលថាកំពុងជំរុញឱ្យបក្សកាន់អំណាចរំលោភដែនអធិបតេយ្យរបស់តុលាការ។
លោក សោម លាភ រាយការណ៍!
អង្គការសិទិ្ធមនុស្សអន្តរជាតិធំៗទាំងនោះ រួមាន ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(អ.ស.ប) Amnesty international អង្គការ Human Rights Watch និងអង្គការនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ។ អង្គការទាំងនេះ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា។ តែខ្លឹមសារនៃសេចក្ដីថ្លែងការណ៍មានស្មារតីប្រហាក់ប្រហែលគ្នាជុំវិញស្ថានការណ៍នយោបាយនៅក្នុងកម្ពុជានៅរយៈពេលចុងក្រោយនេះ។
សេចក្ដីថ្លែងការណ៍របស់លោកស្រី មីសែល បាឆែលលែត (Michelle Bachelet) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស សូមស្វាគមន៍ការដោះលែង កាលពីខែមុន នូវអ្នកការពារសិទិ្ធមនុស្សដ៏លេចធ្លោមួយរូប អ្នកកាសែតពីររូប និងសមាជិកគណបក្សប្រឆាំងមួយចំនួន ដែលរួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែរដ្ឋាភិបាលគួរតែដោះលែង និងទម្លាក់ការចោទប្រកាន់ផងដែរ ទៅលើអ្នកនយោបាយទាំងអស់ ដោយសារតែពួកគេអនុវត្តសិទ្ធិមនុស្សរបស់ខ្លួន។
ជាមួយគ្នានេះដែរ អង្គការ Amnesty international ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានទាមទារអោយកម្ពុជាទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងលោក កឹម សុខា ដោយមិនត្រូវដោះលែងក្រោមលក្ខខណ្ឌអ្វីឡើយ។
អង្គការ Amnesty ទទូចថាត្រូវអនុញ្ញតិអោយលោកកឹមសសុខាបានដើរហើរដោយសេរីនិងមានលទ្ធភាពទៅពិនិត្យសុខភាពរបស់ខ្លួន។
ចំណែកឯ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការដោះលែងលោក កឹម សុខា នេះថា មិនមែនជារឿងយុត្តិធម៌អ្វីឡើយ ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មានប្រសាសន៍ថា លោក កឹម សុខា មិនគួរត្រូវបានចាប់ខ្លួនតាំងតែពីដំបូងមកម៉្លេះ ព្រោះការចោទប្រកាន់នោះ គឺគ្រាន់តែជាលេសមួយ ដែលគណបក្សកាន់អំណាចបង្កើតឡើង ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់ធ្ងន់ថា យុត្តិធម៌ពិតប្រាកដមានតែម្យ៉ាងប៉ុណ្ណោះ គឺការទម្លាក់ចោលបទចោទលើលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ផ្តល់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១១៨រូបឱ្យបានពេញ លេញឡើងវិញ។
ស្របពេលដែលអង្គការធំៗទាំងបីនេះ ចេញសេចក្ដីថ្លែងការណ៍ គឺអង្គការនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ។
លោក Charles Santiago ជាសមាជិកសភាម៉ាឡេស៊ី និងជា អ្នកតំណាងអោយអង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សបានហៅ ការដោះលែងលោក កឹម សុខា ត្រឹមនៅក្រៅឃុំបណ្ដោះអាសន្ន គឺមុនមែនជាការគ្រប់គ្រាន់អោយសហគមន៍អន្តរជាតិលើកលែងការគាបសង្គតនោះទេ គឺត្រូវធ្វើអ្នកនយោបាយទាំងអស់ដែលរងការចោទប្រកាន់ត្រូវរួចពីការប្ដឹងផ្ដល់ ហើយមានសេរីភាពធ្វើនយោបាយជាមួយគណបក្សសង្រ្គោះជាតិរបស់ពួកគេ។
លោក បន្ត ទទូចសុំអោយសហគមន៍អន្តរជាតិដាក់ចេញវិធានការជាបន្ទាន់ លើបក្សកាន់អំណាចនៅកម្ពុជាអោយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ទាក់ទិននឹងការទាមទាររបស់អង្គការអន្តរជាតិធំៗទាំង ៤នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានហៅជំហររបស់អង្គការទាំងនោះ ថា មិនឆ្លើយតបនឹងច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកថា អង្គការទាំងនេះ មិនត្រូវគិតថា រដ្ឋាភិបាលប្រើសិទ្ធិអំណាចលើតុលាការបានទេ។
ឆ្លើយតបនឹងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក ផៃ ស៊ីផាន បានធ្វើការស្ដីបន្ទោសអង្គការនេះដែលបានជួយគាំទ្រអាសនៈរបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែលលោកថា របបអាវខ្មៅនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា នេះជាផ្នែកមួយដែលអង្គការនេះ ធ្វើអោយមានកំហុស។ នេះជាការកត់សម្គាល់ចុងក្រោយរបស់អង្គការអន្តរជាតិធំៗ ជុំវិញការវិវឌ្ឍនយោបាយនៅកម្ពុជា។ តែគេមិនទាន់ឃើញអាមេរិក សហភាពអឺរ៉ុប អង់គ្លេស បានធ្វើការចាប់អារម្មណ៍ដូចនេះ នៅឡើយទេ៕