en     km
en     km

យុវជន ២នាក់ ពាក់ព័ន្ធគម្រោង CLV ត្រូវជាប់ឃុំដដែល ក្រោយសាលាឧទ្ធរណ៍​បដិសេធបណ្ដឹងជំទាស់មេធាវីពួកគេ  

Share

សាច់ញាតិយុវជនទាំងនោះ ខកចិត្ត និងអស់សង្ឃឹម ក្រោយសាលាឧទ្ធរណ៍​បដិសេធបណ្ដឹងជំទាស់របស់មេធាវីដែល ខណៈពួកគេរំពឹងថា កូនៗរបស់ខ្លួននឹងមានសេរីភាពឡើងវិញនៅថ្ងៃបុណ្យចូលឆ្នាំជាតិខាងមុខនេះ។ យ៉ាងណាអង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលករណីនេះថា យុវជនទាំងនោះគួរតែដោះលែងឱ្យនៅក្រៅឃុំ ដោយសារគ្រួសារក្រីក្រ ហើយពួកគេក៏មានកាតព្វកិច្ចត្រូវសិក្សារៀនសូត្រ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

នៅរសៀលថ្ងៃទី២៤ ខែមីនានេះ កញ្ញា​ ​រៀម​ ​ស្រី​ពេជ្រ​រតនា​ ​និង​លោក ​ធី​ ​ថន​ ត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បដិសេធបណ្ដឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ ពួកគេរងបទចោទ «រួមគំនិតក្បត់» ក្នុងអំឡុង​ពេលដែលរដ្ឋាភិបាល ត្រៀមកម្លាំង​ចាប់ខ្លួន​ពលរដ្ឋ​ ដែល​​ចូលរួម​បញ្ចេញមតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូលផ្តុំ​គ្នា​ ទាក់ទង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ (C​L​V​-​D​T​A​) ដោយបទចោទនេះ បើត្រូវផ្តន្ទាទោស នឹងប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។

នៅមុនមេធាវីការពារសិទ្ធិយុវជនទាំងនោះប្ដឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ យុវជនទាំងពីរធ្លាប់បានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួន ៦ខែបន្ថែមទៀត កាលពីខែកុម្ភៈកន្លងទៅ។ ក្រៅពីនេះ ពួកគេក៏ធ្លាប់ត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងតុលាការកំពូល បដិសេធសំណើនៅក្រៅឃុំបណ្ដោះអាសន្នផងដែរ។

ចំពោះការបដិសេធរបស់សាលាឧទ្ធរណ៍នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែមីនានេះដោយសន្និដ្ឋានថា ប្រហែលចៅក្រមមានហេតុផលចំនួនពីរ គឺទី១ ចង់រក្សាការងារស៊ើបអង្កេត និងទីពីរ ប្រសិនឱ្យនៅក្រៅឃុំ អាចចៅក្រមបារម្ភថា ពួកគេបង្កហេតុប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។

ទោះបីយ៉ាងនេះក្តី លោក អំ សំអាត និយាយថា ក្នុងអំឡុងពេលឃុំខ្លួនពួកគេចំនួន ៦ខែបន្ថែមទៀតនេះ យុវជនទាំងពីរនាក់ មិនដែលបំពាននីតិវិធីរបស់តុលាការ ដោយតែងតែចូលរួមរាល់ការកោះហៅសាកសួរ និងស៊ើបអង្កេតពីចៅក្រម ហើយពួកគេសុទ្ធតែជាយុវជនស្ថិតក្នុងវ័យសិក្សា។ ក្រោមហេតុផលនេះលោកយល់ថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មិនគួរបដិសេធបណ្ដឹងរបស់មេធាវីលីកាដូ ដែលប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញឡើយ។

 

លោក អំ សំអាត៖ «ការបន្តឃុំខ្លួននេះ គាត់បាត់បង់ឱកាសទីមួយ ការសិក្សារបស់គាត់ហ្នឹង ពីព្រោះយុវជនមានអនាគតវែងឆ្ងាយ មានសិទ្ធិក្នុងការបន្តការសិក្សាហ្នឹង ហើយម្យ៉ាងវិញទៀតក៏យើងមើលឃើញយុវជនមួយចំនួន ជាពិសេសយុវជនដែលធ្វើការនៅសមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរជាមួយគ្នាហ្នឹង មួយចំនួនត្រូវបានដោះលែងឱ្យនៅក្រៅបណ្ដោះអាសន្នហើយ ហើយបទចោទប្រកាន់ក៏ដូចគ្នាដែរ។ អ៊‌ីចឹងវាគួរតែអ្នកទាំងពីរហ្នឹងត្រូវនៅក្រៅឃុំបណ្ដោះអាសន្នដែរ ជាអ្វីដែលយើងមើលឃើញ ដល់ពេលអ៊‌ីចឹងទៅទាំងឳពុកម្ដាយ និងគ្រួសាររំពឹងថាគាត់នៅក្រៅឃុំ តែវាជារឿងទុក្ខសោកមួយដែរសម្រាប់ពួកគាត់ ព្រោះបុណ្យចូលឆ្នាំជាបុណ្យប្រពៃណីជាតិដ៏ធំ ហើយធ្លាប់តែជួបជុំគ្រួសារ ហើយពេលនេះបែរជាកូនគាត់នៅក្នុងពន្ធនាគារទៅវិញ»។

ជាការកត់សម្គាល់របស់មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ឃើញថា កន្លងមកមានសកម្មជន និងយុវជន ដែលជាប់ឃុំខ្លួនជុំវិញព្រឹត្តិការណ៍ CLV នេះមួយចំនួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ដូច្នេះត្រង់ចំណុចនេះ លោកចោទជាសំណួរថា ហេតុអ្វីយុវជនទាំងពីរនេះ មិនត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈជីវភាពគ្រួសារពួកគេប្រឈមនឹងការខ្វះខាត ហើយពួកគេក៏មានកាតព្វកិច្ចត្រូវបន្តការសិក្សាថែមទៀត?

សូមជម្រាបថាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។ បន្ទាប់ពីរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងនេះ មានសកម្មជនសង្គម និងពលរដ្ឋ ដែលឃុំខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោង CLV នេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នជាបន្តបន្ទាប់ ក្រោយពួកគេចេញវីដេអូសុំទោស។

ងាកមកឳពុកកញ្ញា រៀម ស្រីពេជ្ររតនា លោក ជិន សារូ បានដាក់ក្តីរំពឹងថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងសម្រេចឱ្យកូនស្រីនៅក្រៅឃុំបណ្ដោះអាសន្ន តែផ្ទុយទៅវិញ សាលាឧទ្ធរណ៍នៅតែសម្រេចបដិសេធដូចតុលាការកំពូលដដែល។ លោក សារូ បង្ហាញការអស់សង្ឃឹម ដោយមិនដឹងទៅពឹងពាក់ សុំអង្វរទៅខាងណាទៀត ដើម្បីឱ្យជួយកូនស្រីរួចផុតពីការចោទប្រកាន់។

 

លោក ជិន សារូ៖ «យើងពិបាកជាន់លើពិបាកណាក្មួយស្រី យើងមិនដឹងថាមានសង្ឃឹមអីទេ ដល់ឥលូវហ្នឹងចប់ហើយ គ្រួសារក៏ពិបាក ដល់អ៊‌ីចឹងទៀតទៅកាន់តែយ៉ាប់ៗទៅ ហើយជិតចូលឆ្នាំគិតស្មានតែបានកូនអីត្រឡប់មក ដល់ពេលអ៊‌ីចេះអត់ទៀតហើយ មានអីសង្ឃឹម តែធ្លាប់រំពឹងគេឡើងមុនចូលឆ្នាំ ក្រែងគេដោះលែងមិនដឹង តែដល់ល្ងាចមិញជំនួយការចុចមកដដែល មានអីសង្ឃឹម»។

ចំណែកឳពុកលោក ធី ថន គឺលោក មឿន ធី បានឱ្យដឹងដែរថា ក្នុងជីវភាពគ្រួសារសព្វថ្ងៃនេះ ជួបភាពខ្វះខាតខ្លាំង ដោយសារចំណូលធ្លាក់ចុះ ហើយកូនៗទាំងអស់សុទ្ធតែនៅរៀន មិនទាន់មានអ្នកណាជួយរកចំណូលចូលគ្រួសារបាននៅឡើយ។ បុរសវ័យ ៤៨ឆ្នាំនេះ ថា ក្នុងមួយខែលោកមានលទ្ធភាពឡើងពីខេត្តកណ្ដាលទៅសួរសុខទុក្ខលោក ធី ថន ក្នុងពន្ធនាគារ បានតែពីរដងទេ ព្រោះដោយសារកត្តាជីវភាព និងបញ្ហាសុខភាពលោកមិនល្អផងដែរ។

លោក មឿន ធី៖ «ដឹងគិតយ៉ាងម៉េចទេ បើស្នើសុំមួយលើកពីរលើកហើយ ហើយមេធាវីគាត់ថាចាំជួយស្នើសុំឱ្យនៅក្រៅឃុំ គាត់ជួយស្នើសុំហើយតែនៅទៀត មិនដឹងទោសអីផងបើនៅតុលាការកំពូលពីរដង ហើយក៏ទៅតុលាការរាជធានីភ្នំពេញវិញទៀត ហើយគេចោទកូនខ្ញុំពាក់ព័ន្ធនឹងគម្រោង CLV ហ្នឹង កូនខ្ញុំថាអត់មានពាក់ព័ន្ធ អត់បាននិយាយរឿងហ្នឹងទេ ដល់អ៊‌ីចឹងគិតម៉េច កូនខ្ញុំអត់មានបាននិយាយរឿងគម្រោង CLV ហ្នឹងទេ»។

សូមរំលឹកជូនថា ក្នុងសវនាការជំនុំជម្រះនៅតុលាការកំពូល កាលពីដើមខែមករាមកនេះ មេធាវីការពារសិទ្ធិជូនយុវជនទាំងពីរនាក់ បានតវ៉ាជាមួយក្រុមប្រឹក្សាជំនុំជម្រះថា កូនក្ដីរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ហៃ វណ្ណា និងបុគ្គលចំនួន ២នាក់ទៀត ទាក់ទងគម្រោងផ្ដួលរលំរដ្ឋាភិបាលឱ្យទម្លាក់ចោលគម្រោង CLVឡើយ។ ក្រៅពីនេះកូនក្ដីខ្លួន ក៏មិនបាននៅក្នុងក្រុមឆាតដែលចង់ផ្ដួលរលំរដ្ឋាភិបាលផងដែរ។

ជុំវិញរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ការសម្រេចចិត្តណាមួយដកខ្លួនពីគម្រោង CLV នេះ គឺមិនមានជាប់ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់របស់តុលាការឡើយ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ គឺត្រូវតែទទួលទោសតាមចំណាត់ការផ្លូវច្បាប់។

លោក ប៉ែន បូណា៖ «ខ្ញុំសូមបញ្ជាក់ជូនឱ្យច្បាស់សម្រាប់អ្នកសារព័ត៌មាន អ្នកដែលរងចំណាត់ការផ្លូវច្បាប់កន្លងមកនេះ មិនមែនជាការរិះគន់ទេបាទ គឺគាត់បំពានច្បាប់របស់កម្ពុជា ដើរហួសបន្ទាត់ក្រហមនៃច្បាប់កំណត់។ គាត់ត្រូវទទួលទោសតាមច្បាប់ជាធរមានបាទ!»។

គួរបញ្ជាក់ថា កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន មានតួនាទីជាអនុប្រធានសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០នាក់ ដែលអ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង