មណ្ឌលគិរី៖ កាលពីចុងខែមិថុនាកន្លងទៅថ្មីៗនេះរដ្ឋបាលឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានដាក់ពិន័យនិងធ្វើកិច្ចសន្យាណែនាំទៅកាន់ស្រ្តីជនជាតិដើមភាគតិចព្នងចំនួន ២ នាក់ជាឆ្មបបុរាណប្រចាំភូមិឱ្យបញ្ឈប់សកម្មភាពទទួលសេវាសម្រាលកូនតាមផ្ទះ ដែលទណ្ឌកម្មនេះជាយន្តការមួយលើកទឹកចិត្តឱ្យពលរដ្ឋទៅទទួលសេវាសម្រាលកូននៅតាមមណ្ឌលសុខភាព កាត់បន្ថយអត្រាមរណភាពមាតានិងទារក។ ឆ្មបភូមិដែលរងការពិន័យប្រាប់វិទ្យុស្រ្តីថា ខ្លួនបានឈប់ពីរបរនេះយូរឆ្នាំមកហើយក្រោយទទួលបានការណែនាំពីមន្រ្តីឃុំ តែករណីជួយសម្រាលចុងក្រោយនេះ គឺដោយសារអ្នកភូមិឈឺពោះទៅមន្ទីរពេទ្យមិនទាន់ខណៈភូមិនៅឆ្ងាយពីមណ្ឌលសុខភាព។ ប្រជាជនក្នុងភូមិស្រុកខាងលើមិនជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរដែលបញ្ចប់ឆ្នាំងបាយរបស់ឆ្មបបុរាណនោះទេ តែពលរដ្ឋស្នើឱ្យអាជ្ញាធរបង្ខិតសេវាកម្មសម្រាលឱ្យមកជិតមូលដ្ឋាន ខណៈសព្វថ្ងៃប្រជាពលរដ្ឋលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ ដ្បិតឆ្ងាយនិងត្រូវចំណាយច្រើនលើសេវាពេទ្យ។
រាយការណ៍ដោយកញ្ញា ឃ្វិះ ផលឡា
ភូមិស្រែធំ ស្ថិតនៅក្នុងតំបន់មួយដាច់ស្រយាលពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយមណ្ឌលសុខភាពក៏នៅឆ្ងាយពីភូមិខ្ទង់ប្រហែល ៣០ គីឡូម៉ែត្រ។ ភូមិស្រែធំភាគច្រើនសម្បូរដោយជនជាតិដើមភាគតិចព្នងរស់នៅ។ ជនជាតិដើមភាគតិចតំបន់នេះនៅប្រកាន់ភ្ជាប់ប្រពៃណី និងទម្លាប់រស់នៅបែបជន ជាតិនៅឡើយ ពិសេសលើការព្យាបាលជំងឺនិងការសម្រាលកូនក៏នៅតោងយកវិធីបែបបុរណខ្លះៗផងដែរ។
តែយ៉ាងណា របៀបរបបក្នុងការរស់នៅពិសេសការថែទាំនិងការព្យាបាលជំងឺរបស់ជនជាតិដើមភាគតិច ត្រូវបានកែទម្រង់ជាជំហានៗតាមរយៈការចុះអប់រំផ្សព្វផ្សាយពលរដ្ឋតាមខ្នងផ្ទះពីសេវាកម្មសុខាភិបាលនានាពីសំណាក់មន្រ្តីពាក់ព័ន្ធ។ ក្នុងនោះមន្រ្តីពាក់ព័ន្ធក៏បានណែនាំនិងលើកទឹកចិត្តឱ្យស្រ្តីជាម្តាយទៅទទួលសេវាកម្មសម្រាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ដែលនៅជិតផ្ទះ។ បន្ថែមពីនេះ អាជ្ញាធរក៏តែងជូនដំណឹងទៅកាន់ឆ្មបបុរាណក្នុងភូមិស្រុកផងដែរ ឱ្យសហការណែនាំទៅកាន់ប្រជាពលរដ្ឋឱ្យមកទទួលសេវាកម្មសម្រាលនៅតាមមន្ទីរពេទ្យដែលមានជំនាញឯកទេសត្រឹមត្រូវ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារកកំឡុងពេលសម្រាល។
តួយ៉ាងកាលពីចុងខែមិថុនា ឆ្មបបុរាណចំនួនពីរនាក់ត្រូវបានរដ្ឋបាលឃុំសុខសាន្ត ស្រុកកោះញែក កោះហៅមកអប់រំជាលើកទី២ដោយគ្រានោះបានពិន័យជាប្រាក់ចំនួន១លានរៀល និងហាមមិនឱ្យបន្តសកម្មភាពទទួលសេវាសម្រាលកូនតាមផ្ទះទៀតនោះទេ។
ក្នុងរឿងនេះ អ្នកស្រី ម៉ាន់ ដែង ជាជនជាតិដើមភាគតិចព្នងនិងឆ្មបបុរាណម្នាក់ក្នុងភូមិស្រែធំ ឃុំសុខសាន្ដ ដែលមានបទពិសោធន៍សម្រាលកូនជាង ២៥ ឆ្នាំនិងឆ្មប់ម្នាក់ទៀត ត្រូវបានរដ្ឋបាលឃុំសុខសាន្តហៅមកណែនាំ ផ្តិតមេដៃលើកិច្ចសន្យា ជាមួយសាក្សីចំនួន ៦នាក់ផ្សេងទៀតឱ្យបញ្ចប់មុខរបររបស់ខ្លួន និងត្រូវជួយណែនាំឱ្យស្រ្តីក្នុងភូមិទៅទទួលសេវាកម្មសម្រាលនៅមន្ទីរពេទ្យវិញ ក្នុងគោលបំណងដើម្បីសុវត្ថិភាពពេលសម្រាល។
ស្រ្តីជនជាតិដើមភាគតិចព្នងរូបនេះប្រាប់វិទ្យុស្រ្តីថា អ្នកស្រីគ្មានការភ្ញាក់ផ្អើល ឬភ័យខ្លាចចំពោះការបិទឆ្នាំងបាយជាឆ្មបភូមិនេះទេ ដ្បិតអ្នកស្រីក៏មានការងារធ្វើស្រែចម្ការនិងលក់ដូរផ្សេងៗដើម្បីចិញ្ចឹមជីវិតដែរ ខណៈការងារជួយសម្រាលកូននេះអ្នកស្រីគ្មានបានថវិកាអ្វីច្រើននោះទេ។ អ្នកស្រីថាការជួយសម្រាលកូនលើកចុងក្រោយនេះ គឺអ្នកស្រីធ្វើតាមការសុំអង្វរករពីអ្នកភូមិតែប៉ុណ្ណោះ គ្រាដែលអ្នកភូមិពិបាកទៅពេទ្យដែលនៅឆ្ងាយនិងដល់ពេលឈឺពោះជិតសម្រាល។
អ្នកស្រីថា កន្លងមកខាងមន្រ្តីឃុំក៏បានណែនាំដល់អ្នកស្រីឱ្យសហការជួយជំរុញទៅកាន់អ្នកភូមិឱ្យទៅរកសេវាកម្មនៅមន្ទីរពេទ្យជាជាងមករកអ្នកស្រីដែរ។ ប្រការនេះ អ្នកស្រីតែតែងសហការតាមការណែនាំដោយតែងបដិសេធជារឿយៗនូវសំណើរបស់អ្នកភូមិដែលចង់ឱ្យអ្នកស្រីធ្វើឆ្មបពេលដល់ថ្ងៃសម្រាល។ អ្នកស្រីបញ្ជាក់ថា ស្របពេលអាជ្ញាធរសម្រេចបិទឆ្នាំងបាយរបស់អ្នកស្រី ដូច្នេះអ្នកស្រីក៏លែងលូកដៃចូលការងារនេះទៀតហើយ ទោះបីជាមានវគ្គបណ្តុះបណ្តាលឆ្មបបុរាណក៏អ្នកស្រីលែងចូលរួមដែរ។
អ្នកស្រី ម៉ាន់ ដែង៖ «គេហៅខ្ញុំទៅផាកពីន័យ ព្រោះខ្ញុំទៅសង្រ្គោះគេសម្រាលកូនក្នុងភូមិ គេហៅខ្ញុំពីរដងហើយតែខ្ញុំមិនបានទៅ ដល់ពេលលិខិតពីឃុំម្ដងនេះបានខ្ញុំទៅ គេហៅខ្ញុំជាលើកទី២ហើយ ។គេអប់រំមិនអនុញ្ញាតឪ្យខ្ញុំបង្កើតកូនតាមផ្ទះទេ ទោះបីសម្រាលក្នុងភូមិក៏ដោយក៏មិនឪ្យកាត់ផ្សិតទារកឬធ្វើអ្វីនោះដែរ គឺត្រូវយកទៅពេទ្យដែរ។ ខាងឃុំបាននិយាយថាបើនៅតែបន្ដការសម្រាលកូននៅក្នុងភូមិទៀត មួយឆ្នាំទៅមួយឆ្នាំគេរឹតបន្ដឹងបន្ដិចម្ដងៗ ហើយនៅផាកពិន័យរហូតទេបើខ្ញុំមានលុយអត់អីទេ ។ បើខ្ញុំនាំអ្នកពោះធំទៅដល់ពេទ្យដល់ពេទ្យក៏ពិបាកខ្ញុំដែរពេទ្យមិនងាយមកមើលយើងទេ។នៅភូមិខ្ញុំថាទៅពេទ្យទៅខ្ញុំមិនហ៊ានបង្កើតកូនក្នុងភូមិទេគេអត់ស្ដាប់ខ្ញុំសោះ។ខ្ញុំសំណូមពរប្រាប់ឪ្យអ្នកភូមិទាំងអស់គ្នាថា ខ្ញុំលែងចង់ជួយសម្រាលកូនក្នុងភូមិហើយ ខ្ញុំក៏ចង់ប្រាប់ទៅភូមិឃុំថាខ្ញុំលែងចង់ជួយសម្រាលកូនតាមផ្ទះ ខ្ញុំនិងជួយជំរុញឪ្យប្រជាពលរដ្ធ ឪ្យទៅពេទ្យទាំងអស់ខ្ញុំលែងប៉ះពាល់ការសម្រាលកូនក្នុងភូមិ ទោះបីមានការបណ្ដុះបណ្ដាលក្នុងភូមិក៏ខ្ញុំមិនចង់ធ្វើដែរ»។
ជុំវិញករណីឈានទៅដល់ដាក់ពិន័យលើឆ្មបបុរាណក្នុងភូមិស្រែធំនេះ លោកស្រី សន សុគា ជាសមាជិកឃុំសុខសាន្តទទួលបន្ទុកកិច្ចការនារី និងកុមារ ប្រាប់វិទ្យុស្រ្តីថា កន្លងមកនេះការសម្រាលដោយឆ្មបបុរាណក្នុងភូមិបានបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតម្តាយនិងទារករហូតទៅដល់២ករណី។ ប្រការនេះទើបអាជ្ញាធរឃុំសម្រេចដាក់ពិន័យលើឆ្មបឱ្យបញ្ឈប់សកម្មភាពសម្រាលកូនតាមភូមិតទៅទៀត ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងដដែរជាដដែរៗ។ អ្នកស្រីបញ្ជាក់ថា ការប្រើយន្តការដាក់ពិន័យលើឆ្មបបុរាណនិងការជំរុញឱ្យពលរដ្ឋមកទទួលសេវាសម្រាលនៅមន្ទីរពេទ្យនេះ គឺជាវិធីសាស្រ្តតាមទិសដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាមរណភាពមាតានិងទារកពេលសម្រាល។
អ្នកស្រី សន សុគា៖«ចឹងគាត់កើតខ្លួនឯង ចំណុចបារម្ភណ៍របស់ខ្ញុំ ខ្ញុំថាខែនេះកើតមួយខ្លួនឯងខ្ញុំស្មានថាខែក្រោយហ្នឹងកើតពីខ្លួនឯងទៀតហើយ ដូចការគិតរបស់ខ្ញុំមែន ក្រោយមកកើតពីខ្លួនឯងមែនអត់មានឆ្មបទេ អើពេលយើងសើបតាមអ្នកទ្រទ្រង់ថាឆ្មបហ្នឹង គាត់បានបង្កើតឆ្មបធ្លាប់ធ្វើកិច្ចសន្យារួចយើងហៅគាត់មកទៀត ហៅគាត់មកទៀត ហៅហ្នឹងអត់យកលុយទេ គ្រាន់តែហៅមកបញ្ឈប់ មិនយកឆ្មប់ចាស់ទេ គាត់បែរជា ក្រោយមកគាត់ទៅយកឆ្មបថ្មីថ្មីដែលក្មេងៗទើបបង្កើត ចេះតគ្នាតាមចាស់ៗប្រាប់តិចៗទៅ ហើយហ្នឹងគ្រោះថ្នាក់ណាស់ ក្រោយមកស្រែធំក្នុងខែនេះដូចជាមានបួននាក់ហើយ ដែលសម្រាលកូនដោយខ្លួនឯងដែលមកមិនទាន់ មិនមែនមកមិនទាន់ទេគឺគាត់មិនមក»។
តាមការលើកឡើងរបស់អ្នកស្រី សន សុគា អាជ្ញាធរនិងអ្នកពាក់ព័ន្ធកន្លងមកនេះបានចុះផ្សព្វផ្សាយពីដល់ភូមិស្រុកពីការងារសុខាភិបាលផ្សេងៗ ពិសេសអត្ថប្រយោជន៍នានាសម្រាប់ម្តាយដែលទៅសម្រាលកូនមន្ទីរពេទ្យរដ្ឋ ពោលគឺទទួលបានទាំងសុវត្ថិភាព និងថវិកា។ សម្រាប់ថវិកាអ្នកស្រីថា ចំពោះអ្នកមានប័ណ្ណសមធម៌ ឬលិខិតបញ្ជាក់ក្រីក្រនោះការទៅសម្រាលនឹងទទួលបានថវិកាត្រឡប់ទៀតផង។ ដោយឡែកសម្រាប់អ្នកមិនមានប័ណ្ណក្រីក្រហើយទៅសម្រាលនៅមន្ទីរពេទ្យចំពេលគ្មានប្រាក់គ្រប់គ្រាន់គឺអាជ្ញាធរឃុំផ្តល់សាច់ប្រាក់សេវាសង្គមជួយជាថវិកាចំនួន ៤ ម៉ឺនរៀលផងដែរ ខណៈថ្លៃសម្រាលនៅមន្ទីរទេព្យចំណាយប្រហែលតែ ៣ ម៉ឺនរៀលប៉ុណ្ណោះ។
ទាក់ទិនក្នុងរឿងនេះ អ្នកស្រី តោន ប្លោញ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដ មណ្ឌលគិរី ដែលជាសាក្សីរបស់ឆ្មប ម៉ាន់ ដែង និយាយថា ប្រការដែលអ្នកស្រីសម្រេចមិនឱ្យកូនទៅសម្រាលនៅមន្ទីរពេទ្យហើយហៅឆ្មបភូមិជួយសម្រាលនៅផ្ទះ ព្រោះគ្រានោះកូនស្រីរបស់អ្នកបានបែកទឹកភ្លោះដល់ពេលសម្រាលនិងការប្រកាន់ជាប់ត្រណមបុរាណដែលមិនអាចចល័តចេញឆ្ងាយពេលបែកទឹកភ្លោះ។ អ្នកស្រី តោន ប្លោញ បានយល់ព្រមបង់ថ្លៃផាកពិន័យជំនួសឆ្មបភូមិអ្នកស្រី ម៉ាន់ ដែង ចំនួន៥ម៉ឺនរៀល។
អ្នកស្រី តោន ប្លោញ៖«ឆ្មបបុរាណពួកខ្ញុំធ្លាប់ប្រើពីមុនមក ពួកយើងមិនមែនជំទាស់មិនទៅពេទ្យទេ ឥឡូវហ្នឹងបើគាត់ថាមិនឪ្យអនុញ្ញាតឪ្យសម្រាលនៅក្នុងភូមិ ពួកខ្ញុំដោយសារតែអត់មានលុយ អត់មានប័ណ្ណក្រីក្រ ចឹងអត់បានទៅទាន់ពេលវេលាក៏កើតក្នុងភូមិ។ បើគាត់បន្ទោសចង់ចាប់ឆ្មបបុរាណ ឆ្មបបុរាណគាត់មិនមែនទើបតែចេះបង្កើតទេ ម្យ៉ាងទៀតផ្លូវឆ្ងាយពីមន្ទីពេទ្យ ឥឡូវនេះខ្ញុំសុំឪ្យមានប័ណ្ណក្រីក្រសម្រាប់ប្រជាជនក្រីក្រ រីឯមន្ទីពេទ្យក៏មិនមែននៅក្នុងភូមិ បើខ្ញុំជ្រើសរើសក្នុងការសម្រាលយកឆ្មបបុរាណសូមកុំផាកពិន័យឬចាប់គាត់អីពួកខ្ញុំសុំប៉ុណ្ណឹង មិនមែនឆ្មបបុរាណគាត់សុំបង្កើតកូនពួកខ្ញុំទេ ពួកខ្ញុំទេជាអ្នកទៅរកគាត់ គាត់ជាអ្នកសង្រ្គោះពួកខ្ញុំ មិនមែនពួកខ្ញុំមិនទុកចិត្ដពេទ្យនោះទេ គឺពួកខ្ញុំចាត់ទុកឆ្មបបុរាណដូចឪពុកម្ដាយ»។
ទាក់ទងរឿងទំនៀមទម្លាប់ហាមមិនឱ្យចេញទៅណាឆ្ងាយពេលបែកទឹកភ្លោះដោយយល់ថាអាចមានចង្រៃឧបទ្រពនេះ អ្នកស្រី សន សុគា ក៏សង្កត់ធ្ងន់ដែលថា បញ្ហានេះបានក្លាយជាឧបសគ្គរារាំងមួយដ៏ធំដែលបង្អាក់ពលរដ្ឋមិនអាចមកទទួលសេវាសម្រាលនៅមន្ទីរពេទ្យបាន។ សម្រាប់អ្នកស្រីដែលទទួលបន្ទុកកិច្ចការនារី និងកុមារ យល់ថា គួរត្រូវបានកែលម្អនូវទំនៀមទម្លាប់ណាដែលអន់ថយ និងតោងថែរក្សាប្រពៃណី ទំនៀមទម្លាប់ណាដែលល្អ ដើម្បីជៀសវាងរងគ្រោះព្រោះការប្រកាន់ទម្លាប់ខុសបែរនេះ។
អ្នកស្រី សន សុគា៖«ទៅមណ្ឌលសុខភាពឆ្លងទន្លេ បើសិនជាថាពេលមកវិញហ្នឹង បើមានអត់ត្រប់អីឪ្យស្អាតបាតល្អ ស្រក់ឈាមតាមថ្នាល់អី បើមានអ្នកឈឺគ្រុននៅក្នុងភូមិគឺគេត្រូវឪ្យលីសលាងគោក្របីចឹងម៉ង អត់បានទេតែខ្ញុំគិតថា នៅក្នុងភូមិដូចខ្ញុំបញ្ជាក់ដដែលៗនៅឃុំផ្សេងគេអត់ គេជនជាតិដើមភាគតិចដូចគាត់ដែរ តែគេអត់ដូចឃុំខ្ញុំទេ ចង់និយាយថាប្រពៃណីហ្នឹងគឺគេដូចជាមិនប្រើតឹងតែងដូចយើង ដូចឃុំខ្ញុំទេ ហើយបើឃុំខ្ញុំភាគច្រើនទៅ សូម្បីតែរឿងអីក៏ដោយ ភាគច្រើនគឺស្ដាប់ពីអ្នកជិតខាងពីបងប្អូនអីច្រើនជាងចឹងណាស់ សម្បីតែប្ដីក៏ចឹងដែរ ប្ដីបើសិនជាប្ដីដឹងថាប្រពន្ធគ្រប់ខែច្រើនតែទៅព្រៃ ហើយប្រពន្ធហ្នឹងបើសិនជាអ្នកជិតខាងជូនទៅក៏អត់បានដែរ មកវិញដឹងតែរករឿងគេហើយ ចឹងអ្នកជិតខាងអត់ហ៊ានទេប្រពៃណីគេចឹង ទាល់តែប្ដី ប្ដីហ្នឹងក៏ខ្ញុំថាប្រហែលម្ល៉េះបើដឹងថាប្រពន្ធគ្រប់ខែហើយមិចមិននៅរង់ចាំ ហើយបើយើងឧស្សាហ៍ទៅពិនិត្យសុខភាពគេដឹងហើយថាមុនកើតក្រោយកើតមួយអាទិត្យចឹងយើងត្រៀមទៅ»។
ដោយឡែកប្រជាពលរដ្ឋមួយរូបទៀត ដែលចូលរួមធ្វើជាសាក្សីក្នុងហេតុការណ៍ផាកពិន័យឆ្មបបុរាណគឺលោក ស្រាន់ ចែក ជាជនជាតិដើមភាគតិចព្នងយល់ថា ករណីបើសិនជាមិនអនុញ្ញាតឱ្យមានឆ្មបបុរាណតាមភូមិដូចមុនបែបនេះ ដូច្នេះអាជ្ញាធរមូលដ្ឋានគប្បីពង្រីកវិសាលភាពសេវាសុខាភិបាលឱ្យដល់ភូមិស្រុកដាច់ស្រយាលដូចនៅភូមិស្រែធំនេះ ដើម្បីអាចឱ្យស្រ្តីទៅឆ្លងទន្លេទាន់ពេលវេលា។ មួយទៀតលោកសំណូមពរដល់ខាងមន្ទីរពេទ្យត្រូវបញ្ចេញរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺឬដឹកស្រ្តីជិតឆ្លងទន្លេឱ្យទាន់ពេល ពិសេសពេលយប់ព្រលប់ជាដើម ខណៈបច្ចុប្បន្នមន្ទីរនៅឆ្ងាយពីផ្ទះ។
លោក ស្រាន់ ចែក៖«សំណូរពរឡានពេទ្យដើម្បី រត់ការយប់ជ្រៅយ៉ាងមិចក៏ដោយ ហើយពេលគេសំណូមពរចឹងធ្វើមិចឪ្យឡានមកឪ្យទាន់ធ្វើការរត់តាមភូមិ។ដល់ពេលចឹងមេឃុំនិងបុគ្គលិកឃុំ គេនិយាយថាឡានមានតែអត់ទាន់ពេលទេ ព្រោះភូមិយើងវាច្រើន ស្រុកកោះញែកវាច្រើនភូមិច្រើនឃុំ ចឹងរត់ទៅនេះទៅនោះវាមិនទាន់ ដល់ពេលយើងមានបញ្ហានោះមកអត់ទាន់ទេ គេឆ្លើយចឹងណាស់ ធ្វើមិចយើងព្យាយាមពេលឈឺពោះឈឺអី យើងរត់ការឪ្យហើយ យកម៉ូតូរត់ការឪ្យហើយមក។ហើយសំណូមពរថាឪ្យមានមណ្ឌលសុខភាព ធ្វើមិចឪ្យមានតាមភូមិ គេរៀបចំហើយតែគេមិនទាន់ទម្លាក់ចឹងទៀតនោះណាសុំហើយតែគេមិនទាន់ទម្លាក់ឪ្យ មណ្ឌលសុខតាមភូមិនោះណា មេឃុំថាចឹង ហើយគេប្រុងធ្វើដែរប៉ុន្មានឆ្នាំហើយមិនឃើញ ដីក៏គេឪ្យមិនឃើញគេរៀបចំឪ្យ តាមភូមិពិបាកដោយសារចឹង បានតវ៉ា ពេញមួយថ្ងៃ ចឹងរឿងហ្នឹង»។
ជុំវិញករណីនេះមេឃុំសុខសាន្ត លោក ឆាន ជិន តបថា បច្ចុប្បន្នអាជ្ញាធរដែនដីបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវល្អប្រសើរជាច្រើនកន្លែង ពិសេសពីសហគមន៍មកដល់មន្ទីរពេទ្យ។ ជាងនេះបច្ចុប្បន្នអាជ្ញាធរដែនដីបានបង្កើតប៉ុស្តិ៍រដ្ឋបាលសុខភាពប្រចាំភូមិផងដែរ សម្រាប់ផ្តល់សេវាពិនិត្យនិងពិគ្រោះជំងឺ និងពិគ្រោះព្រឹក្សាស្រ្តីមានផ្ទៃពោះ ដូច្នេះលោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋអាចរកសេវាដែលនៅជិតភូមិបំផុតបាន។
លោក ឆាន ជិន ៖«ប៉ុសិ៍្ដសុខភាពនៅស្រែធំហ្នឹងមានមួយដែរ អត់ទេគាត់គ្រាន់តែជំរុញមកពិនិត្យអីអី ហើយគាត់អ្នកព្យាបាលតូចតាចទេ ប៉ុស្ដិ៍មិនមែនដូចមណ្ឌលទេ មណ្ឌលអ្នកសម្រាល ស្រ្ដីពោះធំឪ្យមកឆ្លងទន្លេនៅមណ្ឌល ព្រោះមណ្ឌលឆ្ងាយទេ ព្រោះផ្លូវល្អ មានផ្លូវអីពិបាក ទោះបីឆ្ងាយ បួន ដប់គីឡូរក៏ផ្លូវល្អដែរ មានពិបាកឯណា»។
តាមការគូសបញ្ជាក់ពីលោកមេឃុំសុខសាន្ត នៅក្នុងភូមិមានករណីស្លាប់បាត់បង់ជីវិតពេលសម្រាលចំនួនពីរករណី គឺកាលពីឆ្នាំ២០២២ មួយករណី និងនៅឆ្នាំ២០២៣មួយករណី។ ប្រឈមមុខបញ្ហានេះលោកមេឃុំថា អាជ្ញាធរមិនដកថយឡើយចំពោះវិធានការរឹតបណ្តឹងការផាកពិន័យលើឆ្មបបុរាណដែលនៅតែមិនព្រមសហការជាមួយអាជ្ញាធរ ពោលគឺនៅតែរឹងទទឹងលួចសម្រាលកូនតាមផ្ទះអ្នកភូមិទៀត។ មួយទៀតលោកមេឃុំសុខសាន្តក៏សំណូមពរដល់ប្រជាពលរដ្ឋក្នុងឃុំសុខសាន្តដែលភាគច្រើនជាជនជាតិដើមភាគតិច គប្បីផ្លាស់ប្តូរទម្លាប់ដែលមិនល្អមួយចំនួនចោលដោយត្រូវមកទទួលសេវាកម្មសម្រាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីសុវត្ថិភាពរួចផុតពីបញ្ហាមរណភាពមាតានិងទារកពេលសម្រាល។
សូមជម្រាបជូនថា រយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្នុងពិធីបិទសិក្ខាសាលា ពិនិត្យលទ្ធផលនៃការអនុវត្ដផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារក ២០១៦-២០២០។ និងពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស់ រស្មី និង កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕