en     km
en     km

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ករណីដឹកវល្លិ៍រមៀត ១៣០០គីឡូចេញពីដែនជម្រកសត្វព្រៃតាតៃ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួនពីរនាក់ត្រូវឃាត់ខ្លួនជាមួយរថយន្តដឹកដោយវល្លិ៍រមៀតចំនួន ១៣០០ គីឡូក្រាមដែលប៉ុនប៉ងដឹកចេញពីដែនជម្រកសត្វព្រៃតាតៃខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ការឃាត់ទប់ស្កាត់ការចរាចរវល្លិ៍រមៀតនេះ ព្រោះរុក្ខជាតិវល្លិ៍រមៀតនេះនៅតែជាប្រធានបទក្តៅ ខណៈរុក្ខជាតិមួយប្រភេទនេះ អាចចម្រាញ់ជាសារធាតុមេសម្រាប់ផលិតគ្រឿងញៀន ប្រភេទអិចស្ដាស៊ីឬហៅម្យ៉ាងទៀតថា MDMA។

រាយការណ៍ដោយ ឃ្វិះ ផលឡា

បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានដែលទើបបង្ហោះព័ត៌មាននេះនៅថ្ងៃទី២៦ ខែធ្នូ នេះបានបន្ថែមថា មនុ ស្សពីរនាក់រួមទាំងវល្លិ៍រមៀតចំនួន ២បាវ និងវត្ថុតាងផ្សេងៗទៀតនោះ ត្រូវបានមន្រ្តីឧទ្យានុរក្ស សហការជាមួយកម្លាំងអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្ទាក់ឃាត់បាននៅត្រង់ភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ សម្រាប់វត្ថុតាងខាងលើនេះ ត្រូវរក្សាទុកនៅស្នាក់ការវាលពីរជាបណ្តោះអាសន្នហើយជនសង្ស័យ ក្រុមការងារបញ្ជូនមកមន្ទីរបរិស្ថានខេត្តចាត់ការតាមនីតិវិធីច្បាប់។

សកម្មភាពស្ទាក់ចាប់រថយន្តដឹកវល្លិ៍រមៀតដោយសមត្ថកិច្ច។រូបភាពទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

គួររំលឹកបន្តិចថា ករណីចាប់ឃាត់ខ្លួនជនសង្ស័យទាក់ទងការដឹកវល្លិ៍រមៀតចេញពីព្រៃតំបន់ព្រៃអភិរក្សតែងត្រូវបានចុះផ្សាយលើទំព័រសារព័ត៌មានជារឿយៗ ខណៈគ្រាន់តែអំឡុងឆ្នាំ២០២៤នេះ មានការផ្សាយព័ត៌មានជុំវិញការដឹកវល្លិ៍រមៀតនេះចំនួនពីរលើក។​

ករណីទីមួយគឺកើតឡើងកាលពីថ្ងៃទី​២៧​ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅ​ភូមិ​សាម៉ ឃុំ​សេកុង ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែលសមត្ថកិច្ចបង្ក្រាប​​បាន​បទល្មើស​ដើម​វល្លិ​រមៀត ចំនួន ៤​តោន ក្នុងតំបន់​ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង។

មួយករណីទៀតគឺកាលពីថ្ងៃទី១២ ក្នុងខែកុម្ភៈដដែរ ដោយសមត្ថកិច្ចជំនាញខាងប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានចាប់រថយន្តសាំយ៉ុងចំនួន ២គ្រឿង ដែលដឹកដើមវល្លិរមៀតចំនួន ៤តោនស្មើ ៨០ការ៉ុង បម្រុងដឹកជញ្ជូនឆ្លងដែន នៅត្រង់ព្រំដែនកម្ពុជាឡាវ (ដុងកាឡ) ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជុំវិញរឿងនេះ សកម្មជនបរិស្ថានតែងដាក់ការព្រួយបារម្ភថា បើសិនការទប់ស្កាត់បញ្ហាចរាចរ​ដើម​វល្លិ​រមៀតនៅតែគ្មានប្រសិទ្ធភាព នោះបញ្ហាចរាចរគ្រឿងញៀនក៏នៅតែលំបាកទប់ស្កាត់។ ការលើកឡើងមែននេះ ដ្បិតផ្អែកតាមសារព័ត៌មានកន្លងមក គឺការចរាចរសារធាតុញៀននិងគ្រឿងញៀនមួយផ្នែកតែងហូរចូលតាមច្រកព្រំដែនកម្ពុជា-ឡាវ ស្របពេល​ដើម​វល្លិ​រមៀតកម្ពុជាត្រូវបានឈ្មួញនាំចេញទៅប្រទេសឡាវ។

ភស្តុតាងដើមវល្លិ៍រមៀតដែលបានដឹកចេញពីតំបន់អភិរក្ស។រូបភាពទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

គេនៅចាំបានថា សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី ត្រូវឃាតករបាញ់ស្លាប់កាលពីឆ្នាំ២០១២  ​ក្រោយលោកចុះស៊ើបអង្កេតក្រុមហ៊ុន ធីមប័រ ហ្គ្រីន (Timber Green) ដែលបានប្រមូលនិងកែច្នៃដើមវល្លិរមៀត នៅស្រុកថ្មបាំង ខេត្តកោះកុង។ សម្រាប់យុត្តិធម៌វិញ នៅតែពុំទាន់ទទួលបានពន្លឺណាមួយនោះទេរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សូមជម្រាបឱ្យដឹងថា ដើមវល្លិរមៀត (Yellow Vine) ជាប្រភេទរុក្ខជាតិវល្លិម្យ៉ាងដែលមានក្លិនក្រពុល មានរសជាតិជូរ ផ្អែមដូចស្ពាន់ធ័រលាយជាមួយស្ករត្នោត វាជាសារធាតុមេម្យ៉ាងសម្រាប់ផលិតគ្រឿងញៀន ប្រភេទ   អិចស្ដាស៊ី ឬMDMA។

ងាកមកពិនិត្យមើលផ្លូវច្បាប់វិញ កម្ពុជាក៏មានចែងពាក់ព័ន្ធការជួញដូរវល្លិរមៀតនេះដែរ។ នោះគឺច្បាប់ស្ដីពីព្រៃឈើ ឆ្នាំ២០០២ ត្រង់មាត្រា ៣២ ដោយ ចែងហាមឃាត់ មិនឲ្យមានការបង្កើតមូលដ្ឋានកែច្នៃ វល្លិរមៀត។ ចំណែកមាត្រា៩៧ ចែងថា ការបង្កើតមូលដ្ឋានកែច្នៃវល្លិរមៀត ឬមូលដ្ឋានសិប្បកម្ម អនុផលព្រៃឈើផ្សេងទៀតដែលនាំ មកនូវការបំផ្លាញព្រៃឈើនិងមជ្ឈដ្ឋានព្រៃឈើ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕

Share

ព័ត៌មានទាក់ទង