ទាហានមួកខៀវកម្ពុជា ២នាក់ ដែលទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង បាត់បង់ជីវិតដោយសារផ្ទុះអាវុធក្នុងបន្ទាយ ព្រោះតែការបាញ់គ្នាឯង។ ប៉ុន្តែក្រសួងការពារជាតិ នៅមិនទាន់បញ្ជាក់មូលហេតុស្លាប់ទាហានទាំងពីរនាក់នោះនៅឡើយ ដោយគ្រាន់តែអះអាងថា ការបាត់បង់ទាហានទាំងពីរនេះ ជាការពលីក្នុងអំឡុងពេលបំពេញបេសកកម្មការពារសន្តិភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។ កញ្ញា កែវ សុជាតា រាយការណ៍
ទាហានទាំង ២រូបនោះ មានឈ្មោះ កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ពួកគេជាកងអនុសេនាធំរាជអាវុធហត្ថប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បាត់បង់ជីវិត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
ការស្លាប់របស់ពួកគេទាំង ២នាក់ ត្រូវបានលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ សរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកកាលល្ងាចថ្ងៃទី១៤ ខែឧសភានេះថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកសូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ មិនបានសរសេរបញ្ជាក់ថា យោធិនទាំង ២រូបនោះ ស្លាប់ដោយសារមូលហេតុអ្វីច្បាស់ឡើយ ប៉ុន្តែលោកគ្រាន់តែនិយាយថា យោធិនទាំង ២រូបនេះ ជាយោធិនដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
វិទ្យុស្ដ្រីព្យាយាមសុំការបំភ្លឺពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែឧសភានេះលោកបដិសេធក្នុងធ្វើសេចក្ដីអត្ថាធិប្បាយជុំវិញករណីស្លាប់យោធិនទាំង ២នាក់ ដោយលោកសុំឱ្យអ្នកសារព័ត៌មានយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
តែបើយោងតាមសារព័ត៌មាន Radio Tamazuj ដែលជាស្ថាប័នសារព័ត៌មានឯករាជ្យមួយនៅស៊ូដង់ បានសម្ភាសន៍លោកស្រី Priyanka Chowdhury អ្នកនាំពាក្យតំណាងបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ ដោយលោកស្រីប្រាប់ថា ហេតុការណ៍ផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះបុគ្គល និងបុគ្គលនៅក្នុងមូលដ្ឋានទ័ពក្រុង Malakal កាលក្នុងថ្ងៃទី១៣ ខែឧសភា វេលាម៉ោង ៤៖៣០នាទីរសៀល ម៉ោងនៅស៊ូដង់។ លោកស្រី Priyanka Chowdhury មិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់បង្កឱ្យមានជម្លោះបុគ្គលនៅឡើយ ដោយឱ្យរង់ចាំការស៊ើបអង្កេតករណីនេះជាមុនសិន។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនេះ ផ្ដើមចេញយោធិនខ្មែរ លោក ផាត មុន្នី បានបាញ់សម្លាប់កញ្ញា ដួង ម៉ាហ្គាលី ហើយបន្ទាប់មក លោក ផាត មុន្នី ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ក្រៅពីយោធិនខ្មែរ ២នាក់បានស្លាប់ ហេតុការណ៍ផ្ទុះអាវុធនេះ ក៏ធ្វើឱ្យយោធិន ២រូបទៀតរងរបួសផងដែរ។
ជាមួយគ្នានេះ តាមកាសែត ស៊ូដង់ ប៉ុស្តិ៍ (Sudans Post) ក៏បានផ្សាយដែរថា ហេតុការណ៍ផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះបុគ្គល និងបុគ្គល ក្នុងការបាញ់ប្រហារគ្នាឯងនៅក្នុងមូលដ្ឋានទីក្រុង Malakal។ កាសែតដដែល មិនទាន់បញ្ជាក់មានរឿងអ្វីដែលនៅពីក្រោយជម្លោះនេះនៅឡើយ។
ការបាត់បង់យោធិនទាំង ២នាក់នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារយោធិនទាំង២ ដែលបាត់បង់កញ្ញា ដួង ម៉ាហ្គាលី និងលោក ផាត មុន្នី ក្នុងពេលបំពេញភារកិច្ចនៅទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
មរណភាពយោធិនទាំង២នោះ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកជាការបាត់បង់នូវកងកម្លាំងដ៏អង់អាចរបស់កម្ពុជា ដែលបានបូជាជីវិតដើម្បីបុព្វហេតុសន្តិភាព។
រូបភាពពីហ្វេសប៊ុកក្រសួងការពារជាតិ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន ៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងរយៈពេល១ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦-រហូតមកដល់បច្ចុប្បន្ននេះ កងកម្លាំងរាជអាវុធហត្ថមួកខៀវមានចំនួន ៩,៨១៥នាក់ ក្នុងនោះស្ដ្រី មាន៨៥៤នាក់ ទៅបំពេញបេសកកម្មនៅបណ្ដាប្រទេសចំនួន១០ មាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕
អត្ថបទដោយ កញ្ញា ជា សុខនី