សមត្ថកិច្ចកំពុងសួរចម្លើយជនសង្ស័យ។ ប្រភពរូបភាពពីសមត្ថកិច្ច
ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្ដិក្មេងស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះត្រូវគេប្រទះឃើញនៅកន្លែងកើតហេតុ គឺនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្ដគ្រួស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ១- ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន(រួមគំនិតសម្លាប់), ទី២ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន(រួមគំនិតសម្លាប់), និងទី៣ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ ត្រូវបានឃាត់ខ្លួន(ជាជនដៃដល់ អ្នករំលោភនិងសម្លាប់)។ ពួកគេទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទីថ្ងៃ។
តាមការបញ្ជាក់ពីសមត្ថកិច្ច មុនកើតហេតុជនដៃដល់បានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្ដិតែម្ដង(ខ្សែកផ្លាកទីន១ខ្សែនិងទូរសព្ទ១គ្រឿង)។ ជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង១និង២៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅជាង១០ម៉ោងក្រោយ។ ស្លាកស្នាមនិងសម្ភារៈបន្សល់ទុកមាន ខ្សែក្រណាត់អាវពណ៌ខ្មៅចំនួន១(រឹតកជនរងគ្រោះ)។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕