ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សហគមន៍កសិកម្មទំនើបចំនួន ៣ ស្ថិតក្នុងខេត្តកំពង់ធំ បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី»ជាមួយនឹងក្រុមហ៊ុនមីរ៉ាត់(MIRARTH) ក្នុងបរិមាណចំនួន៤០០តោន គិតជាទឹកប្រាក់ប្រមាណ ៦៥ម៉ឺនដុល្លារ។ កិច្ចសន្យានេះ សម្រាប់សហគមន៍ចាត់ទុកថាជាក្តីសង្ឃឹមថ្មីមួយដែលធ្វើឱ្យកសិផលរបស់កសិករមានទីផ្សារច្បាស់លាស់ ហើយសមិទិ្ធផលនេះក៏កើតឡើងបន្ទាប់ពីក្រសួងកសិកម្មប្រឹងប្រែងប្រមូលកសិករចងក្រងជាសហគមន៍កសិកម្មទំនើប។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ក្តីកង្វល់លើបញ្ហាតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលកសិករតែងជួបប្រទះដោយសារតែឈ្មួញវៀតណាមក្រឡុងកន្លងមកនេះ អាចត្រូវបានកាត់បន្ថយ បន្ទាប់ពីសហគមន៍កសិកម្មទំនើបចំនួន ៣ បានចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីទៅកាន់ក្រុមហ៊ុនមីរ៉ាត់(MIRARTH)។នេះជាការគូសបញ្ជាក់ពីលោក ចាន់ សៅ ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបទំរីងខេត្តកំពង់ធំ ដែលជាសហគមន៍មួយក្នុងចំណោមសហគមន៍បីផ្សេងទៀតដែលបានចុះកិច្ចសន្យា។
សហគមន៍កសិកម្មទំនើបទាំងបីនោះ រួមមានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ និង សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។
ពិធីចុះហត្ថលេខាស្តីពីការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីរវាងសហគមន៍កសិកម្មទំនើបចំនួន៣ ជាមួយក្រុមហ៊ុនមីរ៉ាត់។រូបភាពពីក្រសួងកសិកម្ម។
នៅក្នុងពិធីចុះហត្ថលេខានោះដែរ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា កិច្ចសន្យានេះពិតជាមានសារៈសំខាន់ក្នុងដំណើរការ ផលិត កម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍។ មួយទៀតកិច្ចសន្យានេះ ក៏ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើសពីការរំពឹងទុកបានផងដែរ។ លោក ឃឹម ហ្វីណង់ បានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ផ្ទាល់ ត្រូវបន្តកិច្ចការចុះកិច្ចសន្យាលក់គ្រាប់ស្វាយ ចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់ការលក់ជាគ្រាប់ស្ងួត។ បន្ថែមពីនោះសម្រាប់រដូវកាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។ ការលើកឡើងរបស់អ្នកនាំពាក្យខាងលើ ធ្វើឡើងគ្រាដែលលោកអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងក្នុងពិធីចុះកិច្ចសន្យា។រូបភាពពីក្រសួងកសិកម្ម។
លោក ចាន់ សៅ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៧ ខែមីនានេះ ដោយចាត់ទុកកិច្ចសន្យានេះជាសមិទិ្ធផលផ្លែផ្កាមួយកើតចេញពីការប្រឹងប្រែងរបស់ក្រសួងកសិកម្ម នាពេលកន្លងមកក្នុងការប្រមូលផ្តុំកសិករឱ្យចងក្រងជាសហគមន៍ ដែលគោលដៅចំបងនោះគឺការការពារទីផ្សារកសិផល។ លោកថា កន្លងមកគ្រាប់ស្វាយចន្ទីតែងមានបញ្ហាទីផ្សារជារឿយៗដោយសារឈ្មួញវៀតណាមតែងក្រឡុកទីផ្សារបន្ទាបតម្លៃ ធ្វើឱ្យប៉ះពាល់ចំណូលនិងទឹកចិត្តដែលកសិករប្រឹងដាំដុះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបទំរីងរូបនេះបន្ថែមថា សម្រាប់សហគមន៍របស់លោកត្រូវទទួលខុសត្រូវផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសម្ងួតហើយចំនួន១៥០តោន ក្នុងតម្លៃខ្ទង់៦២០០រៀលក្នុងមួយគីឡូក្រាម។លោកថា ការប្រមូលផលលក់ជូនក្រុមហ៊ុនអាចត្រូវធ្វើនោះដើមខែមេសានេះ តែបច្ចុប្បន្ននេះកសិករកំពុងប្រមូលលក់ឱ្យឈ្មួញវៀតណាមសិន ព្រោះតម្លៃលក់ឱ្យឈ្មួញវៀតណាមកំពុងបានថ្លៃល្អគួរសមគឺគ្រាប់ស្វាយចន្ទីសើមលក់បានតម្លៃ ៥៧០០រៀលក្នុងមួយគីឡូក្រាម។
លោក ចាន់ សៅ ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបទំរីងខេត្តកំពង់ធំ។រូបភាពពីលោក ចាន់ សៅ។
លោកបញ្ជាក់បន្ថែមទៀតថា នៅពេលកសិករបានចងក្រងជាសហគមន៍កសិកម្មទំនើបបែបនេះ ធ្វើឱ្យកសិករមានជម្រើសទីផ្សារលក់ចេញបានកាន់តែច្រើន ហើយអាចបញ្ជៀសបាននូវហានីភ័យនៃការបន្ទាបតម្លៃពីឈ្មួញ។
លោក ចាន់ សៅ៖«ខ្ញុំមើលឃើញការចងក្រងជាសហគមន៍វាល្អ បើយើងនិយាយពីធាតុចូលដែលយើងទិញជីថ្នាំបាញ់លើដំណាំស្វាយចន្ទីគេចុះឱ្យ១៥%។ហើយមួយទៀត ពេលយើងមិនបាច់បារម្ភថា ពេលផលិតបានហើយមិនដឹងយកទៅលក់នៅឯណា មិនភ័យដូចពីមុនដោយសារខាងក្រសួងកសិកម្ម និងមន្ទីរកសិកម្មជួយរកទីផ្សារទាក់ទងក្រុមហ៊ុនឱ្យ។កន្លងមកពេលមិនទាន់មានសហគមន៍ យើងលក់ឱ្យឈ្មួញកណ្តាលគឺតាមតែគាត់ថា ពេលគាត់ពេញស្តុកគាត់ ថាចុះ ពេលគាត់ចេញអស់គាត់ថាឡើង ចឹងឈ្មួញគាត់ដាក់តម្លៃឡើងចុះៗតាមតែគាត់នឹកឃើញ»។
រូបភាពថតជាអនុវស្សាវរីយ៍ក្នុងពិធីចុះកិច្ចសន្យា។រូបភាពពីក្រសួងកសិកម្ម។
សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី៤០០តោន។ កិច្ចសន្យានេះគឺជាលើកទីមួយហើយដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង ៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការចុះកិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ តាមការព្យាករណ៍របស់ក្រសួងកសិកម្ម បរិមាណគ្រាប់ស្វាយចន្ទីដែលបានចុះកិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង២០%នៃបរិមាណផលសរុបដែលសហគមន៍ទាំង ៣ គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕