ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងជាប់មាត់ទន្លេត្រូវអាជ្ញាធរនិងសមត្ថកិច្ចសហការគ្នាជួយរំកិល និងជួយរុះរើចេញ បន្ទាប់ពីច្រាំងទន្លេបន្តបាក់ស្រុត ដែលអាចបង្កគ្រោះថ្នាក់អាយុជីវិតរបស់ពលរដ្ឋ។ ផ្ទះទាំងបីខ្នងដែលរងការគម្រាមកំហែងដល់សុវត្ថិភាពនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ស្ថានភាពសណ្ឋានដីបាក់នៅមាត់ច្រាំងទន្លេនៅទន្លេបិទដែលបង្ខំឱ្យពលរដ្ឋត្រូវរើផ្ទះចេញដើម្បីសុវត្ថិភាព។រូបភាពពី ឡេក ចាន់ពេជ្រ។
ផ្អែកតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចប្រាប់សិក្ខាកាមវិទ្យុស្រ្តីនៅខេត្តកំពង់ចាមបញ្ជាក់ថា ហេតុការណ៍បាក់ស្រុតដីតាមមាត់ច្រាំងទន្លេនេះ គឺបណ្តាលមកពីស្ថានភាពទឹកទន្លេមេគង្គកំពុងហក់ឡើង ប្រការនេះបង្កឱ្យមានរលកបោកច្រាំងធ្វើឱ្យបាក់ដីចុះបន្តិចម្តងៗ។ យ៉ាងណា ការបាក់ដីតាមបណ្តោយមាត់ទន្លេបែបនេះ បើតាមអាជ្ញាធរអះអាងគឺពុំមែនមកពីការបូមខ្សាច់ទន្លេនោះទេ។
អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យស្ថានភាពដីបាក់ស្រុតនៅទីតាំងខូចខាត។រូបភាពពី ឡេក ចាន់ពេជ្រ។
ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ អភិបាលខេត្តត្បូងឃ្មុំលោក ប៉ែន កុសល្យ បានចាត់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថចុះជួយអន្តរាគមន៍ជួយរំកិលនិងជួយរុះរើជាបន្ទាន់ដើម្បីបង្ការសុវត្ថិភាពជៀសវាងបាក់ស្រុតផ្ទះចូលទឹកទន្លេជាយថាហេតុ។
ក្នុងកិច្ចការចុះអន្តរាគមន៍ជួយរំកិលនិងរុះរើជម្លៀសពលរដ្ឋចេញពីកន្លែងហានិភ័យនេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានយកគោយន្តសណ្តោងរម៉ក់មកអូសរំកិលផ្ទះពលរដ្ឋទៅតាំងនៅកន្លែងថ្មី។ ចំណែកឯផ្ទះចាស់ទ្រុឌទ្រោមវិញ អាជ្ញាធរជួយរុះរើយកទៅសង់នៅទីតាំងថ្មីសម្រួលការស្នាក់នៅជាបណ្តុះអាសន្នរបស់ពលរដ្ឋ។
សកម្មភាពអាជ្ញាធរនិងពលរដ្ឋសហការគ្នាយកគោយន្តអូសផ្ទះចេញពីកន្លែងបាក់ស្រុតដី។រូបភាពពី ឡេក ចាន់ពេជ្រ។
ទាក់ទងរឿងនេះដែរ លោក ភិន ឈុន មេឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ការជួយរុះរើនិងជួយរំកិលផ្ទះបីខ្នងខាងលើនេះ ព្រោះរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលឱ្យច្រាំងទន្លេក្នុងភូមិបានបាក់ប្រវែងជាង ២០០ម៉ែត្រ។ លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានតែងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះជាប់ជាប្រចាំ ដោយផ្តល់កិច្ចអន្តគមន៍ជួយរុះរើ ឬ រំកិលផ្ទះពលរដ្ឋចេញពីតំបន់ប្រឈម។
អាជ្ញាធរចុះមកពិនិត្យផ្ទាល់ដល់ទីតាំង។រូបភាពពី ឡេក ចាន់ពេជ្រ។
ជុំវិញរឿងនេះ លោក បូរី ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តលើកឡើងថា បញ្ហាបាក់ស្រុតដីនេះតែងតែកើតមានឡើងស្ទើររៀងរាល់រដូវទឹកជំនន់ ដោយប្រជាពលរដ្ឋដែលប្រឈមហានិភ័យត្រូវបង្ខំចិត្តបម្លាស់ទីទៅរកកន្លែងមានសុវត្ថិភាព។ លោកបន្ថែមថា សមត្ថកិច្ចតែងយកចិត្តទុកដាក់ជាប់ជាប្រចាំជួយរំកិលនិងរុះរើផ្ទះពលរដ្ឋ តែចំណោទបញ្ហាត្រង់ថា ពលរដ្ឋលំបាករកទីតាំងថ្មីព្រោះគ្មានដី និងត្រូវទិញដីក្នុងតម្លៃថ្លៃ។
ប្រជាពលរដ្ឋសហការគ្នាលើកផ្ទះដាក់លើគោយន្តដើម្បីដឹកចេញពីកន្លែងដែលប្រឈមដីបាក់ស្រុត។រូបភាពពី ឡេក ចាន់ពេជ្រ។
តាមតួលេខចុងក្រោយដែលវិទ្យុស្រ្តីទទួលបានឃើញថា ក្នុងភូមិសាស្រ្តតាមជួរមាត់ទន្លេនៃខេត្តត្បូងឃ្មុំត្រូវរងការបាក់ដីជារឿយៗដោយក្នុងនោះ កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ បានកើតឡើងនៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ មានផ្ទះពលរដ្ឋចំនួនពីរខ្នងត្រូវបង្ខំចិត្តរើចេញទាំងកណ្តាលអធ្រាត្រ។និងករណីទី២ កាលពីដើមឆ្នាំ២០២៤នេះ មានការបាក់ច្រាំងទន្លេដូចគ្នានៅចំណុចឃុំទន្លេបិទដដែរ ប៉ះពាល់ច្រាំងនិងផ្លូវបេតុងប្រវែងជាង ២០០ម៉ែត្រផងដែរ៕
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។