en     km
en     km

ភរិយាមេបក្សកម្លាំងជាតិជិតដល់ពេលសម្រាល ប៉ុន្តែតុលាការមិនទាន់កំណត់ពេលប្រកាសសាលក្រម

Share

មេធាវី រំពឹងថា តុលាការនឹងដោះលែងលោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបជុំក្រុមគ្រួសារ ខណៈភរិយាមេបក្សរូបនេះជិតដល់ថ្ងៃសម្រាលបុត្រផងដែរ។ ទោះបែបនេះក្តី ក៏សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់កំណត់ពេលប្រកាសសាលក្រមលោក ស៊ុន ចន្ធី នៅឡើយទេ ខណៈអ្នកឃ្លាំមើលរឿងនេះអះអាងថា ការធ្វើអត្ថាធិប្បាយរបស់លោក ស៊ុន ចន្ធី គ្រាន់តែជាការអនុវត្តសិទ្ធិបញ្ចេញមតិ និងរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ដោយគ្មានសកម្មភាពញុះញង់ឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

 

ក្នុងសវនាការជំនុំជម្រះលោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដែលចំណាយពេលជិត ២ម៉ោង គឺគ្មានវត្តមានមេបក្សប្រឆាំងរូបនេះចូលរួមឡើយ ប៉ុន្តែមានការចូលរួមឃ្លាំមើលដោយអង្គការសហប្រជាជាតិ(UN) ហើយកិច្ចដំណើរការនោះតុលាការ បានចាក់បញ្ចាំងវីដេអូរបស់លោក ស៊ុន ចន្ធី នៅប្រទេសជប៉ុនដោយអះអាងថា មេបក្សកម្លាំងជាតិ បានអត្ថាធិប្បាយឱ្យមានការញុះញង់។ ក៏ប៉ុន្តែមេធាវីការពារក្ដីជូនលោកលោក ស៊ុន ចន្ធី អះអាងដែលថា កូនក្ដីខ្លួនគ្រាន់តែនិយាយរិះគន់ស្ថាបនា មិនមែនជាការញុះញង់ឡើយ។

ងាកមកក្រៅបន្ទប់សវនាការវិញ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចមកពីខណ្ឌជ្រោយចង្វារប្រមាណជាង ១០នាក់ និងមន្ត្រីបក្សកម្លាំងជាតិ និងអ្នកគាំទ្រប្រមាណ ៣០នាក់ផ្សេងទៀត បានឈររង់ចាំស្ដាប់លទ្ធផលនៃសវនាការនេះផងដែរ។

លោក ស៊ុន ចន្ធី រូបភាពពីហ្វេសប៊ុក គណបក្សកម្លាំងជាតិ។

មេធាវីការពារសិទ្ធិលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី ប្រាប់វិទ្យុស្ដ្រីបន្ទាប់ពីបញ្ចប់សវនាការនេះថា ករណីលោក ស៊ុន ចន្ធី ស្ថិតក្រោមការជំនុំជម្រះរបស់ចៅក្រមលោក លិ សុខា និងលោក សេង ហៀង ជាតំណាងអយ្យការ បានបើកសវនការរឿងក្ដីលោក ចន្ធី ដែលត្រូវចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ»។ លោកបន្តថា បទចោទនេះ ពាក់ព័ន្ធនឹងលោក ចន្ធី បានទៅប្រទេសជប៉ុន ដោយនិយាយផ្សព្វផ្សាយលើបណ្ដាញសង្គមពីការចែកប័ណ្ណក្រីក្រ និងនិយាយប្រៀបធៀបស្ពានអាកាសនៅប្រទេសជប៉ុន និងស្ពានអាកាសនៅកម្ពុជា។

ក្នុងសវនាការនេះដែរ លោក ជូងី ថា មិនមានវត្តមានលោក ស៊ុន ចន្ធី ចូលរួមឡើយ ដោយហេតុផលកូនក្ដីលោក មានបញ្ហាសុខភាព និងផ្លូវឆ្ងាយពិបាកក្នុងការធ្វើដំណើរ។ ទោះបីមិនមានវត្តមានកូនក្ដីលោក តែសវនាការនេះ គឺបន្តដំណើរការជាធម្មតា ដោយតុលាការបានចាក់វីដេអូដែលលោក ចន្ធី បានជួបពលរដ្ឋខ្មែរជាអ្នកគាំទ្របក្សកម្លាំងជាតិនៅប្រទេសជប៉ុន។ ក្នុងពេលដំណើរការក្តី លោកជាមេធាវីបាននិយាយតតាំង ដោយអះអាងថា រាល់អ្វីដែលលោក ចន្ធី បាននិយាយ គឺមិនមែនជាការញុះញង់ទេ ជាការនិយាយការពិត ទាក់ទងការអភិវឌ្ឍន៍ស្ពានអាកាសនៅកម្ពុជា និងនៅប្រទសជប៉ុន គឺមានភាពរីកចម្រើនជាងកម្ពុជា។

លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក ស៊ុន ចន្ធី។WMC/Kimchanchav

លោក ជូង ជូងី៖ «សម្រាប់ខ្ញុំជាមេធាវីមើលឃើញថាអ្វីដែលលោក ស៊ុន ចន្ធី និយាយ ហើយបង្ហោះលើហ្វេសប៊ុកនោះមិនមែនជាញុះញង់ទេ តែជាការលើកឡើងនៅការពិត ហើយជាលក្ខណៈរិះគន់ក្នុងគោលបំណងចង់ឱ្យមានការកែលម្អ គាត់អត់មានចេតនាអីញុះញង់អីដូចការចោទប្រកាន់អី គឺអត់ទេបាទ!»។

ដោយឡែកលទ្ធផលនៃសវនាការនេះ លោកថា តុលាការមិនទាន់សម្រេចអ្វីទេ ដោយត្រូវរង់ចាំសាលក្រមខាងមុខ ដែលមិនទាន់មានកាលបរិច្ឆេទនៅឡើយ។ ដូច្នេះការប្រកាសសាលក្រមខាងមុខ លោកសង្ឃឹមថា តុលាការនឹងសម្រេចសេចក្ដីដោយសុភនិច្ឆ័យ។

លោក ស៊ុន ចន្ធី ត្រូវបានឃុំ​ខ្លួន​បណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង។

ងាកមកភរិយាលោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន ប្រាប់វិទ្យុស្ដ្រីដែរថា ក្នុងសវនាការជំនុំជម្រះនេះ លោក ស៊ុន ចន្ធី មិនបានមកចូលរួមនោះទេ ដោយសារមានបញ្ហាសុខភាព និងធ្វើដំណើរផ្លូវឆ្ងាយ ខណៈការមកចូលរួមសវនាការនេះ មានការដាក់ខ្នោះដៃលើស្វាមីខ្លួនស្របពេលដែលលោក ចន្ធី មិនបានប្រព្រឹត្តបទល្មើសអ្វីខុសច្បាប់ឡើយ។ ហេតុផលទាំងនេះហើយ អ្នកស្រីថា លោក ចន្ធី មិនមកចូលរួម ដោយប្រគល់សិទ្ធិទាំងស្រុងទៅមេធាវីការពារក្ដី។

អ្នកស្រីថា អំឡុងពេលស្វាមីជាប់ឃុំខ្លួនក្នុងពន្ធនាគារ អ្នកស្រីជួបប្រទះការលំបាកផ្នែកជីវភាពជាខ្លាំង ខណៈអ្នកស្រីក៏ជិតដល់ពេលសម្រាលបុត្រផងដែរ។ ដូច្នេះអ្នកស្រីមានក្ដីរំពឹងថា តុលាការនឹងមានការពិចារណាគួរតែសម្រាលទោស ហើយនិងដោះលែងលោក ចន្ធី ឱ្យនៅក្រៅឃុំ។

អ្នកស្រី យាន ស្រីយ៉ាន ភរិយាលោក ស៊ុន ចន្ធី។ WMC/Cheasokny

អ្នកស្រី យាន ស្រីយ៉ាន៖ «ខ្ញុំគ្រាន់តែសង្ឃឹងថារាជរដ្ឋាភិបាលជួយ ពិចារណាម្ដងហើយម្ដងទៀតរវាងរឿងក្ដីរបស់នាងខ្ញុំហ្នឹងគួរណាស់តែដោះលែងឱ្យគាត់មានសេរីភាពទៅ ហើយគាត់បានសុំទោសជាលាយលក្ខណអក្សររួចមកហើយ។ អ៊‌ីចឹងខ្ញុំគិតថាយើងអាចនិយាយគ្នាបានតើ កុំដល់ថ្នាក់ចាប់ ឃុំគាត់ដល់ ៦ខែជាង ហើយឥលូវវាស្របពេលដែលខ្ញុំជាគ្រួសាររបស់គាត់ ទម្ងន់ទៀត ត្រូវសម្រាលកូននៅខែក្រោយទៀត អ៊‌ីចឹងគួរណាសូមមេត្តាករុណាបើកចិត្តទៅ អ្នកនយោបាយគ្រាន់តែនិយាយរិះគន់ វាអត់មានកំហុសខុសឆ្គងអីទេ ប្រសិនជាអ្នកនយោបាយគ្រាន់តែនិយាយរិះគន់ ស្ថាបនា បើនិយាយមិនបានផងមានតែទៅដាំដំឡូងដាំអីទៅធ្វើនយោបាយគណបក្សជំទាស់ធ្វីអី»។

ទោះបីយ៉ាងណាអ្នកស្រី យ៉ាន ថា បើតុលាការមានភាពឯករាជ្យ នៅថ្ងៃប្រកាសសាលក្រមលោក ស៊ុន ចន្ធី ខាងមុខនេះ ច្បាស់ជាតុលាការ នឹងទម្លាក់ចោលបទចោទ ហើយនឹងធ្វើការដោះលែងលោក ចន្ធី ឱ្យមានសេរីភាពឡើងវិញ។

អ្នកស្រី យាន ស្រីយ៉ាន៖ «អ្វីដែលថ្ងៃហ្នឹងដែលមេធាវីខ្ញុំគាត់បានលើកឡើងការពារពេចន៍ដែលបងចន្ធីចោទទាក់ទងនឹងច្បាប់ហ្នឹង ប្រសិនកាលណានៅតែឃុំខ្លួនគាត់ទៀត ខ្ញុំគិតថាខ្ញុំអស់ជំនឿ អស់ជំនឿលែងទុកចិត្ត ហើយក៏លែងជឿទាំងអស់»។

ជុំវិញរឿងនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ បញ្ជាក់ថា បើពិនិត្យទៅលើបទល្មើស និងការចោទប្រកាន់មកលើប្រធានគណបក្សប្រឆាំងរូបនេះ គឺត្រឹមតែជាបទល្មើសមជ្ឈិម ដូច្នេះគួរតែមានការអនុញ្ញាតឱ្យនៅក្រៅឃុំ។ មួយវិញទៀត លោកថា បើពិនិត្យទៅមើលក្រមនីតិវិធីព្រហ្មទណ្ឌ ក៏មាននិយាយអំពីសិទ្ធិសេរីភាពរបស់ជនជាប់ចោទ ដែលមានន័យថា ការឃុំខ្លួនបណ្ដោះអាសន្ន លោកថា វាជាជម្រើសចុងក្រោយ ពីព្រោះបទចោទលើលោក ស៊ុន ចន្ធី មិនមែនជាបទឧក្រិដ្ឋនោះទេ។

លោក អំ សំអាត ៖ «ទាក់ទងនឹងករណីលោក ស៊ុន ចន្ធីនេះ យើងឃើញថាមានការរិះគន់ច្រើនពីសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ ហើយទាក់ទងនឹងរឿងដែលយើងសង្កេតមើលឃើញថា ការចោទប្រកាន់ និងការឃុំខ្លួននោះលោក ស៊ុន ចន្ធីនេះ វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អញ្ចឹងយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ យើងចង់ឃើញអ្នកនយោបាយទាំងអស់ ដោះស្រាយគ្នាតាមបែបសន្ទនាតាមបែបលក្ខណៈនយោបាយ ហើយរួមគ្នា ដើម្បីធ្វើការកសាងអភិវឌ្ឍប្រទេសល្អជាងធ្វើឱ្យមានបញ្ហាខ្វែងគំនិត ហើយនិងការរិះគន់ពីសហគមន៍អន្តរជាតិដូច្នេះហ្នឹងបាទ!»។

ជុំវិញករណីនេះដែរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា រាល់ការវាយតម្លៃរបស់អ្នកសង្កេតការណ៍នានា និងការអះអាងពីអ្នកឃ្លាំមើលជាតិ និងអ​ន្តរជាតិ ដែលចោទការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាជាការរឹតត្បិតលំហសេរីភាពអ្នកនយោបាយ និងធ្វើទុក្ខម្នេញទៅលើគណបក្សប្រឆាំងនោះ គឺសុទ្ធជារឿងមិនសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនោះទេ។

លោក សុខ ឥសាន៖ «ការចាប់លោក ស៊ុន ចន្ធី ឬការកាត់ទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារនេះ គឺថាវាមិនដូចអ្នកដែលវិភាគនិយាយ ឬមួយអ្នកសង្កេតការណ៍សេដ្ឋកិច្ចសង្គមអីនិយាយទេបាទ! ពីព្រោះគាត់និយាយលម្អៀងខាងនយោបាយ តែសមីខ្លួនគេទទួលស្គាល់កំហុសរបស់គេការពិតគេបានធ្វើខុសមែន អាហ្នឹងមានអ្នកណាដែលកត្តាកំណត់​ជាងសមីខ្លួនគេ ជាអ្នកក្រៅអត់មានកត្តាកំណត់លើសមីខ្លួនគេទេ»។

ប៉ុន្តែលោក រ៉ុង ឈុ​ន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និយាយដែរថា ក្នុងនាមលោក ចន្ធីជាមេបក្សប្រឆាំង តែងតែលើកឡើង និងបញ្ចេញសារ ទៅកាន់សមាជិក អ្នកគាំទ្ររបស់ខ្លួន ហើយសារទាំងនោះ គឺជាអ្វីដែលឆ្លុះបញ្ចាំងមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះក្នុងសង្គមប្រជាធិបតេយ្យ លោកថា ការរិះគន់របស់បក្សប្រឆាំង គឺមិនមែនជាអំពើខុសច្បាប់នោះទេ ពីព្រោះការរិះគន់ ជាការមើលឃើញនូវចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យមានការកែលម្អ និងធ្វើការអភិវឌ្ឍន៍។

លោក រ៉ុង ឈុន៖ «យោងតាមមតិជាតិ និងអន្តរជាតិ ករណីលោក ស៊ុន ចន្ធី ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ អាហ្នឹងបើយើងមើលទៅ ប៉ុន្តែសវនាការនៅថ្ងៃនេះ ហើយក៏មិនទាន់បានដាក់ពេលវេលាកំណត់ថានឹងប្រកាសលទ្ធផលនៅថ្ងៃណានៅឡើយ។ គ្រាន់តែមើលទៅប្រសិនជាតុលាការធ្វើការវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានត្រឹមត្រូវ មិនលម្អៀង ហើយលើវិជ្ជាជីវៈឯករាជ្យ ពេលហ្នឹងលោក ស៊ុន ចន្ធី នឹងទទួលបានសេរីភាពនៅថ្ងៃប្រកាសលទ្ធផល»។

លោក ស៊ុន ចន្ធី មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ក្រៅពីមេបក្សរូបនេះត្រូវឃុំខ្លួន ក៏មានថ្នាក់ដឹកនាំមូលដ្ឋាននៃបក្សកម្លាំងជាតិជាច្រើនរូប ត្រូវបានឃុំខ្លួនផងដែរ ក្នុងនោះមាន៖ លោក ជិន ប៊ុណ្ណារ័ត្ន មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពត លោក អ៊ុំ វីរៈរដ្ឋ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ និងលោក គា វិសាល មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ចាម៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង