សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ផ្ដើមឱ្យក្រសួង ស្ថាប័ននានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើជំរឿនមន្ត្រីរាជការក្នុងស្ថាប័នពួកគេ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ និងពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័នទាំងនោះ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ កញ្ញា កែវ សុជាតា រាយការណ៍
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងទៀតថា កាលពីជាង ១០មុន រដ្ឋាភិបាលមានការធ្វើជំរឿនមន្ត្រីរាជការនៅតាមក្រសួងនានា និងបានលុបឈ្មោះមន្ត្រីខ្មោចចេញពីក្របខ័ណ្ឌអស់ជាច្រើនពាន់នាក់ ហើយមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេច ក៏ចង់ឱ្យមានការធ្វើជំរឿនមន្ត្រីរាជការដូចកាលពីជាង ១០ឆ្នាំមុនដែរ។ សម្ដេចចង់ធ្វើជំរឿននេះឡើងវិញ ដោយមើលឃើញថា មានមន្ត្រីខ្លះ មានឈ្មោះធ្វើការនៅក្នុងបញ្ជីក្រសួងមួយហើយ ប៉ុន្តែជាក់ស្ដែងបែរជាមានឈ្មោះធ្វើការនៅក្នុងបញ្ជីក្រសួងមួយទៀត។
នៅពេលមិនដឹងចំនួនមន្ត្រីរាជការពិតប្រាកដដែលបម្រើការងារ សម្ដេចថា មានក្រសួង ស្ថាប័នខ្លះ សម្បូរធនធានមនុស្សធ្វើការ កន្លែងខ្លះទៀតខ្វះធនធានមនុស្សធ្វើការ។ ដូច្នេះនាំឱ្យអនុវត្តផែនការការងារមិនអាចទទួលបានប្រសិទ្ធភាព។
សម្ដេច ហ៊ុន ម៉ាណែត៖ «សូមឱ្យមានការរៀបចំជំរឿនមន្ត្រី ហើយរៀបចំប្រព័ន្ធឌីជីថលឱ្យច្បាស់ថា ព្រោះឥលូវយើងមានលំៗ ដល់ខែទម្លាក់ ATM ទៅមែន ប៉ុន្តែយើងអត់ពីណានៅណាទេ បើយើងអត់ដឹងថានៅណា ការស្ទាបស្ទង់មន្ត្រីក៏យើងគ្រប់គ្រងមិនបាន។ ហេតុនេះហើយបានជាយើងមានកន្លែងលើសកន្លែងខ្វះ ហើយចង់ដឹងកន្លែងលើសកន្លែងខ្វះ ចុះទៅធ្វើម្ដងទៅ។ អ៊ីចឹងចាំបាច់ត្រូវធ្វើជំរឿននេះជាជំហានបន្ទាប់ មិនទាន់ឥលូវទេយើងត្រូវកែសម្រួលអ៊ីចឹង ប៉ុន្តែសូមឱ្យក្រសួង ស្ថាប័ននីមួយៗ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗចាប់ផ្ដើមធ្វើផ្ទៃក្នុងខ្លួនឯងឱ្យហើយទៅ»។
កាលពីអំឡុងក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន អតីតនាយកមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដំណើរការធ្វើជំរឿនមន្ត្រីរាជការចំនួន ២លើក ដោយលើកទី១ នៅឆ្នាំ១៩៩៥ ជាលទ្ធផលរដ្ឋាភិបាលបានសម្រេចលុបឈ្មោះមន្ត្រីរាជការខ្មោចចេញពីក្របខ័ណ្ឌ និងពីតារាងបើកបៀវត្សរ៍បានចំនួន ១៧,៦៨៥នាក់ និងលើកទី២ នៅឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០១ សម្រេចលុបឈ្មោះបានចំនួន ៩,៨១៤នាក់។
ជុំវិញរឿងនេះ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វិទ្យុស្ដ្រីថា ជារឿងល្អដែលនាយកមន្ត្រី ចាប់ផ្ដើមឱ្យរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើជំរឿនមន្ត្រីរាជការក្នុងស្ថាប័នខ្លួនដឹកនាំ។ តែអ្វីកាន់តែល្អទៀតនោះ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខ្លួនឯង ត្រូវចាប់ផ្ដើមមានគំនិតធ្វើជំរឿននេះដោយខ្លួនឯង ព្រោះជាស្មារតីទទួលខុស មិនចាំបាច់ទាល់តែមេដឹកនាំបញ្ជានោះឡើយ។
លោកលើកឡើងថា បើសិនស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានស្មារតីធ្វើជំរឿនដោយខ្លួនឯង មិនចាំបាច់ដល់ថ្នាក់ដឹកនាំបញ្ជា នោះលទ្ធផលនៃការរកមន្ត្រី ដែលមានតែឈ្មោះយកប្រាក់ខែ តែមិនធ្វើការ នឹងរកឃើញកាន់តែច្រើន ហើយការអនុវត្តផែនការការងាររបស់ស្ថាប័នទាំងនោះ កាន់តែមានប្រសិទ្ធភាព។
លោក យង់ គិមអេង៖ «ខ្ញុំថាប្រសិនជាអាចកាត់បន្ថយមន្ត្រីដែលមានតែឈ្មោះអត់ធ្វើការបាន គឺនឹងជួយបានចំណេញថវិកាជួយជាតិដែរ កុំឱ្យរដ្ឋហ្នឹងខាតបង់ថវិកា ហើយធ្វើឱ្យប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកា ការចំណាយអីផ្សេងៗហ្នឹង កាន់តែមានប្រសិទ្ធភាពថែមទៀត»។
រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន ម៉ាណែត។
ប៉ុន្តែនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រៅពីធ្វើជំរឿនមន្ត្រីរាជការហើយ សម្ដេចតម្រូវឱ្យអាជ្ញាធរខេត្តនីមួយៗ ត្រូវដឹងពីមន្ត្រីរបស់ខ្លួនដែលបម្រើការងារ មានតួនាទីធ្វើអ្វីខ្លះ ហើយត្រូវផ្ទេរពីណាទៅណា ព្រោះនៅពេលខាងមុខនឹងធ្វើវិមជ្ឈការឱ្យទៅអាជ្ញាធរស្រុកគ្រប់គ្រង។ ដូច្នេះអភិបាលខេត្តនីមួយៗ ត្រូវគ្រប់គ្រងចំនួននេះឱ្យបានច្បាស់ ទើបធ្វើឱ្យផែនការការងារដែលសម្ដេចបញ្ជា អនុវត្តដោយប្រសិទ្ធភាព។
សម្ដេច ហ៊ុន ម៉ាណែត៖ «សូមឱ្យប្រើអស់លទ្ធភាពមន្ត្រីដែលមាន កាលវិភាគមុខងារយើងដឹងហើយថាមានប៉ុន្មានពិតប្រាកដ ហើយនៅកន្លែងណាខ្លះ ដើម្បីក្រសួងនីមួយធ្វើការវិភាគ គិតគូរបាន ពង្រាយឱ្យត្រូវលើកិច្ចការងារនេះ ចៀសវាងស្នើសុំ តើស្នើសុំមកគឺថវិកាជាតិត្រូវបន្ថែមមនុស្សហើយ អ៊ីចឹងបន្ទុកបុគ្គលិកយើងគឺអត់ថយទេ តើឡើងឱ្យមន្ត្រីប៉ុន្មានឆ្នាំ គឺចាយលើមន្ត្រីថ្មីហ្នឹងឯង នៅពេលមន្ត្រីចាស់មិនទាន់អស់លទ្ធភាព»។
យ៉ាងណាលោក យង់ គិមអេង ថា នៅពេលថ្នាក់ដឹកនាំទទួលរបាយការណ៍ជំរឿនមន្ត្រីរាជការហើយ ត្រូវតែត្រួតពិនិត្យម្ដងទៀត ហើយបើរកឃើញថាក្រសួង ឫខេត្តណា មានចេតនាលួចលាក់បន្លំចំនួនមន្ត្រីមិនបានបំពេញការងារ គួរតែចាត់វិធានការតាមផ្លូវច្បាប់ ព្រោះជាអំពើពុករលួយ។
លោក យង់ គិមអេង៖ «រាប់ចំនួនហ្នឹងឱ្យច្បាស់ ហើយគ្រប់គ្រងចំនួនហ្នឹងឱ្យច្បាស់ នៅក្នុងការធានាប្រសិទ្ធភាពរបស់ស្ថាប័ន ហើយធានាកត្តិយស កេរ្តិ៍ឈ្មោះក្នុងការគ្រប់គ្រងរបស់ខ្លួនដែរបាទ ហើយខ្ញុំមិនមានតួលេខមន្ត្រីមានតែឈ្មោះ មិនបានបំពេញការងារហ្នឹងប៉ុន្មាននោះទេ ប៉ុន្តែយើងដឹងថានៅតែមាន។ ខ្ញុំថារឿងអស់ហ្នឹងគេតែងដឹងតែងលឺតាមរយៈអ្នកដែលមានឈ្មោះតាមក្រសួង ស្ថាប័នហ្នឹងអត់ទៅធ្វើការ គេឃើញគាត់ទៅរកស៊ីអីផ្សេងទៅបាទ»។
ការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល បានធ្វើឱ្យរដ្ឋចំណេញថវិកាយ៉ាងច្រើនក្នុងមួយឆ្នាំៗ ហើយលទ្ធផលជំរឿននេះដែរ ធ្វើឱ្យធានាបានប្រសិទ្ធភាពការងារ និងគណនេយ្យភាពក្នុងរដ្ឋបាលសាធារណៈ។
ក្នុងអាណត្តិដឹកនាំដោយសម្ដេច ហ៊ុន សែន បានចេញសារាចរមួយស្ដីពីការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដោយបែងចែកប្រតិបត្តិការជំរឿនជា ៣ផ្នែក។ ផ្នែកទីមួយ ការរាប់មន្ត្រីរាជការ ដែលធ្វើឡើងជាលក្ខណៈរូបវ័ន្ត ហើយតម្រូវឱ្យមន្ត្រីរាជការមានវត្តមាននៅទីកន្លែងកំណត់ប្រតិបត្តិការជំរឿន។ ផ្នែកទីពីរ ការចែកអត្តសញ្ញាណប័ណ្ណ ដោយមន្ត្រីគ្រប់រូបដែលមានវត្តមានក្នុងពេលរាប់ នឹងទទួលបានអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការថ្មី។ និងផ្នែកទីបី ការបំពេញព័ត៌មានសម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ដោយតម្រូវឱ្យមន្ត្រីរាជការគ្រប់រូបបំពេញកម្រសំណួរដែលរៀបចំដោយគណៈកម្មការជំរឿន៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី